លោកជំទាវ ងួន សុខា អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គមអញ្ជើញ ជាអធិបតីភាព ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដោយមានការ ចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា។ សិក្ខាសាលាថ្នាក់ជាតិនេះ បានរៀបចំឡើងកាលពីថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិគាំ ពារសង្គម ដោយមានការគាំទ្រពីដៃគូរអភិវឌ្ឍន៍។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីដំណើរ នៃការកសា​ង​ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដោយមាន ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម ២០១៦-២​០​២​៥ ជាគោលក្នុងគោលដៅធានានូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ របស់ប្រជាជន ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកា​ត់​បន្ថយភាពក្រីក្រជាអតិបរមា។

ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ត្រូវបានរៀបចំឡើង ដោយផ្តោតលើសសរស្តម្ភ ២សំខាន់ៗ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យ និងការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឋានៈ និងមុខមាត់របស់កម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ប្រព័ន្ធជំនួយសង្គម ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងកម្មវិធីដែលរួម បញ្ចូលអន្តរាគមន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ប្រព័ន្ធនេះមានធាតុផ្សំ៤សំខាន់ៗគឺ៖ ១.ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។ ២.ការអភិវឌ្ឍមូលធនមនុស្ស។ ៣.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង៤.សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ។

ដោយឡែក ប្រព័ន្ធសន្តិសុខសង្គម ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងកម្មវិធី ដែលរៀបចំ ឡើងដើម្បីជួយដល់ប្រជាជនក្នុងការការពារពីហានិភ័យនានា ដែលរួមមាន ធាតុផ្សំ៥សំខាន់ៗគឺ៖ ១. សោធន,  ២. ថែទាំសុខភាព, ៣. ហានិភ័យការងារ ៤.និកម្មភាព និង ៥.ពិការភាព។

គោលដៅចម្បងនៃក្របខ័ណ្ឌគោលនយោបាយនេះ គឺធ្វើការបន្ស៊ី ប្រមូលផ្តុំ និងពង្រឹងកម្មវិធីដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃកម្ម វិធីនានាក្នុងប្រព័ន្ធគាំពារសង្គមទាំងមូល រួមទាំងការពង្រីកវិសាលភាពដើម្បីឆ្លើយតបនឹង តម្រូវការរបស់ប្រជាជន ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ព្រមទាំងរៀបចំឱ្យ មានក្របខ័ណ្ឌអភិបាលកិច្ច ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពចំណាយថវិកា។

តាមរយៈគោលនយោបាយនេះ ប្រជាជនកម្ពុជា ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះទទួលបានការគាំពារក្រោមរូបភាពផ្សេងៗ ក្នុងក្របខ័ណ្ឌនៃការងារ គាំពារសង្គម ដូចជាការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក ការឧបត្ថម្ភចំពោះប្រជាជនក្រីក្រដែលមកសម្រាកព្យាបាល ឬសម្រាលកូន និងការផ្តល់ការអប់រំ ក៏ដូចជាការផ្តល់តាវកាលិកសោធន ថែទាំសុខភាព ហានិភ័យការងារ ពិការភាពជាដើម៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់