ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ធ្វើបាឋកថាស្តីពី បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ធ្វើបាឋកថាស្តីពី បញ្ហាប្រឈមនិងកាលានុវត្តភាពសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌដល់ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី ខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌចំនួន ៣០០រូប នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

នៅក្នុងឱកាសបទបាឋកថា ស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍លើកបង្ហាញពីបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗ រួមមាន សាវតារ និងការប្រៀបរវាងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ មុន និងក្រោយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឆ្នាំ២០០៩, គោលបំណងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, បញ្ហាប្រឈម, កាលានុវត្តភាព, និងសេចក្តីសន្និដ្ឋានសម្រាប់ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែល​ជា​រដ្ឋបាលមានសក្តានុពល​​​ក្នុងការផ្តល់​សេវាសាធារណៈ និងការអភិវឌ្ឍ​មូលដ្ឋាន​​ប្រកបដោយ​ប្រសិទ្ធភាព និងចរីភាព​ ស្របតាមគោលការណ៍​នៃ​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី​ដែលមានវត្តមានអញ្ជើញចូលរួមក្នុងវេទិកាថា ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​​​រដ្ឋបាល​ត្រូវបានរៀបចំឡើងវិញតាមគោលការណ៍នៃរដ្ឋបាលឯកភាព គឺដើម្បី​​​លើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈជូនប្រជាជនដែលជាម្ចាស់របស់អាជ្ញាធរឱ្យកាន់តែប្រសើរ និងធ្វើឱ្យមានការ​អភិវឌ្ឍន៍​មូលដ្ឋានតាមបែបប្រជាធិបតេយ្យ​ប្រកបដោយចីរភាព។ ជាថ្មីម្តងទៀត ឯកឧត្តមក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើ​គោល​ការណ៍អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនោះ រួមមាន ភាពជាតំណាង​សាធារណៈ ស្វ័យភាពក្នុងក្របខ័ណ្ឌ​​រដ្ឋបាលសាធារណៈ ការបើកឲ្យមានការពិគ្រោះយោបល់ និងការចូលរួមពីសំណាក់​ប្រជាជន ការលើកកម្ពស់គុណភាពជីវិត និងជីវភាព​របស់ប្រជាជននៅមូលដ្ឋាន ការលើកកម្ពស់សមធម៌ តម្លាភាព សុចរិតភាព និងការប្រឆាំងអំពើពុករលួយ។

ជាទីបញ្ចប់នៃបាឋកថា ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានផ្តាំផ្ញើ និងណែនាំឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាល និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវប្រកាន់ភ្ជាប់នូវភាពជាអ្នកដឹកនាំជានិច្ច។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា អ្នកដឹកនាំមិនចេះគ្រប់រឿងទាំងអស់នោះទេ ដូច្នេះអ្នកដឹកនាំត្រូវតែបង្កើនសមត្ថភាពជាប្រចាំ តាមរយៈការអាន ការសិក្សាស្រាវជ្រាវពីបទពិសោធន៍ការងារ និងតាមដានស្ថានការណ៍វិវត្តរបស់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរជាប្រចាំ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍បន្ថែមថា អ្នកដឹកនាំត្រូវចេះជំរុញ ប្រមូល និងលើកទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យមកធ្វើការងារជាមួយខ្លួន ហើយត្រូវស្គាល់ព្រំដែនអំណាចឱ្យបានជាក់លាក់ដែលមាន ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាឧបករណ៍​ការពារខ្លួន៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់