ឯកឧត្តម ង៉ាន់ ចំរើន៖“រាជរដ្ឋាភិបាលមានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ”

រាជធានីភ្នំពេញ​៖ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានបង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅ​​ និងគោលបំណង​​សំខាន់ៗនានាដែល​បានកំណត់នៅក្នុងកម្មវិធី​ជាតិរយៈពេល ១០ឆ្នាំ (២០១០-២០២០)។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់​ស្តីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលត្រូវបានសហការរៀបចំឡើងរវាង​ក្រសួង​មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន (LOGODI)នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព​សាធារណរដ្ឋកូរ៉េ នៅក្នុងសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ក្នុងនាម​​​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃ​លេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបន្តយកចិត្តទុកដាក់កាន់​តែខ្លាំងក្លាថែមទៀតក្នុងការធ្វើកំណែទម្រង់​ឱ្យកាន់តែស៊ីជម្រៅលើការកំណែទម្រង់សំខាន់នានា គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោមជាតិ កំណែទម្រង់​ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រម​ទាំងកំណែទម្រង់តាមវិស័យនានា តាមរយៈការដាក់ឱ្យ​អនុវត្តនូវយុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ក្នុង​ការ​កសាង​មូលដ្ឋាន​ឆ្ពោះ​ទៅ​សម្រេច​បាន​តាម​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ ​២០៥០។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់គណៈប្រតិភូសាធារណៈរដ្ឋកូរ៉េ និងឯកឧត្តម លោកជំទាវ លោក និងលោកស្រីដែលជាសិក្ខាកាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅរដ្ឋបាល​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបប្រមាណ៨០រូបនៅថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ការអភិវឌ្ឍ​តាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ដែលដឹកនាំ និង​សម្របសម្រួលដោយគណៈកម្មាធិការអន្តរក្រសួងមួយដែល​មានក្រសួងមហាផ្ទៃជាសេនាធិការ កំណែទម្រង់​រដ្ឋបាលថ្នាក់ក្រោម​​​​​​ជាតិតាមប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាលបែបវិមជ្ឈការ និងវិសហមជ្ឈការបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០០២មក ដោយបានរៀបចំឡើងវិញជាថ្មីនូវរចនា​​​សម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមស្មារតីនៃច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណង​ផ្តល់​ស្វ័យ​ភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ​​ការផ្ទេរមុខងារ និងធនធាន​សមស្របពីរដ្ឋបាល​ថ្នាក់ជាតិទៅ​​​​ឱ្យ​រដ្ឋបាលនីមួយៗនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិ​អាចមាន​សមត្ថភាព និងលទ្ធ​ភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសាធារណៈ​ចាំបាច់នានា និងការអភិវឌ្ឍមូលដ្ឋាននៅមូលដ្ឋាននីមួយៗ​​​ឱ្យ​កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅ​រួមចំណែកកាត់បន្ថយ​ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់​ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

លើសពីនេះទៀត ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាន៍បន្តថា ក្នុងក្របខ័ណ្ឌនៃការបម្រើ​សេវា​សាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ​ដែលនៅកៀកជិត​នឹងប្រជាពលរដ្ឋចាំបាច់​​ត្រូវទទួលបាន​​​នូវ​ការផ្ទេរសិទ្ធិ អំណាច ការទទួលខុសត្រូវ និងធនធានសមស្របក្នុង​ការអនុវត្តនូវមុខងារពាក់ព័ន្ធ​សេវា​សាធារណៈចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់ប្រជាពលរដ្ឋ។ ដោយឡែកនៅក្នុងក្របខ័ណ្ឌនៃ​​​ការអភិវឌ្ឍមូលដ្ឋានវិញ ឯកឧត្តម​រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបន្ថែមថា រដ្ឋបាលថ្នាក់ក្រោមជាតិ​​ក៏ចាំ​បាច់​ត្រូវ​មានស្វ័យភាពគ្រប់គ្រាន់ក្នុង​​ការដាក់​​ចេញនូវ​​ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ដើម្បីជំរុញ ការអភិវឌ្ឍ​ឱ្យបានសមស្របទៅនឹងសក្តានុពល​មូលដ្ឋានរបស់ខ្លួន ព្រមទាំងដើម្បីឆ្លើយតបបានទៅនឹង​តម្រូវការជាអាទិភាព​​​របស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា កិច្ចការទាំងនេះទាមទារឱ្យ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​​ត្រូវមានសមត្ថភាពមានទស្សនវិស័យ មានគំនិតច្នៃប្រឌិត គំនិតផ្តួចផ្តើម ក៏ដូច​ឆន្ទៈ​​​ និងការ​តាំងចិត្តខ្ពស់​​​ក្នុងការគិតគូរពិចារណាអំពីការអភិវឌ្ឍ​​មូលដ្ឋានរបស់ខ្លួនក្នុងគោលបំណងបង្កើត​​​ និងធ្វើឱ្យ​​មាននិរន្តរភាព​​​​នូវការអភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ចនៅមូលដ្ឋាន ដើម្បីបង្កលក្ខណៈ​​​​ឱ្យប្រជាពលរដ្ឋ​​​​​អាចរស់នៅ​​​​ក្នុងជីវភាពកាន់តែ​​​ធូរធារ មានផាសុកភាព និងសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំង​​​ទទួល​បានសេវា​​សមស្របប្រកបដោយសមធម៌ និងគណនេយ្យភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបានកត់សម្គាល់ថា ការអនុវត្តកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការទទួលបាន​សមិទ្ធផល​​នានាជាច្រើន​​​​ទាំងលើផ្នែកនយោបាយ រដ្ឋបាល និងសេដ្ឋកិច្ចសង្គម។​​​ ហើយ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា៖ “រាជរដ្ឋាភិបាលអាណត្តិថ្មីនេះបានបង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅ​​ និងគោលបំណង​​សំខាន់ៗនានាដែល​បានកំណត់នៅក្នុងកម្មវិធី​ជាតិរយៈពេល ១០ឆ្នាំ”។

ជាចុងក្រោយ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ ឯកឧត្តម ង៉ាន់ ចំរើន បានថ្លែងអំណរគុណ និងជូនពរចំពោះគណៈប្រតិភូនៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ លោកស្រីអស់លោកទាំងអស់សូមប្រកប​ដោយសុខភាព និង​​​ជោគជ័យ​​​លើគ្រប់ភារកិច្ច។

សូមជម្រាបជូនថា សិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់​​​ស្តីពី ភាពជាអ្នកដឹកនាំ​ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រៀបចំឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណង​​​លើកកម្ពស់​​​សមត្ថភាព​​​​​​​​​​​​របស់មន្ត្រីរដ្ឋបាល​​​ជាន់ខ្ពស់​​​ដែលកំពុងបំពេញការងារ​​​នៅទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចនៅរដ្ឋបាល​​​​រាជ​ធានី ខេត្តលើការងារដឹកនាំ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សំដៅ​​​លើកកម្ពស់​ប្រសិទ្ធភាព​​​ និងស័ក្តិសិទ្ធិ​​​​ភាព​​ក្នុងការបំពេញការងារ និងការបម្រើសេវាសាធារណៈ​​​ជូនប្រជាពលរដ្ឋ​​​​ឱ្យកាន់តែប្រសើរឡើង។ សិក្ខាសាលានេះជាវេទិកាស្វែងយល់ សិក្សា និងដកពិសោធន៍ពីកត្តាជោគជ័យ និងបរាជ័យ​​​នៃការអនុវត្តកំណែ​ទម្រង់វិមជ្ឈការពីបណ្តាប្រទេសនានា ព្រមទាំងសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើជាមូលដ្ឋាន​​​​​​ក្នុងការ​​​រួមចំណែក​​​​​ធ្វើឱ្យ​​​​ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជា​​​​ទទួលបាន​​ជោគជ័យ​​​តាមការរំពឹងទុក៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់