អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីដែលទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច និងរក្សាសាមគ្គីភាពផ្ទៃក្នុង

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រុញ និងធ្វើការផ្ដាំផ្ញើដល់​មន្ត្រីដែលទើបទទួលការ​តែងតាំង​ថ្មីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អ ហើយរក្សាឲ្យបាន​សាមគ្គីភាព ឯកភាពគ្នា និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ថ្លែងដូច្នេះក្នុងឱកាសដែល​ឯកឧត្តមអភិ​បាល​ខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់​មុខតំណែង ក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាព ជុំវិញខេត្ត សរុបចំនួន៧រូប នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងដែរថា រាល់ការតែងតាំង ការប្រគល់ភារកិច្ច និងការរៀបចំមុខ​តំណែង​មន្រ្តីរាជ​ការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង និងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់​ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជា​ពិសេស​គឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះមន្រ្តីដែលទើបទទួលការ តែងតាំងថ្មីទាំងអស់ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ អនុវត្តការងារតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រោះការ​ដឹកនាំ ការគ្រប់គ្រងរដ្ឋបាលសាធារណៈមិនមែនធ្វើតាមការនឹកឃើញនោះទេ។ ម៉្យាងវិញទៀត ត្រូវខិតខំចុះធ្វើ​ការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ។ ឯកឧត្តមក៏បានបន្តទៀតថា ត្រូវ​ចាត់​វិធានការឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវរួមគ្នា​ធ្វើ​កិច្ចការនេះដោយយកចិត្តទុកដាក់ មិនត្រូវបណ្ដែតបណ្ដោយ ឲ្យមានការបំផ្លិចបំផ្លាញធនធាន​ធម្មជាតិតទៅ​ទៀតនោះទេ។ ឯកឧត្តមក៏បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ​ទាំងអស់កុំឱ្យជឿតាមការឃោសនារបស់ជនអគតិមួយចំនួនតូច ដែលតែងតែ បង្កអសន្តិសុខ បង្កចលាចល អំពាវនាវឱ្យ បងប្អូនយើងងើបឡើងបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាល របស់យើង និង ត្រូវខិតខំចូលរួមថែ​រក្សាសុខ​សន្តិភាពដែលរកបាន ដោយលំបាកនេះ ដើម្បីអនាគតកូនចៅរបស់យើងជំនាន់ក្រោយ។

សូមបញ្ចាក់ថា មន្ត្រីរាជការចំនួន៧រូបដែលត្រូវប្រកាសចូលកាន់តំណែងរួមមាន៖ នាយខណ្ឌ រដ្ឋបាលជល​ផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន១រូប អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃ​មន្ទីរធន​ធានទឹក និងឧតុនិយមខេត្តចំនួន៤រូប និងអនុប្រធានមន្ទីរ ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈខេត្តចំនួន២រូប៕

ប្រភពពីរដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់