រដ្ឋបាលថ្នាក់ក្រោមជាតិបន្តអនុវត្តការងារគណនេយ្យភាពសង្គមកាន់តែល្អប្រសើរ

ឯកឧត្តម ជាម ប៉េអា​ អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញចូលរួមជាអធិបតេយ្យនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអនុវត្តគម្រោង លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព  ដែលរៀបចំដោយអង្គការ រ៉ាឆា សហការជាមួយ​លេខាធិការដ្ឋាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងក្រសួងសុខាភិបាលនៅសាលាប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃព្រហស្បតិ៍១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។

សមាសភាពអញ្ជើញចូលរួមបើកសិក្ខាសាលានេះរួមមាន តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ ប្រធាន អនុប្រធាន និងមន្ត្រីចំណុះឱ្យមន្ទីរ និងការិយាល័យ​ពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ អង្គការដៃគូ ម្ចាស់ជំនួយ និងអង្គការរ៉ាឆា សរុបប្រមាណ៥០រូប។

តាមរយៈគម្រោង លើកកម្ពស់សិទ្ធិអំណាចសហគមន៍ ដើម្បីសុខភាព ការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្តដោយផ្នែកផ្គត់ផ្គង់ដែលមានរដ្ឋបាលខេត្តកំពង់ស្ពឺជាអ្នកអនុវត្ត។ ក្នុងនោះការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្ត​លើស្រុកគោលដៅចំនួន៤ ឃុំចំនួន៤៨ សាលាបឋមសិក្សាចំនួន១៦៨ និងមណ្ឌលសុខភាពចំនួន៣៣ នៅក្នុងខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជាម ប៉េអា​ បានថ្លែងសាទរជាមួយអង្គការ រ៉ាឆា ដែលបានអនុវត្តគម្រោង លើកកម្ពស់សិទ្ធិអំណាច​សហគមន៍ ដើម្បីសុខភាព ក្នុងការចូលរួមលើកកម្ពស់សុខភាពរបស់ពលរដ្ឋនៅមូលដ្ឋាន ហើយគម្រោងនេះក៏ជាផ្នែកមួយទាក់ទងនឹងការងារ​គណនេយ្យភាពសង្គមដែលជាផ្នែកមួយនៃ​អភិបាលកិច្ចល្អនៃកម្មវិធីជាតិ១០ឆ្នាំ (២០១០​ដល់​២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​​ជាតិ​​នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ឯកឧត្តមបាន​សង្កេតឃើញថា​ ការពង្រឹងគណនេយ្យភាពក្នុងក្របខ័ណ្ឌនៃកិច្ចដំណើរ​ការកំណែទម្រង់​ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានអនុវត្តកាន់តែល្អប្រសើរ។ ឯកឧត្តមបានលើកទឹកចិត្តរដ្ឋបាលខេត្តកំពង់ស្ពឺបន្តអនុវត្តការងារគណនេយ្យ​ភាព ​ដើម្បីបើកចំហរការផ្តល់សេវាជូនប្រជាពលរដ្ឋ​កាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ការងារគណនេយ្យភាពសង្គមត្រូវបានអនុវត្តជាពីរផ្នែក គឺផ្នែកផ្គត់ផ្គង់​ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកតម្រូវការដែលអនុវត្តដោយអង្គការ​សង្គមស៊ីវិល និងប្រជាពលរដ្ឋ។ កន្លងមក ការងារនេះត្រូវបានអនុវត្តនៅក្នុងខេត្តគោលដៅចំ​នួន១៨ ដែលមានស្រុកគោលដៅចំនួន៩៨ ផ្តោតលើសេវារដ្ឋបាលឃុំចំនួន៨២៧ សេវា​មណ្ឌល​សុខភាពចំនួន៦០៥ និងសាលាបឋមសិក្សាចំនួន៤.១០៨ ក្នុងការផ្តល់ព័ត៌មានអំពី​ស្តង់ដារការបំពេញការងារ និងព័ត៌មានថវិកា។ ការអនុវត្តការងារគណនេយ្យភាពសង្គមមានសារៈប្រយោជន៍ដូចជា៖

  • ផ្តល់សេវាកៀកជិតប្រជាពលរដ្ឋ
  • សមត្ថភាពយល់ដឹងរបស់ប្រជាពលរដ្ឋ និងតំណាងនានារបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់កាន់តែប្រសើរ ដើម្បីបន្តចូលរួមផ្តល់យោបល់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។
  • ការផ្តល់សេវា និងការបែងចែកធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលក្ខណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។
  • សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋទាំងឡាយជាពិសេសស្ត្រី និងយុវវ័យ ដែលជាតួអង្គសំខាន់ក្នុងការរួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរ និងត្រូវបានលើកកម្ពស់សិទ្ធអំណាចរបស់ខ្លួនតាមរយៈការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនឡើងអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ជួយជំរុញ និងរួមចំណែកការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់