វេទិកាសាធារណៈ ស្តីពី «ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ដំណើរការ​នៃ​ការកសាង​ផែនការថវិកា និង​ការតាមដាន​លើ​ការ​ចំណាយ​ថវិកា​សាធារណៈ»

រាជធានីភ្នំពេញ៖ នៅ​រសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ក្រុមការងារថវិកា (Budget Working Group) ដែលមាន ១៦អង្គការ​ដែល​​សហការ​គ្នា​រៀបចំ​វេទិកា​​សាធារណៈ​ស្តីពី “ការចូលរួម​​​របស់​​ពលរដ្ឋ​​ក្នុង​​ដំណើរការ​​​នៃ​​ការកសាង ផែនការ​​​ថវិកា និង​ការតាមដាន​លើ​ការចំណាយ​ថវិកា​សាធារណៈ”​ ដោយ​​​មាន​អ្នកចូលរួម​សរុប​ចំនួន ១៦០នាក់ ដែល​អញ្ជើញ​ចូលរួម​មក​ពីតំណាង​ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសហភាពអឺរុប តំណាង​គណៈកម្មាធិការ​​ជាតិ​សម្រាប់​​ការអភិវឌ្ឍន៍​​តាម​បែប​​ប្រជាធិប​តេយ្យ​​នៅ​ថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាង​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល និង​យុវជនចំនួន ១៧ខេត្ត/ក្រុង (កោះកុង បាត់ដំបង បន្ទាយមានជ័យ តាកែវ ស្វាយរៀង ព្រៃវែង សៀមរាប រតនគិរី មណ្ឌលគិរី កំពង់ធំ ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ចាម ត្បូងឃុំ និង​រាជធានីភ្នំពេញ) បណ្តាញ​​អ្នកសារ​ព័ត៌មាន ដៃគូអភិវឌ្ឍន៍ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន និងប្អូនៗនិស្សិត។

វេទិកានេះ​ធ្វើ​ឡើង​ក្នុង​គោលបំណងធំៗចំនួន ០៣ រួមមាន៖

១). បង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទៅលើតម្លាភាព និង​គណនេយ្យភាព​​ថវិកា រួមទាំងដំណើរការនៃការរៀបចំ​ផែនការ​ថវិកា​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ។

២). ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល ជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និង​​អ្នក​​ធ្វើ​​​គោល​​នយោបាយ​​នានា សំដៅ​​ឆ្ពោះ​​ទៅ​​បង្កើន​​ការចូលរួម​​ជា​សាធារណៈ​​នៅ​​ក្នុង​​វដ្ត​នៃ​ដំណើរ​ការ​រៀបចំ​ផែនការ​​ថវិកា​នៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

៣). ផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល ផ្តល់នូវធាតុចូលជូនក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅ​ឆ្ពោះ​​ទៅ​ធ្វើឱ្យ​ប្រសើរ​​ឡើង​​នូវ​តម្លាភាព និង​​គណនេយ្យភាព​ថវិកា​ជាតិ។

លោក ជ័យ សម្បត្តិផល្លា តំណាង​​ឱ្យ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន​វាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ និង​​លទ្ធផល​​សំខាន់ៗ​​ដែល​​កើត​​ចេញ​​ពី​វេទិកា​នេះ និង​សូម​គំាទ្រ​​យ៉ាង​​ពេញ​ទំហឹង​​នូវ​​វប្បធម៌​​នៃ​​កិច្ច​ពិភាក្សា​​ត្រង់​ទៅ​ត្រង់​មក​សំដៅ​ឆ្ពោះ​​ទៅ​ការ​លើក​​​កម្ពស់​ការ​ចូលរួម​​របស់​​សាធារណជន ក្នុង​​ដំណើរការ​​រៀបចំ​​ផែនការ​​វិនិយោគ និង​​ការត្រួតពិនិត្យ​​តាមដាន​​​ការអនុវត្ត​​ថវិកា​​ទំាង​​នៅ​​ថ្នាក់ជាតិ និង​នៅថ្នាក់ក្រោមជាតិ។

ខាងក្រោមនេះ ជាអនុសាសន៍​មួយ​ចំនួន​ដល់​អង្គ​​វេទិកា​ទំាងមូល​ដើម្បី​យក​​ទៅ​​ពិចារណា​​ដូច​ខាង​ក្រោម៖

  • បន្ត​កិច្ច​​សហប្រតិបត្តិការ​​ល្អ​បន្ថែម​ទៀត​រវាង​អ្នកពាក់ព័ន្ធ​ទំាងអស់​មាន​តំណាង​​រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អាជ្ញាធរ និង​​បងប្អូន​​ប្រជាពលរដ្ឋ​
  • បន្តធ្វើការរួមគ្នារវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរក្នុងការជួយផ្សព្វផ្សាយបទដ្ឋានគិតិយុទ្ធ ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋ ដើម្បី​បង្កើន​ចំណេះដឹង​របស់​អ្នកចូលរួម​ជាពិសេសពលរដ្ឋ​​នៅ​​សហគមន៍​​មូលដ្ឋាន​​ឱ្យ​​ពួកគាត់​​អាច​​យល់​ដឹង​​ពី​សារៈសំខាន់​នៃ​ការចូលរួម។​
  • សម្រប​សម្រួល​ឱ្យ​មាន​យន្តការ និងនីតិវិធីឬការណែនាំជាលក្ខណៈប្រព័ន្ធដែលអាចបង្ករភាពងាយស្រួលដល់ការចូលរួម និង​​ត្រួតពិនិត្យ​​តាមដាន​​របស់​​​សាធារណៈជន​​​ក៏​ដូច​ជា​​អង្គការ​​សង្គមស៊ីវិល​នានា​​​ក្នុង​​ដំណើរកា​រ​​រៀបចំ​ផែនការ​វិនិយោគ និង​​ការត្រួតពិនិត្យ​​តាមដាន​​ការអនុវត្ត​​ថវិកា​នៅ​​ថ្នាក់​ក្រោមជាតិ។
  • សូម​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមឱ្យកាន់តែសកម្មក្នុងដំណើរការរៀបចំផែន ការវិនិយោគ និងការត្រួតពិនិត្យ​តាមដាន​ការអនុវត្តថវិកានៅតាមភូមិ ឃុំ និង​សង្កាត់របស់ខ្លួន។​
  • ស្នើឱ្យអ្នកពាក់ព័ន្ធទំាងអស់ធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងន័យភាពជាដៃគូរ និងមាន ភាពស្មោះត្រង់រវាងគ្នា និងគ្នាប្រយោជន៍ដើម្បីការអភិវឌ្ឍ និង​សុខសន្តិភាព។
  • ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជានាយកដ្ឋានថវិកានីយកម្មបេជ្ញាបន្តរធ្វើ ការក្នុង ភាពជាដៃគូរជាមួយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទំាងអស់សំដៅ​លើក​កម្ពស់​ការចូលរួម និង​ត្រួតពិនិត្យ​តាមដាន​របស់​សាធារណៈជន​ក៏ដូចជា​អង្គការសង្គម​ស៊ីវិល​នានា​ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​ថវិកា និង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្តថវិកា​នៅថ្នាក់​ជាតិ និង​ក្រោមជាតិ៕

ប្រភពរូបភាព៖ The NGO Forum on Cambodia

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់