ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ​​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​​បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង​​អនុក្រឹត្យស្តីពី​​ការបង្កើតការិយាល័យ​​ចំណុះនានា និងមុខងារ​របស់រដ្ឋបាល​​ក្រុង ស្រុក​​

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩​នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំកា​រ​ក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក​សិក្ខា​សាលា​ពិគ្រោះ​​យោបល់​លើ​សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតការិយាល័យចំណុះនានា ​និងមុខងារ​របស់​រដ្ឋបាល​ក្រុង ស្រុក ដោយមានសមាសភាពចូលរួមពីតំណាង​ក្រសួង ស្ថាប័ន នៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោម​ជាតិ តំណាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​​​យោ​បល់ ដៃគូអភិវឌ្ឍន៍ (ADB, GIZ-DAR, UNICEF,WB, Konrad Adenauer, SDC និងUNDP) និងអង្គការសង្គមស៊ីវិល​សរុប​​ចំនួន​​​​ប្រមាណ ៣៥៧រូប នៅក្នុងសាលប្រជុំក្រសួងមហាផ្ទៃ។

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោម​ជាតិ​​​ (គ.ជ.អ.ប) សហការជាមួយក្រសួងមហាផ្ទៃរៀបចំសិក្ខាសាលានេះ​ឡើង​​​​​ក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់​ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានាបន្ថែមទៀតស​ម្រាប់​ការកែលម្អខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការ​បង្កើត​ការិយាល័យចំណុះនានា ​និងមុខងាររបស់រដ្ឋបាល​ក្រុង ស្រុកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនពេលដាក់ឆ្លង​​​កិច្ចប្រជុំ គ.ជ.អ.ប និងបញ្ជូនទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។

មានប្រសាសន៍បើកពិធីសិក្ខាសាលានេះ ក្នុងនាម សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន គ.ជ.អ.ប. និងក្នុងនាមខ្លួនឯកឧត្តម​ផ្ទាល់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការក្រសួងមហាផ្ទៃ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រីទាំងអស់ដែល​បានអញ្ជើញមកចូលរួមសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំក្រសួងមហាផ្ទៃក៏​បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួម​យ៉ាង​សកម្មរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ទាំង​អស់ ទាំងក្នុងស្ថាប័នរដ្ឋ  និងស្ថាប័នមិនមែនរដ្ឋ រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងផ្នែក​ឯកជន ក្នុង​កិច្ច​ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឱ្យកម្មវិធីកំណែ​ទម្រង់​​នេះមានការវិវឌ្ឍទៅមុខជាបន្តបន្ទាប់ ស្រប​តាមផែនការដែលបានកំណត់។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍រម្លឹកថា​ ការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយ​វិមជ្ឈការ និង​វិសហ​​មជ្ឈការ ឬហៅថា “កំណែទម្រង់ការអភិវឌ្ឍតាម​បែប​ប្រជា​ធិបតេយ្យនៅថ្នាក់ក្រោមជាតិ” គឺជាឆន្ទៈផ្នែក​នយោ​បាយ ដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលវែង។ ក្នុងក្របខណ្ឌនៃការលើកកម្ពស់អភិបាលកិច្ច រាជរដ្ឋា​ភិ​បាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលដ៏សំខាន់មួយក្នុង​ចំណោម​កំណែទម្រង់ស្នូលផ្សេងទៀត រួមមាន​កំណែ​ទម្រង់​រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រចតុកោណ​តាមដំណាក់​កាលនីមួយៗរបស់ រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាល​បាន​តម្កល់ឆន្ទៈផ្នែកនយោបាយសម្រាប់រយៈពេលវែង​ក្នុងការ​​​​អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនេះ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន ៣គឺ៖

ទីមួយ៖ ដើម្បីពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ស្របតាម​ស្មារតីនៃ​រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំបង្កើតនូវ​ក្រុមប្រឹក្សា​នៃរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ​ការបោះឆ្នោតដោយសកល និងអសកល ដើម្បីពង្រឹង និងពង្រីក​ភាពជាតំណាង និងការចូលរួមរបស់​ប្រជាពលរដ្ឋ​ទាំងក្នុងការផ្តល់​សេវា ការអភិវឌ្ឍមូលដ្ឋាន និងការរក្សាបាននូវ​សន្តិភាព ស្ថេរភាព​នយោ​បាយ​​ផ្អែកលើបរិបទ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោម​ជាតិ ដែលជាប់ឆ្នោតតាម​បែបប្រជាធិបតេយ្យ គឺជាតំណាង​ឱ្យសម្លេង និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ​ តាមរយៈក្រុម​ប្រឹក្សានៃរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ ប្រជាពលរដ្ឋ​ក្លាយជា​តួអង្គ​ដ៏​សំខាន់ និងមាន​​ឥទ្ធិ​ព​លទៅលើការធ្វើ​សេចក្តី​សម្រេចចិត្តក្នុងការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់ធនធាន​សាធារណៈ ដើម្បីលើកកម្ពស់​ជីវភាពរស់នៅ​របស់ខ្លួន តាមរយៈ​ការចូលរួម​កំណត់​នូវ​តម្រូវការ និងដំណោះស្រាយនានាផ្អែកតាមស្ថានភាពជាក់​ស្តែងនៅ​តាមមូលដ្ឋាន​នីមួយៗ និងការតាមដាន ត្រួតពិនិត្យលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានទាំងនោះ​ផងដែរ។

ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍសេដ្ឋកិច្ច​មូលដ្ឋាន។ ការធ្វើ​វិមជ្ឈការ​ គឺដើម្បីផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅ​ឱ្យ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់គ្រង ចាត់ចែង និងអនុវត្តសម្រាប់ការផ្តល់​សេវា និង​ការ​អភិវឌ្ឍ​​មូលដ្ឋាន។ ប្រការនេះបានធ្វើឱ្យរដ្ឋបាល​ថ្នាក់ក្រោម​ជាតិដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាព និងការ​ទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវា និងការ​អភិវឌ្ឍ​សេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់​ស្តែងរបស់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ​យ៉ាង​ទាន់​ពេលវេលា និង​ ​ប្រកបដោយ​គុណភាព ​ប្រសិទ្ធភាព និងគណនេយ្យភាព។

ទីបី៖ ដើម្បីបង្កើនការ​កៀរគរ​ធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍ​នៅមូលដ្ឋាន។ ក្រៅពីការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធាន​ទៅ​​​​ឱ្យរដ្ឋបាល មូលដ្ឋាន ការធ្វើ​វិមជ្ឈការតាមបែប​ប្រជាធិបតេយ្យក៏​ជំរុញឱ្យមានការប្រា​ស្រ័យទាក់ទងកាន់តែសកម្មរវាងរដ្ឋបាលមូលដ្ឋាន​ជាមួយសហគមន៍ និងប្រជា​​ពល​រដ្ឋ​នៅតាមមូលដ្ឋាននីមួយៗ។ ប្រការនេះបង្កលក្ខណៈងាយស្រួលដល់សហគមន៍ និងប្រជាពលរដ្ឋក្នុងការ​ចូលរួម​ក្នុងកិច្ចដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋបាល​មូលដ្ឋាន ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់​រដ្ឋបាល​​មូលដ្ឋានក្នុងការប្រមូលផ្តុំ​នូវ​គំនិត​ផ្តួចផ្តើម​ដ៏​សម្បូរណ៍​បែប​នៅតាម​​មូលដ្ឋាន និងការ​កៀរគរ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ទាំងក្នុងការចូលរួម​មតិយោបល់ និង​ធនធាន​នានាសម្រាប់ការអភិវឌ្ឍ​នៅតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ជារួមយ៉ាងដូច្នេះថា៖”ការធ្វើ​វិមជ្ឈការ​នៅកម្ពុជា គឺដើម្បី​បង្កើត​​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ការលើកកម្ពស់​ការផ្តល់​សេវា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវ​ការជាក់ស្តែង​របស់​ប្រជាពលរដ្ឋ សំដៅ​លើកស្ទួយ​គុណ​ភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម”។

បន្ថែមលើសពីនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងអំពី​ការអនុវត្តកម្មវិធីកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង​ផែន​ការ​អនុវត្តតាមដំណាក់កាលនីមួយៗនៃកម្មវិធីជាតិ (ផអ៣ទី១៖២០១១-២០១៤, ផអ៣ទី២៖​២០១៥-២០១៧​ និងផអ៣ទី៣៖​២០១៨-២០២០) ដោយបានសម្រេចនូវលទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើន។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាន៍បញ្ជាក់ថា មូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រង​ការអភិវឌ្ឍតាមបែប​ប្រជា​ធិប​តេយ្យ​នៅថ្នាក់ក្រោមជាតិត្រូវបានបង្កើត និងដាក់ឱ្យអនុវត្តនៅ​តាមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុង​នោះ​រួមមាន បែបបទ និងនីតិវិធីបំពេញការងារ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធកសាងផែនការ ប្រព័ន្ធ​គ្រប់គ្រងធនធាន​មនុស្ស ប្រព័ន្ធ​ទំនាក់​ទំនងការងារលក្ខណៈអន្តររដ្ឋបាល យន្តការផ្តល់សេវាតាម​ច្រកចេញចូល​តែមួយ យន្តការទទួល និងដោះស្រាយបណ្តឹងតវ៉ារបស់​ប្រជាពលរដ្ឋ ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និង​របាយការណ៍ ជាដើម កំពុងត្រូវបានអនុវត្ត និងកែលម្អជាបណ្តើរៗ។  ជាមួយគ្នានេះ យុទ្ធសាស្ត្រពាក់ព័ន្ធនឹង​ការងារ​គណនេយ្យភាពសង្គម ការលើកកម្ពស់សមភាពយេនឌ័រ   បរិយាប័ន្ន និងសមធម៌សង្គម​ក៏កំពុងត្រូវបានបញ្រ្ជាប​ឱ្យកាន់​តែ​ស៊ីជម្រៅទៅក្នុងរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធី​បំពេញការងារ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ក្របខណ្ឌ​គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធនឹងការផ្ទេរមុខងារ​ទៅឱ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិ ក៏ត្រូវបាន​ដាក់ឱ្យអនុវត្ត ដែលក្នុងនោះ មុខងារមួយចំនួនក៏ត្រូវបានផ្ទេរជាបណ្តើរៗទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ទាំងក្នុងបែបផែននៃការប្រគល់ និងការធ្វើប្រតិភូកម្មក្នុង​លក្ខណៈ​ជាការអនុវត្តសាកល្បងផងដែរ​។ បុគ្គលិកក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃចំនួនប្រមាណ ៦.២០០នាក់ដែលកំពុង​បំពេញ​ការងារ​នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ ត្រូវបានផ្ទេរ​ទៅស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងក្របខណ្ឌនៃវិមជ្ឈការហិរញ្ញវត្ថុ មូលនិធិ​ឃុំ សង្កាត់ និងមូលនិធិក្រុង ស្រុកត្រូវបាន​បង្កើត​ និងបង្កើនទំហំជាបន្តបន្ទាប់ ផ្អែកតាមកំណើនចំណូល​ចរន្តនៃថវិកាជាតិ។ ក្រៅពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នឹង​ទទួលបាន​នូវធន​ធានកាន់តែច្រើនបន្ថែមទៀតពីចំណូលចែករំលែកសារពើពន្ធ និងមិនមែនសារពើពន្ធពី​រដ្ឋបាល​រាជធានី ខេត្ត និងពីមូលនិធិវិនិយោគ​របស់រដ្ឋបាលថ្នាក់​ក្រោ​ម​ជាតិ​។ ដោយឡែក សកម្មភាពជាច្រើននៃការ​អភិវឌ្ឍសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានអនុវត្តដោយផ្អែកតាមតម្រូវ​ការជាក់ស្តែង ដើម្បីគាំទ្រដល់​ការវិវឌ្ឍផ្លាស់​ប្តូរនៃកិច្ចដំណើរការកំណែទម្រង់ដូចបានរៀបរាប់ខាងលើ។

លើសពីនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍​បញ្ជាក់ទៅ​កាន់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្នុងអង្គ​សិក្ខាសាលាបន្ថែមថា ទោះបីយើង​សម្រេចបាន​នូវសមិទ្ធផល​ជាមូលដ្ឋាន​ធំៗជាច្រើន ដូចបានរៀបរាប់ខាងលើក្តី ក៏នៅក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យើងនៅមានកិច្ចការជាអាទិភាពជាច្រើនផ្សេងទៀតដែលត្រូវបន្តអនុវត្ត។ ជាក់ស្តែង សិក្ខាសាលានាពេលនេះ គឺជាការជួបជុំគ្នាក្នុង​ចំណោមអ្នក​ពាក់ព័ន្ធ​នានា ដែលជាតំណាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោម​ជាតិ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិគ្រោះ ពិភាក្សា និងផ្តល់​យោបល់​​លើការរៀប​ចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ យើងនឹងពិគ្រោះ ពិភាក្សា និងផ្តល់យោបល់អំពីការកែសម្រួលរចនា​សម្ព័ន្ធគ្រប់គ្រង​​​របស់រដ្ឋបាលក្រុង ស្រុក ក្នុងគោល​បំណង​រៀបចំឱ្យរដ្ឋបាល​ក្រុង ស្រុកក្លាយជារដ្ឋបាលមូលដ្ឋានដ៏មានសក្តានុពល និងមានលទ្ធភាព​ទទួល​ខុស​ត្រូវ​យ៉ាង​ពេញ​លេញក្នុងការផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ កិច្ចការនេះ បានទទួល​ការ​ឯកភាពជាគោលការណ៍ពីប្រមុខ​រាជរដ្ឋាភិបាលនា​ឆ្នាំ២០១៦ ដោយតម្រួវឱ្យមានការសិក្សាស្រាវ​ជ្រាវ ដើម្បីកំណត់អំពីបញ្ហាប្រឈម និងជម្រើសនានាសម្រាប់ការកែលម្អស្ថានភាព​នៃការគ្រប់គ្រងការ​អនុវត្ត​ការងារ​នៅ​ថ្នាក់​ក្រុង ស្រុក។ ក្នុងអំឡុងពេលជាង៣ឆ្នាំកន្លងមកនេះ លេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៣ រួមមាន កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់រដ្ឋបាល​សាធារណៈ និងកំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈបានរៀបចំការសិក្សាស្រាវជ្រាវទាំងទៅលើក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពនៃការ​អនុវត្តការងារ​​ជាក់ស្តែងនៅតាមបណ្តាក្រុង ស្រុកមួយចំនួន ព្រមទាំងបានរៀបចំរបាយការណ៍ និងធ្វើសេចក្តី​រាយការណ៍ជូន គ.ជ.អ.ប. និងប្រមុខរាជរដ្ឋាភិបាលអំពី​លទ្ធផល​នៃការ​​សិក្សា ស្រាវជ្រាវនេះផងដែរ។

ពាក់ព័ន្ធនឹងការងារនេះ ក្នុងនាម​ក្រសួងមហាផ្ទៃ និងក្នុងនាម គ.ជ.អ.ប. ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ក្រសួង​មហាផ្ទៃបានមានប្រសាសន៍ស្នើឱ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រើប្រាស់ឱកាសនេះក្នុងការផ្លាស់ប្តូរ​មតិយោបល់ ឱ្យបានផុលផុស និងផ្តល់ធាតុ​ចូលឱ្យ​បាន​ច្រើន ជាពិសេសទៅលើ​ការរៀបចំ​បង្កើតការិយាល័យ​នានា​​ចំណុះ​ឱ្យរដ្ឋបាលក្រុង ស្រុក និងមុខងារតាមវិស័យនានាដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក តាមរយៈការធ្វើ​សមាហរណកម្មការិយាល័យ​ជំនាញតាម​​​វិស័យទាំងនោះចូលទៅក្នុងរចនាសម្ព័ន្ធគ្រប់​គ្រងរបស់រដ្ឋបាលក្រុង ស្រុក។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃមានប្រសាសន៍ថ្លែង​អំណរ​គុណយ៉ាងជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្តម​ លោក​ជំទាវ អស់លោក លោកស្រី​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏មាន​តម្លៃ​ ​ដើម្បីចូលរួម​សិក្ខា​សាលាពិគ្រោះយោបល់រយៈពេល១ថ្ងៃកន្លះនេះ គឺនៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៩ និងសូម​ជូនពរឯកឧត្ដម លោកជំទាវ អស់​លោក​ លោកស្រី និងអង្គសិក្ខាសាលាទាំងមូលទទួលបានលទ្ធផលជាផ្លែផ្កា និងប្រកាសបើក​សិក្ខាសាលាចាប់ពីពេលនេះតទៅ៕

សូមទាញយកសុន្ទរកថា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ​សេចក្តីព្រាង​អនុក្រឹត្យស្តីពី​ការបង្កើត​ការិយាល័យចំណុះនានា និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក តាមរយៈតំណភ្ជាប់ខាងក្រោម៖ http://ncdd.gov.kh/wp-content/uploads/2019/04/Draft-opening-Speech-of-SST-19-April-2019.pdf

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់