កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨របស់គម្រោង LASED II ប្រចាំខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) និងឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តទទួលបន្ទុក​គម្រោង LASED II​ ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ របស់គម្រោង LASED II​ ដល់មន្រ្តីបច្ចេកទេសរបស់គម្រោងនៅថ្នាក់ខេត្ត ​និងស្រុកគោលដៅទាំងពីរ (ស្រុកសន្ទុក និងស្រុកប្រាសាទបល័ង្ក) ដែលមានសមាសភាពអ្នកចូលរួមសរុបប្រមាណ៤០រូប នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំទីចាត់ការអន្តរវិស័យអគារC ខេត្តក្រចេះ។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ និងបន្តលើកកម្ពស់ការអនុវត្តការងាររបស់គម្រោង LASED II នៅក្នុងខេត្តកំពង់ធំ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតក្នុងការអនុវត្តគម្រោងនេះនៅ​ឆ្នាំ២០១៨នេះ។

​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED II ជាគម្រោងមួយដែលគាំទ្រដល់ការប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកដីជូនដល់ប្រជាពលរដ្ឋដែលគ្មានដី និងប្រជាពលរដ្ឋក្រីក្រ តាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ គម្រោងមានគោលបំណងបែងចែកដីធ្លីរបស់រដ្ឋដែលមានលក្ខណៈសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិតភាពជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្រួសារដែលគ្មានដីធ្លីសោះ និងដាក់បង្ហាញនូវការអនុវត្តដំណើរការតាមស្តង់ដារ និងមានតម្លាភាពមួយសម្រាប់ពង្រីកការអនុវត្តសម្បទានដីសង្គមកិច្ចដែលផ្តួចផ្តើមនៅមូលដ្ឋាន។

គម្រោងនេះមានរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២៥លានដុល្លារអាមេរិក ពីធនាគារពិភពលោក និងចូលរួមបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន១,៥លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តក្នុងខេត្តគោលដៅចំនួន៥ គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលមានស្រុកគោលដៅសរុបចំនួន១២ លើផ្ទៃដីចំនួន១៧.០៤៤,៨០ ហិចតា ដែលមានប្រជាពលរដ្ឋទទួលផលចំនួន ៥.១៤១គ្រួសារ ស្មើនឹង ២៥.១៦០នាក់។

សមិទ្ធផលសំខាន់ៗ​នៅក្នុង​ឆ្នាំ​២០១៧​របស់​គម្រោង LASED II រួមមាន៖​ ១) បានរៀបចំ​ធនធាន​មនុស្ស​​​ទាំងនៅ​ថ្នាក់​ជាតិ ​ថ្នាក់ក្រោមជាតិ ​និង​ទីប្រឹក្សា​សរុបចំនួន១៩៣នាក់ ដើម្បី​ធានា​បាន​នូវប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង។ ២) បាន​រៀប​ចំ​បង្កើតភូមិ​ថ្មី​សរុបចំនួន១១​​ ដើម្បី​​គាំទ្រដល់​ការ​​ធ្វើ​វិមជ្ឍការ​ធន​​ធាននៅ​ថ្នាក់​​​រដ្ឋបាលឃុំ។ ៣) បាន​ផ្តល់ប័ណ្ណកម្ម​សិទ្ធ​​ដី​ជូន​ប្រជា​ពលរដ្ឋសរុប​ចំនួន​៧២៦គ្រួសារ​ ស្មើនឹង​១៤,១២% នៃគោលដៅគម្រោង។​ ៤) បានផ្តល់ការ​គាំ​ទ្រក្នុងការកសាងផ្លូវ ​​រួមមាន​ផ្លូវ​គ្រួស​ក្រហម​​​សាងសង់ថ្មី​មានប្រវែងសរុប​ចំនួន២២​គីឡូម៉ែត្រ ផ្លូវ​ដី​​សប្រវែង ​​​​​​​២០១​គីឡូម៉ែត្រ ​ផ្លូវ​ដី​ស​ត្រូវ​ជួស​ជុលប្រវែង​២៥​គីឡូម៉ែត្រ និងផ្លូវដែល​ត្រូវ​​ដំឡើង​​​ទៅ​ជា​ផ្លូវ​ក្រាល​​​​​​​​គ្រួស​​ក្រហម​សរុប​ប្រវែង ១០៦,៩៦គីឡូម៉ែត្រ ដោយ​​​បាន​សិក្សា​បទ​ដ្ឋានបច្ចេកទេស​រួច​រាល់ និងត្រូវអនុវត្តនៅ​ក្នុងឆ្នាំ​២០១៨​នេះ។  ៥) បានគាំទ្រការសាងសង់សាលា​រៀនចំនួន​០៨ខ្នង  អគាសហគមន៍ចំនួន១១​ខ្នង ផ្ទះគ្រូបង្រៀន និង​គិលានដ្ឋានចំនួន១៤ខ្នង  ប៉ុស្តិ៍សុខ​ភាព​ចំនួន៥ខ្នង អណ្តូង​​ទឹក​ស្អាតចំនួន៦០​​ដែលបាន​សិក្សា​បទដ្ឋាន​​បច្ចេក​ទេស​រួចរាល់ និង​កំពុង​អនុវត្តបណ្តើរៗ។ ដោយ​ឡែក​​មាន​​​លូទឹក និង​បង្គោល​​​​​​ព្រំ​ដីលំ​នៅដ្ឋាន ដីក​សិកម្ម​ និង​ការ​​សាងសង់ប្រព័ន្ធស្រោចស្រព​ដែល​គ្រោងនឹងអនុវត្តនៅក្នុងឆ្នាំ​២០១៨ នេះ។

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់