ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ច​ប្រជុំ​ពិគ្រោះ​​យោបល់​​លើសេចក្តីព្រាង​​​​​អនុក្រឹត្យ​​ស្តីពី រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ​​​​ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៩ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ​​​​​ក្រសួង​មហាផ្ទៃ និងជាអនុប្រធាន​​​​​​​​​​​​​​​​​លេខាធិការដ្ឋាន​​​​​​​គណៈកម្មាធិការ​​ជាតិ​​​​​​ស​ម្រាប់ការអភិវឌ្ឍតាម​​បែប​​ប្រជាធិបតេយ្យ​​​​​​​នៅថ្នាក់ក្រោម​ជាតិ​​​ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​​លើ​​សេចក្តីព្រាង​​​អនុក្រឹត្យស្តីពី រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានខ្លឹមសារ​គ្រប់ជ្រុងជ្រោយ​មុននឹង​​ដាក់​ជូន​​​​ឆ្លងកិច្ចប្រជុំ​​ គ.ជ.អ.ប ខាងមុខ។

កិច្ចប្រជុំពិគ្រោះយោបល់​​​​ដែលរៀបចំឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប​​​​ នេះ ដើម្បីពិនិត្យ​​ពិភាក្សាលើ​​​សេចក្តីព្រាងអនុក្រឹត្យនេះ ព្រមទាំង​​​​​ពិនិត្យ​ពិភាក្សា​​​​​លើសេចក្តីព្រាង​ផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលាសម្រាប់អនុវត្តអនុក្រឹត្យ​ស្តីពី រចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុកជាមួយ​ស្ថាប័ននៃ​កំណែ​ទម្រង់​​​​​បីផ្សេងទៀត រួមមាន អគ្គលេខាធិការ​​​ដ្ឋានដឹកនាំ​​​កំណែទម្រង់​​​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) លេខាធិការដ្ឋាននៃ​​​គណៈកម្មាធិការ​​​​កំណែទម្រង់​​​រដ្ឋបាល​សាធារណៈ (គ.ក.រ) និងលេខាធិការដ្ឋា​ន​​អចិន្ត្រៃយ៍គណៈកម្មាធិការដឹកនាំកែទម្រង់​​​ច្បាប់ និងប្រព័ន្ធ​យុត្តិធម៌ ដើម្បីពិភាក្សា​​​​ផ្តល់យោបល់​​​ និងគាំទ្រដល់​​​ការអនុវត្ត​​​កិច្ចការ​​​កំណែទម្រង់​​​កាន់តែ​​ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងអស់លោក លោកស្រី​មន្ត្រី​ជំនាញ​​​​ពាក់ព័ន្ធសរុបចំនួន ៣០រូប មកពីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់