ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញបើកវេទិកាថ្នាក់ជាតិស្តីពី ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាថ្នាក់ជាតិស្តីពី ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយអង្គការសង្គមស៊ីវិលរៀបចំវេទិកាថ្នាក់ជាតិស្តីពី ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនេះឡើងក្នុងគោលបំណង ដើម្បីប្រមូលចងក្រងមេរៀន បទពិសោធន៍ល្អៗ បញ្ហាប្រឈម និងរៀបចំផែនការកែលម្អក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមរបស់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ នាពេលអនាគត។

ថ្លែងបើកវេទិកាថ្នាក់ជាតិដែលត្រូវបានរៀបចំឡើងនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ាវី (Himawari Hotel) ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានវាយតម្លៃខ្ពស់ចំពោះសមាជិក គ.គ.អ.ស ទាំងអស់ដែលបានចូលរួម និងគាំទ្រដល់ការអនុវត្តផែនការគណនេយ្យភាពសង្គមក្នុងការរួមចំណែកលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌សង្គម និងគណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធាន គ.គ.អ.ស បានមានប្រសាសន៍ថា វេទិកាថ្នាក់ជាតិស្តីពី ការអនុវត្តផែនការគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនាពេលនេះ មិនត្រឹមតែឆ្លុះបញ្ចាំងនូវលទ្ធផលនៃការអនុវត្តបញ្ហាប្រឈម ការចែករំលែកនូវមេរៀនបទពិសោធន៍ជោគជ័យប៉ុណ្ណោះទេ ហើយថែមទាំងរួមគ្នាពិភាក្សា ផ្តល់យោបល់ ដើម្បីកសាងផែនការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី ២ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានស្នើឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់យកចិត្តទុកដាក់តាមដានស្តាប់បទបង្ហាញនីមួយៗ និងចូលរួមផ្តល់យោបល់ឱ្យបានផុលផុសទៅតាមប្រធានបទនៅក្នុងក្រុមពិភាក្សា ដោយឯកឧត្តមបានបញ្ជាក់ថា គំនិត យោបល់ អនុសាសន៍របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំ និងកសាងផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

សូមបញ្ជាក់ថា វេទិកាថ្នាក់ជាតិនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសមាជិក គ.គ.អ.ស (ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាលរងខេត្តជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរដ្ឋបាលខេត្តគោលដៅ មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា មន្ត្រីបង្គោលគណនេយ្យភាពសង្គមខេត្ត ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ អង្គភាពផ្តល់សេវាទាំងបី (រដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងអ្នកពាក់ព័ន្ធប្រមាណ ២០០នាក់។

គួរបញ្ជាក់ដែរថា ផែនការយុទ្ធសាស្ត្រស្តីពី គណនេយ្យភាពសង្គម(ផ.យ.គ.ស) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។ គណនេយ្យភាពសង្គមក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

 

​ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់