អាជ្ញាធរមូលដ្ឋានប្រមាណ ១០២រូបស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ និងអភិបាលកិច្ចនៅមូលដ្ឋាន

ខេត្តព្រៃវែង៖ មេឃុំ ស្មៀនឃុំ និងមេភូមិនៅក្នុងស្រុកស៊ីធរកណ្តាល​ខេត្តព្រៃវែងសរុបចំនួនប្រមាណ ១០២​​​រូប​​បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី តួនាទីនិងភារកិច្ចមេឃុំ ស្មៀនឃុំ​ និងមេភូមិ ក្នុងកិច្ចអភិវឌ្ឍន៏និងអភិបាលកិច្ចមូលដ្ឋាន​​​​​​​​​​​​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង។

តំណាងរាស្ត្រមណ្ឌលព្រៃវែងឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាល​ដែលក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលស្រុកស៊ីធរកណ្តាល​រៀបចំ​ឡើងឱកាសនេះមានគោលបំណងដើម្បី​បង្កើនសមត្ថភាពដល់រដ្ឋបាលឃុំក្នុងការលើកកម្ពស់ និងសម្របសម្រួលដល់កិច្ចអភិវឌ្ឍមូលដ្ឋាន​ និងអភិបាលកិច្ចមូលដ្ឋាន តាម​គោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយ៉ាងដូច្នេះថា៖”ការលើកកម្ពស់សមត្ថភាព​ដល់អាជ្ញាធរមូលដ្ឋាន​​​តាមរយៈ​​​​​​ការបណ្តុះ​​បណ្តាល​​​​ពិតជា​មាន​សារៈ​សំខាន់​​ណាស់​ ដើម្បីឱ្យគាត់បានយល់ដឹងច្បាស់​អំពី តួនាទី ភារកិច្ច មុខងារ និងធនធាន​ដែលគាត់មាន។ កាលណា​គាត់យល់ដឹងនោះ​ គាត់អាចផ្តល់សេវា និងឆ្លើយតប​នឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាន​កាន់តែប្រសើរ”​។​

នៅក្នុងឱកាសវគ្គបណ្តុះបណ្តាល​ដែលប្រព្រឹត្តឡើងរយៈពេលមួយថ្ងៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នាសាលប្រជុំរដ្ឋបាលស្រុកស៊ីធរកណ្តាលនេះ សិក្ខាកាមទាំងអស់​ពិតជា​បានចាប់អារម្មណ៍យ៉ាងខ្លាំងដោយបានអង្គុយយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាបទបង្ហាញ​អំពី តួនាទី និងភារកិច្ចរបស់មេឃុំ ស្មៀនឃុំ និងភូមិដែលឧទ្ទេសនាម​ដោយឯកឧត្តម យិន មាលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។

ជាមួយគ្នាដែរ សិក្ខាកាមបានលើកសំណួរសួរទៅកាន់វាគ្មិន និងតំណាងរាស្ត្រអំពី ការកសាងដីកា និងការរៀបចំវេទិការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ​​​ក្នុងមូលដ្ឋាន។ ជាការឆ្លើយតបនឹងសំណួររបស់សិក្ខាកាម ឯកឧត្តម ជាម បេអ៉ា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងឯកឧត្តម យិន មាលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មក្រសួងមហាផ្ទៃបានជួយ​បកស្រាយ​បញ្ជាក់បន្ថែមនិងលើកយកឧទាហរណ៍ជាក់ស្តែងជូនពួកគាត់ ដើម្បីឱ្យការអនុវត្តតាមគោលការណ៍​អភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យកាន់តែធានាបាន​នូវការលើក​កម្ពស់​។

សូមជម្រាបជូនថា ស្រុកស៊ីធរកណ្ដាលមានឃុំចំនួន១១ រួមមាន ឃុំព្រៃដើមថ្នឹង អំពិលក្រៅ ជ្រៃឃ្មុំ ល្វេ ព្នៅទី១ ព្នៅទី២ ពោធិ៍ទី ព្រែកចង្ក្រាន ព្រៃទឹង រំលេច និងឃុំឫស្សីសាញ់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់