កិច្ចប្រជុំប្រចាំខែមេសារបស់គម្រោង LASED II

រាជធានីភ្នំពេញ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ក្រោមអធិបតីភាព ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួល LASED II និងមានការអញ្ជើញចូលរួមពីប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្ត ទីប្រឹក្សា និងមន្ត្រីជំនាញនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលជាខេត្តគោលដៅអនុវត្តគម្រោង LASED II សរុបប្រមាណ៣០រូប កាលពីថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។

បន្ទាប់ពីមានមតិស្វាគមន៍រួចមក ឯកឧត្តម ជាម ប៉េអា បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំនេះថា ការរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០១៨នេះ មានគោលបំណង ១).ដើម្បីតាមដាន គាំទ្រ និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង LASED II ឱ្យទទួលបានលទ្ធផលល្អស្របទៅតាមផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ ​​២).កំណត់ផែនការសកម្មភាពបន្ត និងសកម្មភាពដែលត្រូវយកចិត្តទុកដាក់បន្ថែមក្នុងការសម្រេចឱ្យបានទៅតាមផែនការ និង ៣). ដើម្បីពង្រឹងការទំនាក់ទំនង និងរបាយការណ៍រីកចម្រើនរបស់គម្រោង។

ផ្អែកតាមបទបង្ហាញរបស់ទីប្រឹក្សាជាន់ខ្ពស់គ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិ និងទីប្រឹក្សាជាន់ខ្ពស់ថ្នាក់ជាតិគ្រប់គ្រងហិរញ្ញវត្ថុ ​បានបង្ហាញថា នៅឆ្នាំ២០១៨នេះ ​លេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តទាំងប្រាំ គឺខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ​ បានគ្រោងសកម្មភាពវិនិយោគចំនួន៤១០ និងសកម្មភាពសម្រាប់ប្រតិបត្តិការមានចំនួន៩១ ដែលគ្រោងចំណាយថវិកាសរុបចំនួន ១០.៧១៥.៤៩៦,១៨ដុល្លារអាមេរិក។ គិតមកត្រឹមខែមេសា ឆ្នាំ២០១៨នេះ លេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលខេត្តទាំងប្រាំ​បានអនុវត្ត​សកម្មភាពវិនិយោគសម្រេចបានចំនួន១៥% នៃសកម្មភាពវិនិយោគសរុប ដោយមិនគិតពីសកម្មភាពប្រតិបត្តិការឡើយ។ រីឯការចំណាយលើសកម្មភាពវិនិយោគ និងសកម្មភាពប្រតិបត្តិការ​មានចំនួនសរុប ១.៣៤០.៣១៧,៩៩ ដុល្លារអាមេរិក គឺស្មើនឹងចំនួន១៣%នៃផែនការថវិកាសរុប។

បន្ទាប់ពីបានស្តាប់របាយការណ៍ពីថ្នាក់ជាតិ និងបទបង្ហាញពីថ្នាក់ក្រោមជាតិនៃរដ្ឋបាលខេត្តនីមួយៗ ឯកឧត្តម ជាម​ ប៉េអា បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានខិតខំអនុវត្តសកម្មភាពស្របទៅតាមផែនការសកម្មភាព និងថវិកាដែលបានលើកនៅឆ្នាំ២០១៨នេះ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើការបន្តអនុវត្តសកម្មភាពបន្ថែមទៀតរបស់ក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិធ្វើយ៉ាងណាត្រូវតែអនុវត្តឱ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក និងត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតមាននៅតាមតំបន់គោលដៅនីមួយ។

ចំពោះផែនការសកម្មភាពបន្តដែលគម្រោងនឹងត្រូវយកចិត្តទុកដាក់រួមមាន៖

  • ការបន្តកិច្ចសហការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងគម្រោង
  • ជំរុញអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ នៅថ្នាក់ក្រោមជាតិជាមួយមន្ទីរវិស័យ
  • សិក្សាប្រមូលទិន្នន័យសាងសង់ផ្លូវឱ្យបានរួចរាល់ និងដាក់ជូនថ្នាក់ជាតិសម្រាប់រៀបចំធ្វើលទ្ធកម្ម
  • អនុវត្តសកម្មភាពលទ្ធកម្មសហគមន៍ដូចជាលទ្ធកម្មគ្រាប់ពូជ និងភ្ជួរដី
  • រៀបចំទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ក្នុងប្រទេស និងក្រៅប្រទេស
  • បន្តធ្វើបច្ចុប្បន្នភាព និងការបណ្តុះបណ្តាលដល់ថ្នាក់ក្រោមជាតិលើនីតិវិធីលទ្ធកម្មសហគមន៍ ការងារគ្រប់គ្រងហិរញ្ញវត្ថុ តាមដានត្រួតពិនិត្យ និងវាយតម្លៃ
  • បណ្តុះបណ្តាលកិច្ចប្រតិបត្តិការសហគមន៍
  • សម្របសម្រួលត្រួតពិនិត្យសុវត្ថិភាពសង្គម និងបរិស្ថានរបស់គម្រោង
  • សម្របសម្រួលរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាន និងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ។

   

   

   

   

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់