ការអនុវត្តមុខងារជាជម្រើសរបស់រដ្ឋបាលក្រុងបាត់ដំបង ក្នុងការលើកកម្ពស់វិស័យសុខាភិបាល

ក្រុងបាត់ដំបង ខេត្តបាត់ដំបងមានមណ្ឌលសុខភាពចំនួន ១០ និងមានមណ្ឌលរង់ចាំសម្រាប់ស្រ្តីសម្រាកមុនឆ្លងទន្លេ ស្ទើរតែគ្រប់មណ្ឌលសុខភាពទាំង ១០ដែរ។ បើតាមក្រុមប្រឹក្សាក្រុងបាត់ដំបងឱ្យដឹងថា ការផ្តួចផ្តើម​បង្កើតឱ្យមានមណ្ឌលរង់ចាំសម្រាប់ស្រ្តីមុនឆ្លងទន្លេនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ម្តាយអាចសម្របខ្លួនបានល្អមុនពេលសម្រាលកូន ដោយកាត់បន្ថយហានិភ័យ ដែលអាចកើតមានជាយថាហេតុ។ ការកសាងមណ្ឌលរង់ចាំដែលជាគំនិតផ្តួចផ្តើមពីក្រុមប្រឹក្សាក្រុងបាត់ដំបងនេះ បានឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់ ផ្តោតសំខាន់ដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់មណ្ឌលសុខភាព ពិសេសបញ្ហាស្រ្តីមានផ្ទៃពោះ។

សម្រាកក្នុងបន្ទប់រង់ចាំមានគ្រែសម្រាកចំនួន៤ ក្រាលដោយកម្រាលពូកទន់ៗមានរបៀបរៀបរយ និងផាសុខភាពផងនោះ អ្នកស្រី ហេង សុភាព វ័យ៣០ឆ្នាំ បានសម្រាលកូនប្រុសម្នាក់ប្រកបដោយសុវត្ថិភាពនៅក្នុងមណ្ឌលសុខភាពចំការសំរោងក្រុងបាត់ដំបង កាលពីរាត្រីពីថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨។ អ្នកស្រីបញ្ជាក់ពី    មូលហេតុដែលមកសម្រាកនៅមណ្ឌលរង់ចាំជាមុនថា ដោយសារផ្ទះអ្នកស្រីនៅឆ្ងាយពីមន្ទីរពេទ្យ ហើយផ្លូវក៏ពិបាក អ្នកស្រីខ្លាចជួបបញ្ហាពេលធ្វើដំណើរតាមផ្លូវ ទើបសម្រេចចិត្តមកសម្រាកនៅបន្ទប់រង់ចាំនៅមន្ទីរពេទ្យមុនដូចនេះ។ អ្នកស្រី ហេង សុភាព៖ «ខ្ញុំគិតថាឈឺពោះតិចៗ ខ្ញុំមកសម្រាកមុនឱ្យហើយ ដើម្បីថាកុំឱ្យឈឺពោះខ្លាំងវាអាចមានគ្រោះថ្នាក់។ មួយវិញទៀតមកមន្ទីរពេទ្យមុនដូច្នេះ អ្នកគ្រូលោកគ្រូពេទ្យគាត់បានពន្យល់យើង គាត់មានសម្តីល្អដាក់យើង ធ្វើឱ្យយើងកក់ក្តៅក្នុងចិត្ត»

ទាក់ទងនឹងតម្លៃសេវាសម្រាលវិញអ្នកស្រី ហេង សុភាព ប្រាប់ថា ខាងមន្ទីរពេទ្យតម្រូវឱ្យបង់ចំណាយប្រមាណ ៦ម៉ឺនរៀល តែដោយឡែកសម្រាប់ក្រុមគ្រួសារអ្នកស្រីដែលមានពិការភាព ខាងមន្ទីរពេទ្យបានបន្ធូរបន្ថយតម្លៃជាងពាក់កណ្តាលគឺ ត្រូវបង់ប្រមាណតែបីម៉ឺនរៀលប៉ុណ្ណោះសម្រាប់ការសម្រាលនៅមណ្ឌលសុខភាពចំការសំរោងនេះ។

អង្គុយមិនឆ្ងាយពីភរិយា និងកូនប្រុសទើបចាប់កំណើត លោក អេន វេន ជាស្វាមីរបស់អ្នកស្រី ហេង សុភាព និយាយថា លោកមា​នចិត្តសប្បាយរីករាយពេលដែលភរិយា និងកូនប្រុសមានសុវត្ថិភាពក្រោយពេលឆ្លងទន្លេ។ បុរសពិការជើងទាំងពីររូបនេះបន្តថា លោកមានអារម្មណ៍កក់ក្តៅ និងមានទំនុកចិត្តពេលបាននាំប្រពន្ធមកសម្រាកនៅបន្ទប់រង់ចាំក្នុងមន្ទីរពេទ្យមុនបែបនេះ។ លោក អេន វេន៖«ខ្ញុំសម្រេចចិត្តនាំប្រពន្ធមកសម្រាលកូននៅទីនេះ ព្រោះបន្ទប់នៅជាប់ដីងាយស្រួលសម្រាប់ខ្ញុំជាជនពិការ ពិសេសមានបន្ទប់សម្រាប់ឱ្យយើងសម្រាកត្រៀមឆ្លងទន្លេផងដែរ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគ្រូខាងឆ្មបដែលបានយកចិត្តទុកដាក់ ទាំងអត់ងងុយពេលសម្រាលកូនរបស់ខ្ញុំ»

សម្រាន្តលើគ្រែតូចមួយក្នុងបន្ទប់ពិគ្រោះ និងពិនិត្យផ្ទៃពោះ អ្នកស្រី បៀត ស័ក្កនេន កំពុងត្រូវបានអ្នកគ្រូពេទ្យពិនិត្យផ្ទៃពោះជូនអ្នកស្រី ដែលពពោះកូនស្រីជិត ៧ខែ។ អ្នកស្រី បៀត ស័ក្កនេន អាយុ ២៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបងលើកឡើងថា ៖«វាល្អពេលមន្ទីរពេទ្យមានបន្ទប់រង់ចាំមុនពេលសម្រាលបែបនេះ។ ខ្ញុំនឹងមកដេករង់ចាំសម្រាលមុនពីរបីថ្ងៃ ព្រោះផ្ទះនៅឆ្ងាយដែរ ហើយខ្លាចកូនកើតយប់ពិបាកធ្វើដំណើរតាមផ្លូវ។ ចំពោះតម្លៃសេវា គឺមិនសូវថ្លៃទេ ការមើលពោះម្តងអស់តែ២៥០០រៀល ហើយឆ្លងទន្លេអស់តែជាង៦ម៉ឺនរៀលតែប៉ុណ្ណោះ គឺវាមិនសូវថ្លៃដូចឯកជននោះទេ»។

ដើម្បីឆ្លើយតបនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល នឹងដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋឱ្យទាន់ពេលវេលា រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៨៥ ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះបានផ្តល់ការលើកកម្ពស់ ការទទួលខុសត្រូវដល់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន សម្រាប់អនុវត្តមុខងារជាជម្រើស សំដៅលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌ ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

តាមរយៈកំណែទម្រង់នេះ ក្រុមប្រឹក្សាក្រុងបាត់ដំបងបានផ្តោតសំខាន់លើការអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួន ក្នុងនោះវិស័យសុខាភិបាលត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់ ដែលរហូតមកដល់ពេលនេះ ក្រុមប្រឹក្សាបានផ្តួចផ្តើមគំនិតបង្កើតឱ្យមានមណ្ឌលរង់ចាំសម្រាប់ស្រ្តីអាចមកសម្រាកត្រៀមឆ្លងទន្លេ នៅគ្រប់មណ្ឌលសុខភាពក្នុងក្រុងបាត់ដំបង។ នេះបើតាមការគូសបញ្ជាក់ពីសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងបាត់ដំបង។

លោក ហឿន ឌឿ អភិបាលរងក្រុងបាត់ដំបងលើកឡើងថា ដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតានិងទារក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាក្រុងបាត់ដំបងបានបំផុសគំនិតបង្កើតឱ្យមានបន្ទប់រង់ចាំសម្រាប់ស្រ្តីត្រៀមឆ្លងទន្លេនេះតាមមណ្ឌលសុខភាពក្នុងក្រុងបាត់ដំបង។ លោកបន្តថា ការបង្កើតមណ្ឌលរង់ចាំនេះ បំណងសម្រួលការលំបាករបស់ស្រ្តី នឹងកាត់បន្ថយហានិភ័យនានាដែលអាចកើតមានលើមាតា និងទារក។ លោក ហឿន ឌឿ«ទីមួយយើងធ្វើកន្លែងរង់ចាំ ទីពីរយើងធ្វើកន្លែងសម្រាលឱ្យកាន់តែងាយស្រួលជាងមុន មានផាសុខភាព មានបន្ទប់អនាម័យ និងមានភ្លើងអគ្គិសនីគ្រប់គ្រាន់។ ឥឡូវនេះមានលុយជំនួយផង និងលុយគម្រោងរបស់សុខាភិបាលផង យើងចាប់ផ្តើមធ្វើមណ្ឌលរង់ចាំបន្ថែមនៅសង្កាត់ស្វាយប៉ោ មូលហេតុដែលយើងធ្វើច្រើន ព្រោះអ្នកមកពិនិត្យផ្ទៃពោះ និងសម្រាកមានការកើនឡើងច្រើន»។

ទាក់ទិនការកៀរគរប្រភពថវិកាពីប្រភពផ្សេងៗដើម្បីអនុវត្តក្នុងគម្រោងផ្តួចផ្តើមរបស់ក្រុមប្រឹក្សាក្រុងបាត់ដំបងវិញ លោក ហឿន ឌឿ មានប្រសាសន៍ថា៖«ជួនកាលយើងលើកផែនការហ្នឹងបានអស់ហើយ តែយើងអត់ថវិកាអីចឹង! បទពិសោធន៍របស់យើងគឺកៀរគរពីដៃគូ ដើម្បីធ្វើសកម្មភាពផែនការហ្នឹង។  ហើយកន្លងមកយើងយកផែនការនេះឯងធ្វើសមាហរណកម្មជាមួយនឹងដៃគូ ជាមួយមន្ទីរ ជាមួយអង្គការពាក់ព័ន្ធ ដើម្បីឱ្យគាត់គិតថាគម្រោងដែលយើងលើកឡើងនេះ គាត់មានលទ្ធភាពជួយអី គាត់ចាប់អារម្មណ៍លើរឿងអី អីចឹង! ជួនកាលគាត់ជួយច្រើនលើបញ្ហាសុខភាពហ្នឹងឯង។ ទីពីរ យើងបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យគាត់ចូលរួមដែរ បើគាត់មានលទ្ធភាពជួយ ដូចជាតាមរយៈមូលនិធិជាដើម យើងយកទៅជួយគ្រួសារក្រីក្រធ្វើដំណើរមកមន្ទីរពេទ្យអាហ្នឹងគេហៅមូលនិធិសមធម៌»

លោកស្រីវេជ្ជបណ្ឌិត សោ ថងឌី ប្រធានមណ្ឌលសុខភាពចំការសំរោងក្រុងបាត់ដំបងនិយាយថា ស្រ្តីមានផ្ទៃពោះដែលបានមកសម្រាករង់ចាំ និងឆ្លងទន្លេនៅមណ្ឌលសុខភាពនេះជាមធ្យម​មានប្រមាណ ១៥នាក់ក្នុងមួយខែ។ លោកស្រី សោ ថងឌី៖«កាលណាមានបន្ទប់រង់ចាំ គួបផ្សំនឹងបច្ចេកទេសរបស់ឆ្មបជំនាញ ដូច្នេះឆ្មបងាយស្រួលពិភាក្សាគ្នាពីបញ្ហាសញ្ញាណគ្រោះថ្នាក់ផ្សេងៗហ្នឹង អីចឹងអាចកាត់បន្ថយនូវអត្រាស្លាប់របស់ទារក និងស្រ្តី។ មួយវិញទៀត ក្រុមគ្រូពេទ្យ និងឆ្មបមិនដែលរើសអើងចំពោះអ្នកមានអ្នកក្រឡើយ យើងពិនិត្យផ្ទៃពោះរបស់គាត់ យើងធ្វើតេស្តទឹកនោម តាមជំហាននីមួយៗ ដូច្នេះយើងអាចរកឃើញសញ្ញាណគ្រោះថ្នាក់ និងណែនាំគាត់ឱ្យទៅមន្ទីរពេទ្យខេត្តក្នុងករណីចាំបាច់»។

លោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបងឱ្យដឹងថា ក្រុមប្រឹក្សាក្រុងបាត់ដំបងបានទទួលប្រតិភូកម្មអំណាចពីថ្នាក់ជាតិដោយផ្ទាល់ និងទិសដៅការងារត្រូវបំពេញឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ រួមមានការផ្តល់សេវារដ្ឋបាលច្រកចេញចូលតែមួយ ផ្នែកអប់រំ ផ្នែកសុខាភិបាល និងការគ្រប់គ្រងសំរាមក្នុងក្រុងបាត់ដំបង។លោកបន្តថា កិច្ចការទាំងអស់នេះបច្ចុប្បន្នក្រុមប្រឹក្សាក្រុងបាននឹងកំពុងអនុម័ត ដាក់ផែនការសកម្មភាព និងចេញសេចក្តីសម្រេចនានាប្រគល់ជូនរដ្ឋបាលក្រុងបាត់ដំបងជាអ្នកបំពេញ។ លោក លើកឡើងថា ផែនការជាអាទិភាពសម្រាប់ក្រុងបាត់ដំបងត្រូវធ្វើទៅថ្ងៃខាងមុខ គឺត្រូវពង្រឹងផ្នែកសុខាភិបាលឱ្យកាន់តែល្អប្រសើរ ដោយនៅតាមមណ្ឌលសុខភាពនីមួយៗត្រូវមានគ្រូពេទ្យមានសមត្ថភាពខ្ពស់ មានសម្ភារៈ និងថ្នាំគ្រប់គ្រាន់សម្រាប់អ្នកជំងឺ។

លោក អឿម សុខុន៖ «នៅក្នុងមណ្ឌលសុខភាពនីមួយៗហ្នឹង ទីមួយឱ្យមានគ្រូពេទ្យបំពេញការងារឱ្យកាន់តែរីកចំរើន មានឧបករណ៍ មានឱសថនេះជាការសំខាន់។ វិស័យអប់រំសិក្សាធិការ យើងមានគ្រូ មានសាលារៀនច្រើនហើយ ប៉ុណ្ណោះយើងនៅតែយកចិត្តទុកចំពោះកុមារាកុមារី ដើម្បីឱ្យគាត់មកបំពេញការងារឱ្យបានច្រើន។ បញ្ហាសំខាន់នៅក្រុងបាត់ដំបង គឺកាតព្វកិច្ចមួយទៀតនោះគឺការគ្រប់គ្រងកាកសំណល់ កាកសំណល់ទីក្រុងនេះក្រុងបាត់ដំបងបានយកគំរូមុនគេក្នុងការចេញដីកា ស្តីពីការគ្រប់គ្រងកាក់សំណល់ទីក្រុង»។

លោក ជ័យ សម្បត្តិផល្លា អនុប្រធាន​អង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន​​ គ.ជ.អ.ប មានប្រសាសន៍ថា ​ ការអនុវត្តមុខងារជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅមានកម្រិត ហើយដើម្បីដោះស្រាយបញ្ហាប្រឈម លេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវពង្រឹងសមត្ថភាព ចំណេះដឹងដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យយល់ពីតួនាទី និងភារៈកិច្ចគន្លឹះសំខាន់ៗដែលត្រូវអភិវឌ្ឍនៅមូលដ្ឋាន។

មួយវិញទៀត លេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវជំរុញលើកទឹកចិត្ត ផ្តល់ភាពក្លាហាន និងសម្របសម្រួលផ្នែកធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យពួកគេមានភាពជាម្ចាស់ក្នុងការអនុវត្តមុខងារជាជម្រើស ដើម្បីឆ្លើយតបតម្រូវការរបស់ពលរដ្ឋ។

យ៉ាងណាលោក សម្បត្តិផល្លា សំណូមពរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ពិសេស គឺក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវមានភាពក្លាហាន និងឈ្លាសវៃក្នុងការកៀរគរដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល សប្បុរសជន និងពលរដ្ឋជាដើម ដើម្បីឱ្យពួកគេចូលរួមវិភាគទានក្នុងការអភិវឌ្ឍមូលដ្ឋាន។ លោកក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍមូលដ្ឋាន​ ដោយពុំត្រូវរង់ចាំធនធាន និងការណែនាំពីថ្នាក់ជាតិនោះទេ៕​

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់