សិក្ខាសាលាផ្សព្វផ្សាយស្តីពី​រេដបូក​​​​​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​

ខេត្តកោះកុង៖ ក្រុមការងាររេដបូកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង​មហាផ្ទៃ និងរដ្ឋបាលជលផលកម្ពុជា ក្រោមការគាំទ្រមូលនិធិពី​គម្រោង​មូលនិធិ​ភាពជាដៃគូកាបូនព្រៃឈើ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី រេដបូកនៅ​រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានសមាសភាពរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមប្រមាណ ១០០នាក់​មកពី​ខេត្តចំនួន៤ រួមមាន ខេត្តកោះកុង កំពត ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារ ១៥កើត និងថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ និង៣០ ខែឧសភា ឆ្នាំ២០១៨ ក្នុងសណ្ឋាគារកោះកុងរីហ្សត។

សិក្ខាសាលានេះមានគោលបំណង​លើកកម្ពស់កម្រិតយល់ដឹង​មន្ត្រី និងថ្នាក់ដឹកនាំ​មន្ទីរវិស័យ​​​​​ពាក់ព័ន្ធ​នឹង​ព្រៃឈើ និងថ្នាក់រដ្ឋបាលក្រោមជាតិ​​​​​ស្តីពី ទស្សនទានរេដបូក ការផ្តួចផ្តើម​​ ការអនុវត្ត និងវឌ្ឍនភាព​​​នៃកម្មវិធី​​​រេដបូក​នៅកម្ពុជា ផែនការ​​អនុវត្ត​​​យុទ្ធសាស្រ្តរេដបូកជាតិ និងសេចក្តី​​ត្រូវការនូវការគាំទ្រ​​​របស់មន្ទីរវិស័យ​​​ និងរដ្ឋបាល​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

តាងនាមអភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបានឡើងថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​រដ្ឋបាល​​ថ្នាក់ជាតិ​​មកពី​​ក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្ខា​​​​កាមរដ្ឋបាលថ្នាក់ក្រោមជាតិ និងម្ចាស់មូលនិធិទាំងអស់ដែលបានអញ្ជើញចូលរួមសិក្ខាសាលា​នៅ​ក្នុងខេត្តកោះកុង។ ឯកឧត្តមបានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់​ណាស់ ពីព្រោះវានឹងជួយឱ្យសិក្ខាកាមនៅរដ្ឋបាលថ្នាក់ក្រោមជាតិបានយល់ជ្រួតជ្រាបពីគម្រោង​រេដបូក​កាន់តែច្បាស់ ដើម្បីអនុវត្តគម្រោងបង្កើនគម្របព្រៃឈើនៅកម្ពុជា។

ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាសាលាពេលនេះ ​​នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ​ដល់​អាជ្ញាធរ​ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមអភិរក្សការពារព្រៃឈើ។

ឱកាសនេះដែរ  ឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល​ក្រសួង​មហាផ្ទៃ និងជា​ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន​គណៈកម្មាធិការជាតិ​សម្រាប់ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍លើកឡើងពី​ការ​ចេញ​លិខិតបទដ្ឋានគតិយុត្ត​​ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធី និងផែនការអភិវឌ្ឍន៍មួយច្បាស់លាស់  ដើម្បីឱ្យ​ការ​អនុវត្តកម្មវិធីរេដបូកនេះឱ្យមានលក្ខណៈល្អប្រសើរ និងមាននិរន្តរភាព។ ឯកឧត្តម ជាម ប៉េអា បានបន្តមាន​ប្រសាសន៍​ថា វិធានការនេះគឺជាផែនការអនុវត្ត​យុទ្ធសាស្ត្រ​ស្តង់ការងារមួយដែលកំណត់ពីការ​អនុវត្ត​តួនាទី ភារកិច្ចមួយច្បាស់លាស់រវាង​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ ពិសេសគឺការអនុវត្ត​នៅថ្នាក់រដ្ឋបាលមូលដ្ឋាន។ បន្ថែមលើសពីនេះ ឯកឧត្តមបានស្នើអាជ្ញាធរមូលដ្ឋានឱ្យដាក់កម្មវិធីរេដបូកទៅផែនការ​វិនិយោគរបស់ឃុំ សង្កាត់ ហើយបើកឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមជជែកពិភាក្សាគ្នា ដើម្បីឱ្យ​កម្មវិធី​នេះ​ផ្តល់​ផលប្រយោជន៍ដល់មនុស្សជំនាន់ក្រោយយូរអង្វែង។

ថ្លែងបើកសិក្ខាសាលាឱកាសនេះដែរ ឯកឧត្តម ជា សំអាង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានមានប្រសាសន៍​ថ្លែងអំណរគុណរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិពាក់ព័ន្ធ​ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ដើម្បីផ្សព្វផ្សាយ និងស្វែងយល់ពី​គម្រោង​រេដបូក​នៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា ការអនុវត្តរេដបូកមានគោលបំណង​កាត់បន្ថយ​​ឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនគម្របព្រៃឈើបៃតងនៅកម្ពុជា។

ឯកឧត្តម ជា សំអាង សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយល់ដឹង​​​ពីរេដបូកនៅកម្ពុជា និងការ​អនុវត្ត​កម្រិតអន្តរជាតិ ដើម្បីឱ្យ​​​ការអនុវត្តរេដបូកកាន់តែទូលំទូលាយ និងមាននិរន្តរភាព។

សូមជម្រាបជូនថា កម្មវិធីរេដបូក គឺជាយន្តការ​អន្តរជាតិ​មួយនៃអនុញ្ញាក្របខណ្ឌ​​​សហប្រជាជាតិ​​​​ស្តីពី ការប្រែប្រួល​អាកាសធាតុ (UNFCCC) ដើម្បីផ្តល់ការលើកទឹកចិត្ត​ដល់បណ្តា​​​ប្រទេសកំពុង​​អភិវឌ្ឍន៍​​ក្នុងការ​កាត់បន្ថយ​​​ការបញ្ចេញឧស្ម័នដែលបណ្តាល​មកពី​ការបាត់បង់ និងរេចរឹលព្រៃឈើ។ រាជរដ្ឋាភិបាលកម្ពុជា​បានយកចិត្តទុកដាក់ក្នុងការការពារ និងអភិរក្ស​ធនធានធម្មជាតិ តាមរយៈ ការធ្វើកំណែទម្រង់ស្ថាប័ន ការបង្កើត​បន្ថែម​​​តំបន់ការពារ បង្កើតយុទ្ធសាស្ត្រ​​​ព្រៃឈើថ្មីៗបន្ថែម និងការទទួលយកនូវកម្មវិធី និងគំនិត​​ផ្តួចផ្តើមនានាក្នុងនោះ មានកម្មវិធីរេដបូក (REDD+)។ ហើយ យុទ្ធសាស្ត្រ​រេដបូកជាតិ​នេះ​ត្រូវបាន​ទទួល​ការអនុម័តពីរាជរដ្ឋាភិបាល​​​ជាផ្លូវការ​ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់