កិច្ចប្រជុំផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោង និងផែនការគាំទ្របន្តរយៈពេល៤ឆ្នាំរបស់គម្រោង LASED II នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោង និងផែនការគាំទ្របន្តរយៈពេល៤ឆ្នាំរបស់គម្រោងបែងចែក​ដីដើម្បី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តក្របៅ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី​មន្ត្រីពាក់ព័ន្ធ​នៅក្នុងខេត្ត មន្ត្រីគម្រោង LASED II និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណជិត១០០០នាក់។

ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងបង្ហាញដល់ប្រជាពលរដ្ឋអំពីសមិទ្ធផល និងផែនការគាំទ្រ​បន្តរយៈពេល៤ឆ្នាំទៅមុខទៀតរបស់គម្រោង LASED II ដែលកំពុងអនុវត្តនៅក្នុងឃុំដូងចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១​ខាងមុខ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍​ជម្រាបជូនដល់​ប្រជា​​ពលរដ្ឋដែលបានចូលរួមក្នុងឱកាសនោះថា ការដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីជាសក្ខីភាព និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋឱ្យមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត និងមន្ត្រីអនុវត្តគម្រោង LASED II ដែលបាននឹងកំពុងបន្តជួយដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លី និងប្រជាពលរដ្ឋដែលមានដីធ្លីតិចតួច ដើម្បីទទួលបានដីលំនៅឋាន និងដីកសិកម្ម សម្រាប់ការប្រើប្រាស់​ក្នុងការបង្កើនជីវភាពរស់នៅ។ ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈការអនុវត្តគម្រោង LASED II នៅក្នុងឃុំដូងនេះ ប្រជាពលរដ្ឋដែលបានបំពេញទៅតាមលក្ខខណ្ឌនានារបស់គម្រោង និងប្រជាពលរដ្ឋ​ក្រីក្រ​អត់ដីធ្លីពិតប្រាកដ ឬក៏មានដីធ្លីតិចតួចនឹងទទួលបានដីសម្បទានសង្គមកិច្ចជាដីលំនៅឋានទំហំ ៣០ x ៤០ ម៉ែត្រ និងដីកសិកម្មទំហំចាប់ពី១ហិចតា ទៅតាមទំហំគ្រួសារ។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំនេះបានសម្តែងនូវការរីករាយ និងសប្បាយចិត្តចំពោះ​ការអនុវត្តគម្រោង LASED II នៅក្នុងឃុំដូង ហើយពួកគាត់កាន់តែមានទំនុកចិត្តបន្ថែមទៀត​ដោយឃើញ​វត្តមានឯកឧត្តមអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធនានាបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោង និងផែនការគាំទ្របន្តរយៈពេល៤ឆ្នាំរបស់គម្រោង LASED II នៅក្នុងឃុំដូងនៅពេលនេះ។​

ទីតាំងដីសង្គមកិច្ចនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាទីតាំងថ្មីទើបត្រូវបាន​អនុវត្ត​នៅក្នុងគម្រោង LASED II ចាប់ពីឆ្នាំ២០១៦ នឹងបន្តរហូតដល់ឆ្នាំ២០២១។ ទីតាំងដីសម្បទានសង្គមកិច្ច​នៅឃុំដូងមានចម្ងាយប្រមាណ៨៦គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមការងារគម្រោង LASED II ប្រចាំខេត្តកំពង់ធំ បានសម្របសម្រួលសហការ​ជាមួយអ្នកពាក់ព័ន្ធ​ចុះ​សិក្សាផលប៉ះពាល់ និងដោះស្រាយជូនប្រជាពលរដ្ឋជាច្រើនលើក ដោយបានធ្វើការសម្របសម្រួល​ជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់ដីនៅក្នុងតំបន់ដីស្នើសុំ និងកាត់ឆ្វៀលចេញពីផែនទី។ ជាចុង​ក្រោយ នៅសល់ដីទំហំ ១.៩៩២,៧៩ហិកតា និងបានប្រជុំគណៈកម្មាធិការគ្រប់គ្រង​និងបែងចែកដីរដ្ឋ​ថ្នាក់ខេត្តអនុម័តរួចរាល់។

លើសពីនេះ ក្រុមការងារក៏បានសម្របសម្រួលប្រជុំផ្សព្វផ្សាយ​អំពីលក្ខណៈ​វិនិច្ឆ័យសម្បទានិកដល់​ប្រជាពលរដ្ឋទាំង៨ភូមិ និងបានទទួលពាក្យស្នើសុំរួចរាល់។ មកដល់ពេលនេះ ក្រុមការងារបាននឹងកំពុង​បូកសរុបដាក់ពិន្ទុ និងបន្ទាប់មកបន្តផ្សព្វផ្សាយលទ្ធផលជូនប្រជាពលរដ្ឋ និងរង់ចាំការតវ៉ា និងដោះស្រាយ​ប្រកបដោយតម្លាភាព ដែលតាមគម្រោងមានសម្បទានិកសរុបចំនួន៧០០គ្រួសារ​នឹងត្រូវជ្រើសរើសក្នុងការ​ផ្តល់ដីសម្បទានសង្គមកិច្ចនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារគម្រោងបាននឹងកំពុងចាប់ផ្តើមអនុវត្តការងាររៀបចំដីកសិកម្ម និងដីលំនៅឋានសរុបប្រមាណ ៥០០ហិកតា សម្រាប់ចែកជូនប្រជាពលរដ្ឋជាសម្បទានិកទាំង៧០០​គ្រួសារដែលនឹងត្រូវជ្រើសរើស។

នៅក្នុងឆ្នាំ២០១៨នេះ  គម្រោងនឹងចំណាយថវិកាសម្រាប់អភិវឌ្ឍនៅក្នុងទីតាំងដីសម្បទាន​សង្គមកិច្ចនៅក្នុងឃុំដូងចំនួន១.៦៩៦.១៦០ដុល្លារអាមេរិក ដោយគម្រោងនឹង៖

  • គាំទ្រសម្ភារៈសាងសង់ជម្រកដែលរួមមានការផ្តល់ស័ង្កសីចំនួន៤០សន្លឹកក្នុងមួយគ្រួសារ​
  • គាំទ្រសម្ភារៈចាប់ផ្តើមជម្រកស្នាក់នៅដំបូងដូចជាអំពូលពន្លឺព្រះអាទិត្យ តង់ប្លាស្ទិក កន្ទេល ភួយ ពាងទឹក និងធុងចម្រោះទឹក។ល។
  • គាំទ្រសម្ភារៈកសិកម្មចំនួន៨មុខរួមមានចប កាំបិត ពូថៅ ធុងទឹក និងអង្ករចំនួន២០០គីឡូក្រាម គ្រាប់ពូជចំនួន៦មុខ និងដើមឈើ៥ដើម
  • សាងសង់អគារសហគមន៍ចំនួន១ខ្នង
  • សាងសង់សាលាបឋមសិក្សចំនួន២ខ្នង មាន១០បន្ទប់
  • សាងសង់អគារប៉ុស្តិ៍សុខភាពចំនួន១ខ្នង
  • សាងសង់អគារសម្រាប់គ្រូបង្រៀន និងគិលានុប្បយិការចំនួន១ខ្នង មាន៤បន្ទាប់
  • សាងសង់ផ្ទាំងប៉ាណូផ្សព្វផ្សាយព័ត៌មានចំនួន១
  • ផ្តល់គ្រាប់ពូជដំណាំគម្រប (សណ្តែក) ​និងកូនស្វាយចន្ទីសរុបចំនួន៥០០ហិកតា
  • គាំទ្រភ្ជួរដីជូនប្រជាពលរដ្ឋសរុបចំនួន៥០០ហិកតា
  • សង់អណ្តូងស្នប់ចំនួន៣៥​
  • បោះបង្គោលព្រំដីលំនៅឋាន ដីកសិកម្ម និងដីព្រំប្រទល់ព្រៃឈើ បឹង ត្រពាំង សរុបចំនួន៥.៣៥០​
  • គាំទ្រសកម្មភាពបណ្តុះបណ្តាលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមានការ​បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការធ្វើបទបង្ហាញកសិកម្ម។ល។
  • គាំទ្រសកម្មភាពមន្ទីរពាក់ព័ន្ធផ្សេងៗទៀតក្នុងការចូលរួមអភិវឌ្ឍទីតាំងឃុំដូងរួមមានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មន្ទីរធនធានទឹក និងអាជ្ញាធរស្រុក និងឃុំ។

ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ គម្រោង LASED II​ គ្រោងនឹងចំណាយថវិកាសរុប​ចំនួន​៣.៨៨៥.១៨៣ ដុល្លារអាមេរិក​ ដោយថវិកាទាំងនេះនឹងផ្តោតលើការគាំទ្រទាំងផ្នែកហេដ្ឋារចនា​សម្ព័ន្ធ សេវាកម្មបណ្តុះបណ្តាល និងការគាំទ្រទុនបង្វិលសហគមន៍ ដែលក្នុងនោះរួមមាន​ គម្រោងសាងសង់ផ្លូវ​ដីស សរុបប្រវែង២៩គីឡូម៉ែត្រ និងផ្លូវគ្រួសក្រហមសរុបចំនួន២២គីឡូម៉ែត្រ សរុបចំនួន ១.៣៤២.០០០​ដុល្លារអាមេរិក សេវាកម្មគាំទ្រទុនបង្វិលសហគមន៍រយៈពេល៣ឆ្នាំ (២៨០ដុល្លារអាមេរិកក្នុងមួយគ្រួសារ)​ ថវិកាសរុបចំនួន ១៩៦.០០០ ដុល្លារអាមេរិក និងគាំទ្រសេវាកម្មបណ្តុះបណ្តាលដោយមន្ទីរវិស័យ និងថវិកាប្រតិបត្តិសរុបចំនួន ៦៥១.១៨៣ ដុល្លារអាមេរិក៕

  

  

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់