សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអនុវត្តគម្រោង លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អង្គការ រ៉ាឆា បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាថ្នាក់ខេត្តផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង “លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព” នៅសណ្ឋាគារហូលីដេ ខេត្តបាត់ដំបង។

ការរៀបចំសិក្ខាសាលានេះមានគោលបំណង៖

  1. ផ្សព្វផ្សាយលទ្ធផង និងចែករំលែកមេរៀន បទពិសោធន៍នៃការអនុវត្តគម្រោង “លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព” ឆ្នាំ២០១៤ ដល់២០១៨
  2. បង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពការងាររបស់ក្រុមទ្រទ្រង់សុខភាពភូមិនៅរដ្ឋបាលឃុំ និងការវិភាជមូលនិធិឃុំ សង្កាត់ សម្រាប់អនុវត្តសកម្មភាពសុខភាពសហគមន៍។
  3. ពិភាក្សាជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកអនុសាសន៍សម្រាប់បន្តអនុវត្តសកម្មភាព សុខភាពសហគមន៍ និងនិរន្តរភាពនៃក្រុមទ្រទ្រង់សុខភាពភូមិក្រោយពេគម្រោងបានបញ្ចប់។
  4. ជម្រាបជូនអំពីការបន្តអនុវត្តការងារគណនេយ្យភាពសង្គមរបស់អង្គការរ៉ាឆា ឆ្នាំ២០១៨

អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះរួមមានតំណាងមកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន លេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលរងខេត្តបាត់ដំបង ប្រធាន អនុប្រធាន និងមន្ត្រីចំណុះឱ្យមន្ទីរ និងការិយាល័យពាក់ព័ន្ធរបស់ខេត្តបាត់ដំបង អង្គការដៃគូ ម្ចាស់ជំនួយ និងអង្គការរ៉ាឆាសរុបជាង៥០រូប។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហឿន សុគន្ឋ​ អភិបាលរងខេត្តបាត់ដំបង មានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការ រ៉ាឆា ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលចំណុះខេត្តបាត់ដំបងទាំងមូលដែលបានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគម្រោង “លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព” ឱ្យទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កានៅពេលនេះ។ តាមរយៈលទ្ធផលនៃការអនុវត្តគម្រោងនេះ ឯកឧត្តមបានមានប្រសាសន៍ថា “អាជ្ញាធរ និងដៃគូពាក់ព័ន្ធទាំងអស់នឹងពិភាក្សាគ្នាអំពីគោលការណ៍ក្នុងការអនុវត្តជំហានបន្ទាប់ក្នុងការបន្តកែលម្អសកម្មភាព សុខភាពសហគមន៍ រួមមានសុខភាពមាតា ទារក កុមារ និងសុខភាពបន្តពូជ និងការងាររបេងសហគមន៍ផងដែរ”។ ឯកឧត្តមបានបន្ថែមថា ការងារទាំងអស់នេះអាចពង្រឹងទៅបានក៏ត្រូវមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងកម្លាំងកាយ កម្លាំងចិត្ត ជាពិសេសអាជ្ញាធរឃុំ សង្កាត់ គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ ក្នុងការលើកផែនការធ្វើឱ្យមានចីរភាព និងកៀរគរក្រុមទ្រទ្រង់សុខភាពភូមិ។

ទាក់ទងទៅនឹងការងារគណនេយ្យភាពសង្គមវិញ ឯកឧត្តម ជាម ប៉េអា​ អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងនៅក្នុងអង្គសិក្ខាសាលានេះថា ការងារគណនេយ្យភាបសង្គមគឺជាផ្នែកមួយនៃអភិបាលកិច្ចល្អរបស់កម្មវិធីជាតិ១០ឆ្នាំ (២០១០ដល់២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា “ក្នុងរយៈពេលកន្លងមកនេះ ការពង្រឹងគណនេយ្យភាពក្នុងក្របខ័ណ្ឌនៃកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានផ្តោតសំខាន់ទៅលើគណនេយ្យភាពផ្នែកនយោបាយ និងគណនេយ្យភាពផ្នែករដ្ឋបាល។ ដោយឡែក គណនេយ្យភាពសង្គមគឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ឬគណនេយ្យភាពរវាងក្រុមប្រឹក្សាជាប់ឆ្នោតជាមួយប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យខ្លួន…ត្រូវបានអនុវត្តដោយផ្អែកតាមផែនការយុទ្ធសាស្ត្រស្តីពីគណនេយ្យភាពសង្គម”។

ការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្តជាពីរផ្នែកគឺផ្នែកផ្គត់ផ្គង់ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកតម្រូវការដែលអនុវត្តដោយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ កន្លងមក ការងារនេះត្រូវបានអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១៨ ដែលមានស្រុកគោលដៅចំនួន៩៨ ផ្តោតលើសេវារដ្ឋបាលឃុំចំនួន៨២៧ សេវាមណ្ឌលសុខភាពចំនួន៦០៥ និងសាលាបឋមសិក្សាចំនួន៤.១០៨ ក្នុងការផ្តល់ព័ត៌មានអំពីស្តង់ដារការបំពេញការងារ និងព័ត៌មានថវិកា។ ដោយឡែក នៅខេត្តបាត់ដំបងគណនេយ្យភាពសង្គមផ្នែកផ្គត់ផ្គង់ត្រូវបានអនុវត្តលើស្រុកគោលដៅចំនួន១១ ឃុំចំនួន៨២ សាលាបឋមសិក្សាចំនួន៥១៣ និងមណ្ឌលសុខភាពចំនួន៦៣។

សារៈប្រយោជន៍នៃការរៀបចំ និងការអនុវត្តការងារគណនេយ្យភាពសង្គមរួមមាន៖

  • ផ្តល់សេវាកៀកជិតប្រជាពលរដ្ឋ
  • សមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋ និងតំណាងនានារបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់កាន់តែប្រសើរ ដើម្បីបន្តចូលរួមផ្តល់យោបល់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។
  • ការផ្តល់សេវា និងការបែងចែកធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលក្ខណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។
  • សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋទាំងឡាយជាពិសេសស្ត្រី និងយុវវ័យ ដែលជាតួអង្គសំខាន់ក្នុងការរួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរ និងត្រូវបានលើកកម្ពស់សិទ្ធអំណាចរបស់ខ្លួនតាមរយៈការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនឡើងអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ជួយជំរុញ និងរួមចំណែកការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

គម្រោង “លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព” ត្រូវបានអនុវត្តដោយផ្តោតជាសំខាន់ទៅលើសុខភាពមាតា និងទារក ការកាត់បន្ថយ និងការព្យាបាលជំងឺរបេងសហគមន៍ និងការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តគោលដៅចំនួន៦រួមមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តប៉ៃលិន។ គម្រោងនេះទទួលបានការគាំទ្រថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) អនុវត្តដោយអង្គការ រ៉ាឆា និងដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល លេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គការដៃគូមួយចំនួនទៀត។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់