យុទ្ធសាស្ត្រ​​ចម្បង​ៗ​ចំនួន​ ៤ បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ស្ដី​ពី​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខ​តំណែង​គ្រប់​គ្រង​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៧​ត​ទៅ​​

ភ្នំពេញ ២០ កក្កដា ២០១៧៖  លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពី “ការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧

 

ភ្នំពេញ ២០ កក្កដា ២០១៧៖  លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សហការជាមួយក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពី “ការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលោក លោកស្រីតំណាងមកពីក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលសរុបជិត២០០នាក់។ 

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ក្រុមគោលដៅជាក់លាក់ដូចជាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានខ្លឹមសារទាក់ទងនឹងយុទ្ធសាស្ត្រ ដើម្បីអាចសម្របសម្រួល និងយកទៅអនុវត្តនៅតាមរដ្ឋបាលនីមួយៗនៅថ្នាក់ក្រោមជាតិ។  

 

នៅក្នុងសិក្ខាសាលានេះ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានមានប្រសាសន៍ថា “ស្ត្រីដើរតួនាទីសំខាន់បំផុតក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហានានា”។ 

 

ជាងនេះទៅទៀតឯកឧត្ដមបានបន្ថែមទៀតថា ”យើងបានខិតខំប្រឹងប្រែងច្រើនពាក់ព័ន្ធនឹងការងារយេនឌ័រ ប៉ុន្តែលទ្ធផលនៅមិនទាន់ទទួលបានដូចការរំពឹងទុកនៅឡើយ។ ដូចនេះការដោះស្រាយបញ្ហាយេនឌ័រឱ្យបានជោគជ័យ ត្រូវស្វែងយល់ពីអ្វីជាឫសគល់គន្លឹះនៃបញ្ហាជាមុនសិន ដែលឫសគល់នៃបញ្ហាមួយ គឺផ្ដើមចេញពីប្រព័ន្ធគ្រប់គ្រង ដែលភាគច្រើនជាបុរស ដោយឡែកចំនួនស្ត្រីនៅមានតិចនៅឡើយក្នុងប្រព័ន្ធគ្រប់គ្រងនាពេលបច្ចុប្បន្ន។ យុទ្ធសាស្ត្រនេះ នឹងចូលរួមដោះស្រាយនូវបញ្ហាគន្លឹះទាំងអស់នេះ។ 

 

គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៦នេះ មានស្ត្រីចំនួនប្រហែល១២.១ភាគរយ កំពុងបម្រើការងារនៅក្នុងមុខតំណែងគ្រប់គ្រង (ចាប់ពីអភិបាលរហូតដល់នាយកទីចាត់ការ) រដ្ឋបាលរាជធានី ខេត្ត និងស្ត្រីចំនួនប្រហែល២១.៥ភាគរយប៉ុណ្ណោះ កំពុងបម្រើការងារនៅក្នុងមុខតំណែងគ្រប់គ្រង (ចាប់ពីអភិបាលរហូតដល់ប្រធានការិយាល័យ)  រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ទិន្នន័យនេះបានបង្ហាញថាចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនបុរស ដែលកំពុងបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងពីកត្តាមួយចំនួនដែលធ្វើឱ្យស្ត្រីមានចំនួនតិចតួចបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបណ្ដាលមកពីចំនួនបុរសដែលកំពុងកាន់មុខតំណែងមានច្រើន ការយល់ដឹងពីបញ្ហាយេនឌ័រនៅមានកម្រិត ហើយមិនទាន់មានការទទួលស្គាល់ច្រើនពីតួនាទីរបស់ស្ត្រីនៅឡើយ។ លើសពីនេះ បញ្ហាប្រពៃណី ផ្នត់គំនិតសង្គម គ្រួសារ និងកត្តាស្ត្រីខ្លួនឯងក៏ជាកត្តារារាំងដល់ការកាន់មុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

 

ដើម្បីបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានកាន់តែច្រើន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៤ គឺ៖ 

 

ផែនការយុទ្ធសាស្ត្រទី១៖ តាក់តែងលិខិតបទដ្ឋានគតិយុត្តិទាក់ទងនឹងការតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រង ដែលតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិរៀបចំផែនការបង្កើនចំនួនស្ត្រី និងធ្វើការកំណត់ចំនួនអប្បបរមាបុគ្គលិកជាស្ត្រី។ 

ផែនការយុទ្ធសាស្ត្រទី២៖  បង្កលទ្ធភាពក្នុងការទទួលបានការតែងតាំង និងការអភិវឌ្ឍសមត្ថភាពរបស់ស្ត្រី តាមរយៈការរៀបចំ និងអនុវត្តនូវផែនការអ្នកបន្តវេនជាស្ត្រី និងអភិវឌ្ឍសមត្ថភាពស្ត្រីដើម្បីត្រៀមខ្លួនទទួលមុខតំណែង និងអនុវត្តការងារ។ 

ផែនការយុទ្ធសាស្ត្រទី៣៖  បង្កើតបរិយាកាសអំណោយផលនៅកន្លែងធ្វើការងារសម្រាប់ស្ត្រី តាមរយៈការបង្កើតទារកដ្ឋានដែលបង្កលក្ខណៈងាយស្រួល ដល់បុគ្គលិកពិសេសស្ត្រីអាចមកបម្រើការងារនៅពេលមានកូនតូច និងសម្រួលឱ្យមានភាពបត់បែនទាក់ទងនឹងម៉ោងពេលធ្វើការងាររបស់ស្ត្រី។

ផែនការយុទ្ធសាស្ត្រទី៤៖  ការបញ្ជ្រាបយេនឌ័រទៅក្នុងកំណែទម្រង់រយៈពេលវែង។ តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងនីតិវិធីជ្រើសរើសបុគ្គលិក និងការរៀបចំយុទ្ធសាស្ត្រ បង្កើនចំនួនមន្ត្រីជ្រើសរើសថ្មីជាស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍ថា “អ្នកដឹកនាំជាបុរសមានតួនាទីសំខាន់ណាស់ក្នុងការបញ្ជ្រាប និងផ្ដល់ឱកាសឱ្យស្ត្រីទទួលបានតួនាទី និងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ រីឯស្ត្រីត្រូវខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែងជាមួយបុរស ទាំងសមត្ថភាព និងឱកាស។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានអំពាវនាវឱ្យមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលផងដែរ។  

 

ផែនការយុទ្ធសាស្ត្រនេះ រៀបចំឡើងដើម្បីជំរុញការសម្រេចបាននូវចំណុចដៅបង្កើនចំនួនស្ត្រីដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣ ដំណាក់កាលទី២) នៅត្រឹមឆ្នាំ២០១៨ ស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើនឱ្យបានរហូតដល់ ២០ភាគរយ និងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបង្កើនឱ្យបានរហូតដល់២៥ភាគរយ ដែលការបង្កើននេះភាគច្រើនជាការជំនួសមុខតំណែងចូលនិវត្តន៍របស់បុរស៕ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់