វគ្គបណ្តុះ​បណ្តាល​ស្តីពី ការអនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​គណនេយ្យ​ភាព​សង្គម

ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៖ នៅ​ថ្ងៃ​ទី ៣កើត ខែ​ជេស្ឋ ឆ្នាំ​កុរ​ ឯកស័ក ព.ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៥ ខែ​មិថុនា ឆ្នាំ​២០១៩ រដ្ឋបាល​ស្រុកត្រាំកក់​ ដោយមាន​ការគាំទ្រពី​អង្គការ​ WVI និង​អង្គការ​ API បាន​រៀបចំ​វគ្គបណ្តុះ​បណ្តាល​ស្តីពី «ការអនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​គណនេយ្យ​ភាព​សង្គម» ដែល​​មាន​អ្នក​ចូលរួម​សរុបចំនួន ៤៣នាក់​ នៅ​សាលាស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

គោលបំណង​ចម្បងៗនៃ​វគ្គបណ្តុះ​បណ្តាលនេះ គឺ​​ផ្តល់​ចំណេះ​ដឹងជា​មូល​ដ្ឋាន​អំពី ផែន​ការ​យុទ្ធ​សាស្ត្រ​ស្តី​ពី​ការងារ​គណនេយ្យភាពសង្គម​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដល់​អ្នក​ចូលរួម​ដើម្បី​មាន​លទ្ធភាព​អនុវត្ត​ផែនការ​អនុវត្តគណនេយ្យ​ភាព​សង្គម​ដំណាក់​កាល​ទី​២ (២០១៩-២០២៣) ដោយ​ផ្តោត​ទៅ​លើ​ការ​យកចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​ភាព​ងាយ​ស្រួល​ទទួល​បាន​ព័ត៌មាន​នានា និង​ព័ត៌មាន​ថវិកា ការត្រួត​ពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​ ការ​សម្រប​សម្រួល​ ការ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ និង​ការបញ្ចូលទិន្នន័យព័ត៌មាន។

ថ្លែង​ក្នុង​ពិធីបើក​វគ្គ​បណ្តុះ​បណ្តាល​នេះ លោក ហ៊ឹម ថន អភិបាល​រងស្រុក​ត្រាំកក់ បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​២០១៩​នេះ លេខាធិការដ្ឋាន គ.ជ.អ.ប បាន​ពង្រឹកវិសាល​ភាព​តំបន់​គោលដៅ​ថ្មី​សម្រាប់​ការអនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ក្នុង​ស្រុក​ចំនួន​២៤ នៃ​ខេត្ត​ចំនួន​០៥ ដូចជា៖ ខេត្ត​កំពង់​ចាមចំនួន០៨ស្រុក ខេត្ត​តាកែវ​ចំនួន​០៩ស្រុក ខេត្ត​បាត់​ដំបង​ចំនួន​០២ស្រុក ខេត្ត​ពោធិ៍សាត់ចំនួន​០២ស្រុក និងខេត្ត​កំពង់ស្តឺ​ចំនួន​០៣ស្រុក។ ដោយឡែក​សម្រាប់​ខេត្ត​ដែល​ជា​គោលដៅ​ថ្មីសុទ្ធសាធ​គឺ ខេត្ត​កំពង់ចាម និង​ខេត្ត​តាកែវ។

សូមបញ្ជាក់​ថា​ គោល​ការណ៍​សំខាន់​ៗ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គមមាន​ចំនួន០៧ ដូចតទៅ៖

(ទី១) អាទិភាព​របស់​ប្រជាពលរដ្ឋ៖ ប្រជាពលរដ្ឋ​ជាអ្នក​កំណត់​អំពី​តម្រូវ​ការជា​អាទិភាពរបស់​ខ្លួន ដោយ​អាច​ផ្តោតទៅ​លើ​សេវាអប់រំ សុខាភិបាល ការគ្រប់​គ្រង​ធនធាន​ធម្មជាតិ បរិស្ថាន កសិកម្ម។ល។

(ទី២) កម្រិតមូលដ្ឋាន៖ សកម្មភាព​នានានឹង​ផ្តោត​ទៅ​លើ​ការប្រាស្រ័យ​ទាក់​ទង​ការពិភាក្សា​ និង​ការ​ដោះ​ស្រាយ​បញ្ហា​នានា​នៅ​តែ​ក្នុង​កម្រិត​មូលដ្ឋាន​ប៉ុណ្ណោះ។

(ទី៣) ការចូលរួម​ក្នុង​ន័យ​ស្ថាបនា៖ គណនេយ្យភាព​សង្គម​នឹង​ប្រកាន់​យក​នូវ​អភិក្រម​ដែល​មាន​លក្ខណៈ​ស្ថាបនាដោយ​ផ្អែក​ទៅ​លើ​កិច្ច​សហការ​គ្នា​ជាជាង​ការប្រឈមគ្នា​ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​លទ្ធផល​ដែល​ប្រាថ្នា​ចង់​បាន។

(ទី៤) ការតាំង​ចិត្ត​៖ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​មន្ទីរ​ អង្គភាព​ជំនាញ​នៅ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​តាំង​ចិត្ត​ចូល​រួម​ យ៉ាង​សកម្ម​នូវ​រាល់​សកម្មភាព​គណនេយ្យភាព​សង្គម​ប្រជាពលរដ្ឋ​ និង​តំណាង​នានារបស់​ប្រជាពលរដ្ឋ។

(ទី៥) ភាពជាដៃគូ៖ កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​នឹង​ត្រូវ​បាន​ប្រកាន់​យកយ៉ាង​ច្បាស់​លាស់​ដើម្បី​កសាង​និង​ពង្រឹង​ភាព​ជាដៃគូ​រវាង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ និង​ក្នុង​ចំណោម​អង្គការ​ សង្គម​ស៊ីវិល​នានា។

(ទី៦) ការដាក់​បញ្ចូល​នូវ​តម្រូវ​ការ​នានា៖ អន្តរាគមន៍​នានា​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការផ្តល់​សិទ្ធិ​អំណាច​​ការចូលរួម​ និង​ការ​ដោះ​ស្រាយ​នូវ​រាល់​តម្រូវ​ការផ្សេងៗ​គ្នា​របស់​ប្រជា​ពលរដ្ឋ​ទាំង​ឡាយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តម្រូវ​ការ​របស់​ស្ត្រី​ យុវវ័យ និង​ក្រុម​ជនងាយ​រង​គ្រោះ​នានា ដូច​ជា​ជន​ក្រីក្រ និងជន​ជាតិ​ ដើមភាគតិច​ជាដើម​ផងដែរ។

(ទី៧) ការខិតខំ​លុប​បំបាត់​នូវគម្លាត៖ ផែនការយុទ្ធសាស្ត្រ​នេះ​នឹង​ដោះស្រាយ​ភាព​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៃ​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ ព្រម​ទាំង​មាន​គោល​បំណង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូវ​នូវ​វិសាល​ភាព​ និង​សារធាតុ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​ប្រជាពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់