ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ច​ប្រជុំត្រួតពិនិត្យមើលលទ្ធផល​នៃរបាយការណ៍អង្កេតដើមគ្រាលើការ​អនុវត្តការងារគណនេយ្យភាពសង្គម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា ធិការគ្រប់គ្រង​ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម (គ.គ.អ.ស) បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ ដើម្បីស្តាប់បទបង្ហាញពីលទ្ធផលនៃរបាយការណ៍អង្កេតដើមគ្រា លើការ​អនុវត្តការងារគណនេយ្យភាព​សង្គម​ដោយអ្នកជំនាញរបស់ធនាគារពិភពលោក នៅក្នុងសាលប្រជុំមជ្ឈមណ្ឌលសិក្សា​ស្រាវជ្រាវ​អភិបាលកិច្ច នៃនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ចនៃក្រសួងមហាផ្ទៃ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន សមាជិក សមាជិកា មកពីផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែល​បាននឹងកំពុងអនុវត្តការងារទាក់ទងការងារគណនេយ្យភាពសង្គមសរុបប្រមាណជាង៣០រូប។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.គ.អ.ស បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំនេះថា លទ្ធផលនៃ​របាយការណ៍អង្កេតនេះនឹងបានជាទុនមួយសម្រាប់ក្រុមការងារ គណនេយ្យភាពសង្គមថ្នាក់ជាតិ និងអង្គការដៃគូដែលបាននឹងកំពុងអនុវត្តការងារទាក់ទងនឹងការងារ គណនេយ្យភាពសង្គមក្នុងការឆ្លុះបញ្ចាំងពីកម្រិតនៃការផ្តល់សេវារបស់អង្គភាពផ្តល់សេវា និងការចូលរួម​របស់ប្រជាពលរដ្ឋមុនពេលការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្ត។ ឯកឧត្តមបានមានប្រសាសន៍​បន្ថែមថា របាយការណ៍នេះនឹងក្លាយជាទុនមួយដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអនុវត្តការងារគណនេយ្យ​ភាពសង្គមបន្តទៀតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ផ្នែកតាមបទបង្ហាញរបស់លោក Andrew Beath តំណាងក្រុមស្រាវជ្រាវបានបង្ហាញថា ជារួមមុនពេល ការអនុវត្តការងារគណនេយ្យភាពសង្គមការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបីនៅមានកម្រិត ហើយ ការចូលរួមរបស់ប្រជាពលរដ្ឋក៏ហាក់ដូចជាមានចំនួនតិចតួចនៅឡើយ (របាយការណ៍លម្អិតនឹងត្រូវ​ចេញផ្សាយក្នុងពេលឆាប់ៗដោយធនាគារពិភពលោក បន្ទាប់ពីមានការពិគ្រោះយោបល់ពីភាគី​ពាក់ព័ន្ធ​នានា)។ គេរំពឹងថា បន្ទាប់ពីការអនុវត្ត​ការងារគណនេយ្យភាពសង្គមក្នុង​ចំណោមអង្គភាពផ្តល់សេវា​ទាំងបី​គឺរដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ការផ្តល់សេវានៅអង្គភាពទាំងបីនឹងកាន់តែ​ប្រសើរឡើង ហើយការចូលរួមរបស់​ប្រជាពលរដ្ឋក៏មានការកើនឡើងដែរ។ ការសិក្សាអង្កេតចុងគ្រាលើការ​អនុវត្តការងារគណនេយ្យភាពសង្គម​គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០១៩ ពោលគឺក្រោយការបញ្ចប់ការអនុវត្ត ផែនការយុទ្ធសាស្ត្រស្តីពីការងារ​គណនេយ្យភាពសង្គមឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។

ការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្តជាពីរផ្នែក គឺផ្នែកផ្គត់ផ្គង់ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ ក្រោមជាតិ និងផ្នែកតម្រូវការដែលអនុវត្តដោយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ កន្លងមក ការងារនេះត្រូវ​បានអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១៨ ដែលមានស្រុកគោលដៅចំនួន៩៨ ផ្តោតលើ​សេវារដ្ឋបាលឃុំ​ចំនួន៨២៧ សេវាមណ្ឌលសុខភាពចំនួន៦០៥ និងសាលាបឋមសិក្សាចំនួន៤.១០៨ ក្នុងការផ្តល់​ព័ត៌មាន​អំពីស្តង់ដារការបំពេញការងារ និងព័ត៌មានថវិកា។ ការអនុវត្តការងារគណនេយ្យភាព សង្គមនេះគ្រោងនឹងពង្រឹង និងពង្រីកវិសាលភាព​បន្ថែមទៀតនាពេលខាងមុខ។​

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់