សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ត្រូវធ្វើសកម្មភាពប្រកបដោយភាពអព្យាក្រឹត

រាជធានីភ្នំពេញ៖ សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​  និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ បាន​អញ្ជើញ​ជាអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធីបើកវេទិកា​​ ស្តីពី «​ភាព​ជាដៃ​គូ​រវាង​រាជ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​» កាល​ពីព្រឹក​​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ទី​ស្តី​ការ​ក្រសួង​មហា​ផ្ទៃ​​។

សម្តេច​ក្រឡា​ហោម​ ស ខេង បានមាន​ប្រសាសន៍​​​ថា៖ វេទិកា​ថ្ងៃ​នេះ​នឹង​ធ្វើ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ ពិសេស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដៃ​គូ​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ីវិល មាន​ការយល់​គ្នា​កាន់​តែ​ច្បាស់​លាស់​ថែម​ទៀត​ ដោយ​កំណត់​បាន​នូវ​បញ្ហា​នានា​ដែល​បាន​ជួប​ប្រទះ​កន្លង​មក និង​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ឈាន​ទៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ភាព​ជា​ដៃ​គូ​យ៉ាង​ពិត​ប្រាកដ ហើយ​ជាពិសេស​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នឹង​ចូល​រួម​អនុវត្ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​គោល​បំណង​លើក​កម្ពស់​នីតិ​រដ្ឋ​ និង​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ និង​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត។

រាជ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​តែ​ចាត់​ទុក​អង្គការ​សង្គម​ស៊ី​វិល គឺ​ជា​ដៃ​គូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍជាតិ និង​លើក​កម្ពស់​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ ជាក់​ស្តែង​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ ដែល​ក្នុង​នោះ​គណៈ​កម្មាធិការ​សម្រាប់​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​​ក្រោម​ជាតិ​ កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​ស្តីពី​ការងារ​គណនេយ្យ​ភាព​សង្គម​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​រវាង​រាជ​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ធានា​បាន​នូវ​គណនេយ្យភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន។ ការងារ​គណ​នេយ្យ​ភាព​សង្គម​ ​ត្រូវ​អនុវត្ត​រួម​គ្នា​ដោយ​ក្រសួង​ ស្ថាបន័​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ជាផ្នែក​ផ្គត់​ផ្គង់ (Supply Side) ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ជា​ផ្នែក​តម្រូវ​ការ​ (Demand Side) ក្នុង​ស្មារតី​សហ​ការ​គ្នា​ និង​ជួយ​ផ្តល់​យោបល់​ឱ្យ​គ្នា​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា។​ ការ​អនុវត្ត​ការងារ​គណ​នេយ្យ​ភាពសង្គម​នឹង​ធានា​បាន​ថា ព័ត៌មាន​នានា​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​រដ្ឋបាល​ឃុំ​ សង្កាត់​ ការបំពេញ​ការងារ​របស់​សាលាបឋមសិក្សា និង​មណ្ឌល​សុខភាព​ សិទ្ធិ​ ស្តង់​ដារ និង​បញ្ហា​ហិរញ្ញ​វត្ថុ​ត្រូវ​បាន​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​លក្ខណៈ​សាមញ្ញ ​ងាយ​យល់​ និង​បង្ក​លក្ខណៈឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ទាំង​នោះ​ដោយ​ងាយ​ស្រួល និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​លើ​ការ​បំពេញ​ការងារ​របស់​ផ្នែក​ផ្គត់ផ្គង់​ ហើយ​ប្រជាពលរដ្ឋអាច​ធ្វើ​ការ​ពិភាក្សា​នូវ​ចំណុច​ខ្វះខាត​នានា​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ និង​ធ្វើ​ការដោះ​ស្រាយ​រួមគ្នា។ រហូត​មក​ដល់​ពេល​នេះ​ ការ​អនុវត្ត​ការងារ​គណនេយ្យ​ភាព​សង្គម​ត្រូវ​បាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​ ១៨ គ្រប​ដណ្តប់​លើ​ស្រុក​ចំនួន ៩៨ និង​ឃុំ​ចំនួន​ ៨២៧

នៅ​​ក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា​យើង​កំពុង​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិ​កាល​ទី៦ ខាង​មុខ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុ​ង​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ សេរី​ ត្រឹម​ត្រូវ​ យុត្តិ​ធម៌​ និង​មាន​សុវត្ថិភាព​។ ទន្ទឹមនេះ​ សម្តេច​ក្រឡាហោម​ ក៏​បាន​អំពាវ​នាវ​​ដល់​អាជ្ញា​ធរមូល​ដ្ឋាន​ដែល​ពាក់​ព័ន្ធ​ ត្រូវ​តែ​ខិតខំ​សម្រប​សម្រួល​ និង​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​គណ​បក្ស​នយោបាយ​ ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​ក្នុងការ​ធ្វើ​សកម្មភាព​ដោយ​ស្មើភាព ត្រឹម​ត្រូវ និង​មិន​លំអៀង ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខនេះ។

មួយ​វិញទៀត សម្តេច​ក្រឡា​ហោម បាន​អំពាវ​នាវ​ដល់​សមាគម  និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​ធ្វើ​សកម្ម​ភាព​ប្រកប​ដោយ​ភាព​អព្យា​ក្រឹត្យ​ ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ និង​ច្បាប់​ ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា​ជា​ធរមាន។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ច្បាប់​ស្តី​ពី​សមា​គម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាល​​ពី​ចុង​ឆ្នាំ​២០១៥​ មាន​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ចំនួន​ ៦៨៣ បន្ថែម​ទៀត​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ សរុបចំនួន​ ​៥៣២៨ ដែល​ក្នុង​នោះ​សមាគម មាន​ចំនួន​ ២១៧៩ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ មាន​ចំនួន ៣១៤៩។ តាម​រយៈ​តួលេខ​នេះ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ មិនមាន​និន្នា​ការ​ថយ​ចុះ​ដូច​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​នោះ​ឡើយ៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់