រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ ថាមពលដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច

សិក្ខាសាលាថ្នាក់ជាតិស្ដីពី « ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក្នុងការរៀបចំផែនការវិស័យថាមពលនៅកម្ពុជា » ត្រូវបានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង មានការចូលរួមពីលោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB )នៅកម្ពុជា ព្រមទាំងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ជាច្រើនរូបទៀត។

ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ចំពោះកម្ពុជាក្នុងការរៀបចំនូវគោលនយោបាយអំពីសុវត្ថិភាពថាមពល។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា « ទោះបីជាក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព មិនមែនជាស្ថាប័នទទួលបន្ទុកដោយផ្ទាល់លើថាមពលក៏ដោយ ប៉ុន្តែនេះគឺជាការចូលរួមរបស់ក្រសួងក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពក្នុងការអភិវឌ្ឍជាតិរបស់យើង » ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបាន    ប្តេជ្ញាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ ឆ្ឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍តាមរយៈការបន្តទ្រទ្រង់កំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ បានបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន រួមទាំងការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រឹងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះរួមទាំងការលើកទឹកចិត្ត និងបង្កើនការវិនិយោគលើថាមពលស្អាត និង ថាមពលកកើតឡើងវិញ ពិសេសថាមពលពន្លឺព្រះអាទិត្យ ទន្ទឹមនឹងការកាត់បន្ថយការផលិតថាមពលពីប្រភពមិនស្អាតដើម្បីធានាសន្តិសុខថាមពលរយៈពេលវែង។

ឯកឧត្តមរដ្ឋមន្ត្រីក៏ បានស្នើដល់មន្ត្រីជំនាញជាតិនិងអន្តរជាតិពិភាក្សានិងគិតគូរវាយតម្លៃជាយុទ្ធសាស្ត្រថា កម្ពុជាត្រូវជ្រើសរើសប្រភពថាមពលអ្វីដើម្បីប្រើប្រាស់សម្រាប់ថ្ងៃអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ថាមពលបានដើរតួនាទីសំខាន់នៅក្នុងគាំទ្រលើកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា «ការគូសវាស និងគិតគូររបស់យើងនៅពេលនេះនឹងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយរាប់រយជំនាន់ ហើយកម្ពុជានឹងក្តាប់មកវិញនូវមោទនភាពជាតិ គុណភាពនិងនិរន្តរភាពបរិស្ថានត្រូវបានធានា »។

លោកស្រី Sunniya Durrani-Jamal មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ ADB ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បណ្តាប្រទេសសមាជិក ដើម្បីដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ និង និរន្តរភាពបរិ ស្ថានក្នុងតំបន់។ លោកស្រីជឿជាក់ថា មន្ត្រីជំនាញជាតិនិងអន្តរជាតិនឹងផ្លាស់ប្តូរបទពិសោ ធន៍ ក៏ដូចជាចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក ទាក់ទងនឹងប្រធានបទ « ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក្នុងការរៀបចំផែនការវិស័យថាមពលនៅកម្ពុជា »។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ០៣ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវសម្រេចឱ្យបាននូវគោលបំណង នៃការលើកកម្ពស់ការ យល់ដឹង ក៏ដូចជាការៀប ចំផែនការផ្សព្វផ្សាយ និងអនុវត្តន៍ការងារវាយតម្លៃបរិស្ថាន ជាយុទ្ធសាស្រ្តនៅតាមវិស័យពាក់ព័ន្ធនីមួយៗ ៕

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់