​មន្ត្រីគម្រោង LASED II ទទួលបានការបណ្តុះបណ្តាលជំនាញប្រើប្រាស់ម៉ាស៊ីនថតរូប និងរបៀបថតវីដេអូខ្លី

ខេត្តកំពង់ធំ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានរៀបចំ​វគ្គបណ្តុះ​បណ្តាលស្តីពីសញ្ញាណទូទៅ​នៃការប្រើប្រាស់ម៉ាស៊ីនថតរូប និងរបៀបថតវីដេអូខ្លី ដល់មន្ត្រីជំនាញ​ផ្នែក​ទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានថ្នាក់ជាតិដែលមានតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​លេខាធិការធិការដ្ឋានគណៈ​កម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ ​និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងតំណាងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិមកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ​ នៅថ្ងៃពុធ ព្រហស្បតិ៍ ៤-៥រោច ខែចេត្រ ឆ្នាំរកា​ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលប្រជុំគម្រោង LASED II នៅខេត្ត​កំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ឱ្យសិក្ខាកាមទាំងអស់​បានយល់ដឹងពីសញ្ញាណទូទៅ​នៃ​​ការ​ប្រើប្រាស់​ម៉ាស៊ីនថតរូប និងរបៀបថតរូបឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយគុណភាព ដើម្បីបម្រើដល់ការផ្សព្វផ្សាយពីដំណើរការ និងលទ្ធផលរបស់គម្រោង​ឱ្យកាន់តែល្អប្រសើរ។

បន្ទាប់ពីបានសិក្សាទ្រឹស្តីរួចមក សិក្ខាកាមទាំងអស់ក៏បានចុះអនុវត្តផ្ទាល់​នូវជំនាញថតរូប និងថតវីដេអូខ្លី ​នៅទីតាំងដីបម្រុងបែងចែក ដែលស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំផងដែរ។ ក្រោយមក សិក្ខាកាមបានប្រមូលរូបថតដែលថតបានយកមកបង្ហាញ ពិភាក្សា និងផ្តល់យោបល់ទៅវិញទៅមក ដើម្បីកែលម្អចំណុចខ្វះខាត និងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ ​

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដាច់ដោយឡែកនានាដែលបាននឹងកំពុងអនុវត្តក្នុងខេត្តគោលដៅចំនួនប្រាំ រួមមានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ​ក្រោម​ហិរញ្ញប្បទានឥណទានតាមរយៈ​កម្ចីហិរញ្ញវត្ថុគម្រោង​វិនិ​យោគ (IPF) ក្នុង​ថវិកាចំនួន២៦,៨៦​លាន​ដុល្លារអាមេរិក គ្របដណ្តប់​លើទីតាំងចំនួន១៤​កន្លែង ​ក្នុងឃុំគោលដៅចំនួន១២ឃុំ ស្រុកគោលដៅចំនួន៧ស្រុក លើផ្ទៃដីចំនួន​១៧.០៤៤,៨០ហិចតា ដែលមានប្រជាពលរដ្ឋ​ទទួលផល​ចំនួន៥.១៤១គ្រួសារ ស្មើនឹង ២៥.១៦០នាក់។ ការអនុវត្តគម្រោងនេះគឺជាការខិតខំមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសំដៅបង្កើនគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងស្របទៅតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ៕

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់