សម្តេចក្រឡាហោម ស ខេង បញ្ជាក់ជំហរដល់ភាគីអាល្លឺម៉ង់ ​​ថា កម្ពុជាខិត​​ខំបន្តពង្រឹងអនុវត្ត​​ការងារ​​កំណែ​​ទម្រង់​​រដ្ឋបាល​​ថ្នាក់ក្រោមជាតិ​​ឲ្យ​​កា​ន់​​​​​តែ​​​​​មានប្រសិទ្ធិ​​ភាព

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីជំហរថា កម្ពុជាខិតខំបន្តពង្រឹងអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធិភាព និងទទួលបានជោគជ័យនាពេលខាងមុខ ដើម្បីធ្វើយ៉ាងណាអោយវិស័យនេះស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

ការបញ្ជាក់ជំហររបស់សម្តេចក្រឡាហោមនេះ ធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច​ នៃប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា ក្រសួងមហាផ្ទៃកំពុងអនុវត្តលើកិច្ចការសំខាន់ពីររួមមាន អភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកន្លងមកបើទោះបីជាកិច្ចការការងារនេះមានឧបសគ្គមួយចំនួន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ នូវតែបន្តប្ដេជ្ញាចិត្តដោះស្រាយបញ្ហាធ្វើឲ្យបានជោគជ័យ​ ។ នេះបើតាមការបញ្ជាក់អោយដឹងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោមមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពដល់មន្រ្តីថ្នាក់ឃុំសង្កាត់ ដើម្បីមានលទ្ធភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ តាម​យៈការបង្កើនថវិកាប្រចាំឆ្នាំជាបន្តបន្តាប់ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានកំណត់រួចមកហើយ។ សម្ដេច ក៏បានមានប្រសាសន៍ដែរថា ក្រសួងមហាផ្ទៃ ខិតខំពង្រីកបន្ថែមនូវការិយាល័យច្រកចេញចូលតែមួយ ដែលបច្ចុប្បន្ននេះ បាននឹងកំពុងដំណើរការនៅគ្រប់រាជធានី-ខេត្តប្រមាណជាង៥០កន្លែងរួចហើយ ដើម្បីពង្រឹងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព​ ។ សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់បន្ថែមថារាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាស្ថាប័នអនុវត្តផ្ទាល់ កំពុងធ្វើកំណែទម្រង់រដ្ឋបាលក្រុងស្រុកខណ្ឌ ដែលនេះជាគន្លឹះមួយយ៉ាងសំខាន់នាំឲ្យការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែទទួលបានជោគជ័យ។

ជាមួយគ្នានោះដែរ ឯកឧត្តម Norbert BARTHLE សមាជិកសហព័ន្ធ និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការអាល្លឺម៉ង់ បានកោតសរសើរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង ដោយកត់សំគាល់ឃើញថាបានដឹកនាំអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យជាបន្តបន្ទាប់ និងបានដាក់ចេញទិសដៅប្រកបដោយភាពជឿជាក់។ ឯកឧត្តម បានសន្យាជួយធ្វើការ កំណែទម្រង់ដល់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងបញ្ហាមួយចំនួនទៀតដើម្បីឲ្យប្រជាជន ក៏ដូចជាប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ថែមទៀ​តផងដែរ៕

រូបថត និងអត្ថបទដោយ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់