ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប អញ្ជើញដឹកនាំប្រជុំរវាងលេខាធិការដ្នាននៃកម្មវិធីកំណែទម្រង់ទាំងបី បូកមួយ

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន​ប្រតិបត្តិ​នៃ​លេខាធិការ​ដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម្របសម្រួល​កិច្ចប្រជុំ​ប្តូរវេនរវាង​ក្រុមការងារអន្តរលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ទាំងបី បូកមួយ ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាសរវាងកំណែទម្រង់ទាំងបី និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការ​ដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ឱ្យដឹងថា  របៀបវារៈកិច្ចប្រជុំរួមមាន ១) ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់ទាំងបី បូកមួយ ២) ពិភាក្សាលើការរៀបចំបញ្ចូលគ្នានូវក្រុមការងារកំណែទម្រង់ទាំង៣ នៅតាមក្រសួង ស្ថាប័ន ៣)ពិនិត្យ ពិភាក្សាលើការរៀបចំធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក និង៤)ផ្សេងៗ។

សូមបញ្ជាក់ថា កិច្ចប្រជុំរវាងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំងបី បូកមួយ បានរៀបចំប្រព្រឹត្តទៅ​​​​ នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមប្រជុំពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​កែទម្រង់ទាំងបី បូកមួយ ក្នុងនោះ រួមមាន អគ្គលេខាធិការដ្ឋានដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ (អ.គ.ហ) លេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​​​​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកំណែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.រ) និងលេខាធិការដ្ឋានអចិន្ត្រយ៍គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់