គម្រោង LASED II ផ្សព្វផ្សាយពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់សម្បទានិកនៅលើដីសម្បទានសង្គមកិច្ច

ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់ខេត្តនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ (LASED II) រួមជាមួយអាជ្ញាធរភូមិ ឃុំ  ​ បានរៀបចំពិធីផ្សព្វផ្សាយលក្ខខណ្ឌ និងកាតព្វកិច្ចរបស់សម្បទានិកមុនទទួលបានប័ណ្ណកម្មសិទ្ធិ និងការផ្សព្វផ្សាយឲ្យសម្បទានិក បន្តចូល មករស់នៅលើដីលំនៅឋាន និងប្រើប្រាស់ដីកសិកម្មនៅអគារសហគមន៍ស្ថិតនៅក្នុងភូមិគីរីអភិវឌ្ឍន៍ ឃុំឈានទ្បើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។ ​

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ ក្រុមការងារបានពន្យល់ និងរំលឹកដល់សម្បទានិក ដែលកំពុង រស់នៅ និងបង្កបង្កើនផលលើដីសម្បទានសង្គមកិច្ចខាងលើ ត្រូវបន្តប្រើប្រាស់ទាំងដីលំនៅ ឋាន ទាំងដីកសិកម្មដែលរាជរដ្ឋាភិបាលតាមរយៈគម្រោង LASED II បានចែកជូនឱ្យស្របទៅតាមលក្ខខណ្ឌ និងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ លើសពីនេះ ក្រុមការងារក៏បានជម្រាបជូនដល់សម្បទានិក​គ្រប់រូប​ឱ្យរៀបចំឯកសារពាក់ព័ន្ធដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ បង្កាន់ដៃដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ដើម្បីក្រុមការងារចុះផ្ទៀងផ្ទាត់ក្បាលដីពិនិត្យជាបន្តបន្ទាប់ និងរៀបចំឯកសារ​ស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនក្នុងពេលខាងមុខ។ ទន្ទឹមនឹង​នោះ ក្រុមការងារក៏​បានផ្តាំផ្ញើដល់សម្បទានិកដែលមានមករស់នៅអចិន្ត្រៃយ៍លើដីសម្បទានសង្គមកិច្ច ជួយផ្សព្វផ្សាយបន្ត​ដល់សម្បទានិកមួយចំនួនតូចដែលមិនទាន់មកស្នាក់នៅអចិន្ត្រៃយ៍នៅឡើយ ឱ្យចូល​មករស់នៅ និងបង្ក​បង្កើនផលជាអចិន្ត្រៃយ៍ដើម្បីបំពេញគ្រប់លក្ខខណ្ឌរបស់គម្រោងឈានទៅទទួល​បានបណ្ណកម្មសិទ្ធិ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅអគារសហគមន៍ ក្រុមការងារ និងសម្បទានិក បានបន្តហែរក្បួន​តាម​ម៉ូតូកង់បី ម៉ូតូ និងថ្មើរជើង ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើជូនដល់សម្បទានិកដែលមិន​បានចូលរួម និងសម្បទានិកដែលកំពុងបង្កបង្កើនផលនៅតាមដីកសិកម្មរបស់ខ្លួន។ ​

សកម្មភាពនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងរបស់គម្រោង LASED II ក្នុងការបង្កើន​ការ​យល់ដឹងដល់សម្បទានិកគ្រប់រូបពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់សម្បទានិកមុននឹងឈានទៅទទួល​បានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ក្រៅពីទីតាំងខាងលើ ក្រុមការងារផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង នឹងបន្តផ្សព្វផ្សាយនៅតាមទីតាំងទាំង១៣ផ្សេងទៀតរបស់គម្រោងជាបន្តបន្ទាប់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់