គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ (LEAP) ត្រូវ​បាន​ប្រកាស​​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ក្រឡា​ហោម ស ខេង

រាជធានី​ភ្នំពេញ ៣០ វិច្ឆិកា ២០១៧៖ គម្រោង «លើក​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ» ហៅ​កាត់​ថា គម្រោង​លាភ ត្រូវ​បាន​ធនាគារ​ពិភព​លោក (World Bank) និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ឯកភាព​ដាក់​បញ្ចូល​ឡើង​វិញ​ក្នុង​បញ្ជី​មុខ​សញ្ញា​គម្រោង​ហិរញ្ញប្បទាន​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៧។

គោលបំណង​នៃ​គម្រោង​នេះ គឺ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ និង​ក្រុម​ងាយ​រង​គ្រោះ​ ដើម្បី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ហើយ​មាន​ឱកាស​រក​ប្រាក់​ចំណូល និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​តូច​ រួម​ទាំង​ការ​ត្រៀម​លក្ខណៈ​គាំទ្រ​ក្នុង​ករណី​ជួប​ហានិភ័យ ឬ​គ្រោះ​អាសន្ន​ណា​មួយ​កើត​ឡើង​ជា​យថាហេតុ ក្នុង​ឃុំ​គោល​ដៅ​របស់​គម្រោង។

នៅ​ចុង​ឆ្នាំ​២០១៥ គម្រោង​លាភ​បាន​សិក្សា​ជាមួយ​សាលា​រាជ​ធានី​ភ្នំពេញ​ក្នុង​ការ​ដាក់​បញ្ចូល​សមាសភាព​គម្រោង​ថ្មី​លើ​ផ្នែក​សហគមន៍​ទីក្រុង​ (Urban) បន្ថែម​មួយ​ទៀត​ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​នៅ​ទីក្រុង​ និង​ជនបទ​ នៃ​តំបន់​គោល​ដៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ឃុំ​គោលដៅ​នៃ​ខេត្ត​សៀមរាប​តាមរយៈ​ (១) បង្កើត និង​ពង្រឹង​ស្ថាប័ន​ស្វ័យ​គ្រប់​គ្រង​របស់​អ្នក​ក្រ​ (ខ) ផ្ដល់​ឲ្យ​ស្ថាប័ន​ទាំង​នោះ​ នូវ​លទ្ធភាព​ចាប់​យក​ហិរញ្ញវត្ថុ និង​ (គ) ផ្សារភ្ជាប់​ស្ថាប័ន​ទាំង​នោះ​ទៅ​ទី​ផ្សារ និង​មុខរបរ​សំខាន់ៗ។

គម្រោង​ថ្មី​នេះ​មាន​វិសាលភាព​គ្រប់​ដណ្ដប់​លើ​ទីតាំង​ភូមិសាស្ត្រ​ ២ខុសគ្នា គឺ ទី​មួយ ទីតាំង​ភូមិ​សាស្ត្រ​ជនបទ នៅ​ក្នុង​ឃុំ​ ៤៧ នៃ​ស្រុក​ចំនួន ៩ ក្នុង​ខេត្ត​សៀមរាប និង​ទីពីរ ទីតាំង​ភូមិ​សាស្ត្រ​ទីក្រុង​នៅ​លើ​សង្កាត់​ចំនួន​១៣ នៃ​ខណ្ឌ ១២ ក្នុង​រាជធានី​ភ្នំពេញ​។

ថ្លែង​ក្នុង​ពី​ធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​គម្រោងលាភនេះ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​អនុ​សាសន៍​មួយ​ចំនួន​ដល់​ក្រុម​ការងារ​ដូច​ខាង​ក្រោម៖

​(១). ក្រុម​ការ​ងារ​គ្រប់​ថ្នាក់​ដែល​បាន​ចាត់​តាំង​ មាន​មុខងារ​ មាន​តួនាទី​រួចហើយ ត្រូវ​រក្សា​ នូវ​សាមគ្គីភាព​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ ឲ្យ​បាន​ជា​ប្រចាំ​ និង​ត្រូវ​ខិតខំ យកចិត្ត​ទុក​ដាក់​បំពេញ​ការងារ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​សមស្រប​តាម​គោល​ការណ៍​និង​នីតិ​វិធី​ ដែល​បាន​ចែង​និង​កំណត់​ក្នុង​គ្រប់​លិខិត​បទដ្ឋាន​អនុវត្ត​គម្រោង។

(២). សូម​ឲ្យ​អង្គភាព​អនុវត្ត​គម្រោង​នៅ​ថ្នាក់​រាជធានី​ និង​ថ្នាក់​ខេត្ត​ ជាពិសេស​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​សៀមរាប ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ ផ្តល់​ការ​គាំទ្រ​រដ្ឋបាល​ និង​ការ​ងារ​ចាត់ចែង​ ដល់​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ និង​រចនាសម្ព័ន្ធ​ថ្នាក់​ឃុំ សង្កាត់​ព្រម​ទាំង​ផ្តល់​ការ​គៀងគរ​សមត្ថភាព​ជំនាញ​បច្ចេកទេស​ពី​ថ្នាក់​រាជធានី​ ខេត្ត​ ឬ​នៅ​ថ្នាក់​ជាតិ​ដល់​ក្រុម​ការងារ​អនុវត្ត​គម្រោង​ គាំទ្រ​ដល់​សកម្មភាព​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​សហគមន៍។

(៣). សូម​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ នៃ​គូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​ផ្ដល់​ កិច្ច​សហការ​ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​គ្រប់​សកម្មភាព​នានា បម្រើ​ដល់​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​គោល​ដៅ​របស់​គម្រោង​ ខិតខំ​អនុវត្ត​ឲ្យ​បាន​តាម​ផែនការ និង​ពេល​វេលា​គ្រោង​ទុក​ ស្រប​តាម​ក្រប​ខណ្ឌ​គតិយុត្តិ និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​ពិភពលោក​អំពី​គម្រោង។

គួរ​បញ្ជាក់​ផង​ដែល​ថា​គម្រោង​លាភ​បាន​ចាប់​ផ្ដើម​សាក​ល្បង​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៨ ដោយ​មាន​ដំណើរការ​យ៉ាង​ល្អ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១០ នៅ​ឃុំ​/សង្កាត់​ចំនួន​៦ នៃ​៥ស្រុក​ (ស្រុក​បាគង ស្រុក​ជីក្រែង ស្រុក​ពួក ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប) តែ​ត្រូវ​បញ្ចប់​ការ​សាក​ល្បង​នៅ​ឆ្នាំ​២០១២ (ពី​ខែ​កក្កដា ឆ្នាំ​២០១០ – ខែ​មិថុនា ឆ្នាំ​២០១២)៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់