ការផ្ទេរមុខងារពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិនាំមកនូវការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជា កំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០០១ មក និងបានបង្កើតនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធទៅ នឹងការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធ គ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ។

តាមរយៈការអនុវត្តកំណែទម្រង់នេះ ការផ្ទេរ មុខងារគឺជាសមាសភាពស្នូលមួយដែលអាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញតួនាទី និងការទទួលខុសត្រូវយ៉ាង សំខាន់សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈនានាដោយ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបញ្ហាប្រឈមជាអាទិភាពនានាតាមមូលដ្ឋាន។ ប្រការនេះបានចូលរួម ចំណែកយ៉ាងមានប្រសិទ្ធភាព ដល់ការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

លោក ជ័យ សម្បត្តិផល្លា អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា មុខងារសំខាន់ៗដែលបានផ្ទេរពីរដ្ឋបាលថ្នាក់ជាតិមកថ្នាក់ក្រោមជាតិរួមមាន មុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើស។ លោកពន្យល់​ថា មុខងារជាកាតព្វកិច្ច គឺជាមុខងារកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលតម្រូវឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែអនុវត្តតាម ដូចជា ការគ្រប់គ្រងសំរាម ការគ្រប់គ្រងតំបន់ធម្មជាតិជាដើម។ ចំណែកមុខងារ​ជាជម្រើស គឺមិនមានលក្ខណជាកាតព្វកិច្ចនោះទេ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិសម្រេចគ្រប់គ្រង ចាត់ចែង និងយកមកអនុវត្ត ឬមិនអនុវត្តបាន ជាក់ស្តែងការបង្កើតមតេ្តយ្យសហគមន៍ និងមណ្ឌលរង់ចាំសម្រាប់ស្រ្តីសម្រាក​មុនឆ្លងទន្លេជាដើម។

លោក ជ័យ សម្បត្តិផល្លា បន្ថែមទៀតថា ដើម្បី ឱ្យការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ មាន ប្រសិទ្ធភាព អាចឆ្លើយ​តបតម្រូវការប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិត្រូវចូលរួមតាមដាន ពិនិត្យ គាំទ្រ ផ្តល់ធនធានហិរញ្ញវត្ថុ និងធនធាន​មនុស្សទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តមុខងារទាំងនោះ។

លោក ជ័យ សម្បត្តិផល្លា«អីចឹង! ក្រសួង ស្ថាប័ន ត្រូវបន្តនូវការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការងារ​ដែលគាត់ផ្ទេរទៅឱ្យបានល្អ បានជោគ ជ័យ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ព្រោះយើងមិនចង់ឱ្យ​ការផ្ទេរ​មុខទៅហើយសេវាធក់ថយនោះទេ មានន័យថា ពេលយើងផ្ទេរមុខងារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិហើយ គឺសេវាហ្នឹង​យ៉ាង​ហោចក៏ប្រហាក់ប្រហែលគ្នា ឬល្អជាងមុន។ យើងគិតថា ការផ្ទេរមុខងារវាល្អជាងមុន បានជារដ្ឋាភិបាលប្រឹងក្នុងការ​ជំរុញ។ អីចឹង! គឺយើងត្រូវសហការគ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យសេវាហ្នឹងវាមានភាពល្អប្រសើរឡើង»

ក្រុមប្រឹក្សាស្រុកអង្គស្នួល បាននឹងកំពុង អនុវត្ត មុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសមួយចំនួន តាមរយៈ​កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការរបស់ រាជរដ្ឋាភិបាល ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ។ លោក មិន ភី សមាជិកក្រុមប្រឹក្សាស្រុក អង្គស្នួល មានប្រសាសន៍ថា ការអនុវត្តការងារក្នុងមុខងារ ជាជម្រើស ពុំសូវជួបបញ្ហាចោទនោះទេ ព្រោះថា គណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុកអង្គស្នួល តែងជួប​ពិភាក្សា និងឯកភាពគ្នាមុននឹងឈានទៅសម្រេច​គម្រោងអ្វីមួយ។ លោក មិន ភី បន្ថែមថា ៖«ការអនុវត្តមុខងារជាជម្រើសនេះ ផ្តើមដំបូងគឺថាកើតចេញពីតម្រូវ​ការ​របស់ប្រជាពលរដ្ឋ ដូចជាផ្លូវថ្នល់ គាត់ថាគាត់ស្នើសុំធ្វើផ្លូវ​នេះដោយសារអី ដោយសារការធ្វើដំណើររប​ស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនុសិស្សវាពិបាកក្នុងការធ្វើដំណើរ ឬដឹក​កសិផលអីចឹងហ្នឹងណា។ អីចឹង! យើងយកមកពិភាក្សាគ្នា ហើយផ្តល់អាទិភាពឱ្យគាត់បញ្ចេញយោបល់ អីចឹងការ​បញ្ចេញយោបល់ពីមួយទៅមួយវាមានការផុសផុល​ ថាតើ​អាកន្លែងហ្នឹង​មានការលំបាកពិតប្រាកដ យើងបានលើកគម្រោងហ្នឹង​ឡើងដាក់ក្នុងផែនការ»។

ដោយឡែកចំពោះការអនុវត្តមុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាស្រុកអង្គស្នួលវិញអ្នកស្រី ហែម ស៊ីនឿន សមាជិក​ក្រុមប្រឹក្សាស្រុកអង្គស្នួលទទួលបន្ទុកផ្នែកស្រ្តី និង កុមារ មានប្រសាសន៍ថា ក្រុមប្រឹក្សាស្រុកបានបង្កើន គណៈកម្មការ​ពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារ គណៈកម្មការលទ្ធកម្ម និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីអនុវត្ត ការងារជាកាតព្វកិច្ចក្នុង រដ្ឋបាលស្រុក។ ផ្អែកលើការអនុវត្តមុខងារជាកាតព្វកិច្ចនេះ អ្នកស្រី ស៊ីនឿន បន្តថាក្រុមប្រឹក្សាតែងតែផ្តល់ថវិកាមួយចំណែក ដើម្បីជួយ ស្ត្រីក្រីក្រពេលឆ្លងទន្លេ ឬមានជំងឺ និងឧបត្ថម្ភ ថវិកាដល់គ្រូ បង្រៀនតាមមតេ្តយ្យសហគមន៍ដែលកំពុង ខ្វះខាត។

ជុំវិញការអនុវត្តមុខងារជាកាតព្វកិច្ចនេះ អ្នកស្រី បន្តថា៖ «ការប្រជុំហ្នឹងមួយខែម្តង ពេលប្រជុំហ្នឹងយើង លើកឡើងពី បញ្ហាប្រឈម បញ្ហាលំបាក បញ្ហានានាដែល យើងដោះស្រាយមិនបាន អាហ្នឹងនៅរាល់កិច្ចប្រជុំក្រុម ប្រឹក្សាយើង លើកជា សំណើផ្ទាល់មាត់ បើមានសំណើ ណាដែលវាពិបាក យើងសរសេរជាលាយលក្ខណ៍អក្សរ ជូនប្រធានក្រុមប្រឹក្សា និងអភិបាល ស្រុកឱ្យជួយ។ ភាគច្រើនបញ្ហាបានពីឃុំមក គឺរឿងនេះមួយដែលបង្ក ទុក្ខលំបាកដល់ពលរដ្ឋ បញ្ហាហិង្សាមានដែរ ប៉ុន្តែបានកាត់ បន្ថយច្រើន និងមានបញ្ហាស្រ្តីក្រីក្រជាដើម»។

ស្រុកអង្គស្នួល ជាស្រុកមួយស្ថិតនៅក្នុងខេត្តកណ្តាល។ បច្ចុប្បន្នស្រុកអង្គស្នួលមានឃុំចំនួន១០ មានប្រជាពល រដ្ឋសរុប១០៩.០៤២នាក់ ត្រូវជា ២២.៣៨៥គ្រួសារ​។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកអង្គស្នួល។

លោក ទូច ផុន ប្រធានក្រុមប្រឹក្សាឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល និយាយថា សមិទ្ធផល មួយចំនួន ដូចជាស្ពាន ផ្លូវ និងប្រឡាយទឹក និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗ បានកសាងឡើងកើត ចេញពីគំនិត ផ្តួចផ្តើមរបស់ក្រុមប្រឹក្សាឃុំ ហើយសមិទ្ធផលទាំងនេះ សុទ្ធតែបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ លោក ទូច ផុន ៖«ក្នុងមួយ អាណត្តិៗហ្នឹង ក្រុមប្រឹក្សាឃុំបានអភិវឌ្ឍច្រើន ជាពិសេសគឺផ្នែក សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ យើងបានធ្វើផ្លូវលំ ក្រាលគ្រួសក្រហមក៏មាន ក្រាលថ្មម៉ុចក៏មាន ដោយមាន សប្បុរសជនជួយឧបត្ថម្ភ។ បើទាក់ទងមូលនិធិឃុំគឺយើង ធ្វើបាន ច្រើនដែលតាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ បានផ្លូវជាង១ពាន់ម៉ែត្រហើយ។ យើងបានរួមចំណែកទាំងក្រុមប្រឹក្សា ទាំងប្រជាជនក្នុងឃុំ គឺយើងឃើញថាមានការប្រែប្រួល ផ្លូវលំក៏ទទួលយកបាន ហើយប្រជាពលរដ្ឋបានបញ្ជូនកូនមករៀន បានងាយស្រួលក្នុងការធ្វើដំណើរ ការឡើងចុះពីភូមិមកទីប្រជុំជនក៏បានស្រួល»។

កំពុងធ្វើដំណើរលើផ្លូវគ្រួសក្រហមមួយខ្សែប្រវែងជាង ៧.០០០ម៉ែត្រ លោក អ៊ុល អ៊ីវង់ ជាប្រជាពលរដ្ឋ រស់នៅក្នុង ភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល និយាយ ថា៖ «រឿងជីវភាពការងាររបស់ពលរដ្ឋក្នុងភូមិទាំង មូលហ្មង បើនិយាយទៅ វារីកចម្រើនខ្លាំង អ្នករកស៊ី ផ្សេងៗឥឡូវមានឡានច្រើនគ្រឿង ឡានសម្រាប់ដឹកដី ឡានលក្ខណគ្រួសារ! អ្នកខ្លះខ្ចីថវិកាពីខាង ធនាគារមក គេអាចបង្កើនមុខរបបបានកាន់តែធំទៅៗ អាស្រ័យនឹងផ្លូវ ឃុំធ្វើមកទៀតវាកាន់តែប្រសើរឡើង ហើយការងារ រោងចក្រក៏គាត់ទៅឆាប់ដល់មិនសូវចេញពីយប់ កាន់តែ ស្រួលបន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ វាកាន់តែរីកចម្រើន ពីមុនប្រើ ពេលវែងឥឡូវប្រើពេលខ្លីជាងមុន។ ចំណែក វិស័យអប់រំ បើនិយាយទៅអត់ណាស់ក៏ក្មេងរៀនបានត្រឹមថ្នាក់ទី៩ ដែរ ហើយអ្នកខ្លះបានទៅដល់បរិញ្ញាបត្រ ព្រោះសាលា រៀនមានគ្រប់គ្រាន់»។

រីឯអ្នកស្រី ទូច អ៊ឹន តំណាងពលរដ្ឋភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួលលើកឡើងថា រាល់សមិទ្ធផលភាគច្រើន ដែលអាជ្ញាធរឃុំបានកសាង គឺបានឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលបានលើកឡើងពេលប្រជុំឃុំពីគម្រោងអភិវឌ្ឍ               មូលដ្ឋាន។ អ្នកស្រីសង្កេតឃើញថា៖ «ការស្ថាបនា របស់ក្រុមប្រឹក្សាឃុំដូចជាផ្លូវអី គឺមានការងាយស្រួលដល់ការធ្វើដំណើរទៅណាមកណាមានភាពងាយស្រួល។ ឧទាហរណ៍ថា យើងចង់ទៅណាមកណាអីយើងចំណាយពេលយូរ ឥឡូវវា ទៅជាលឿនជាងមុន ពីមុនផ្លូវវាពិបាក កូនទៅរៀនក៏ពិបាក ទៅផ្សារក៏ពិបាក ឥឡូវផ្លូវស្រួល យើងទៅណាក៏ស្រួលដែរ។ តែខ្ញុំចង់ឱ្យឃុំយកចិត្តទុកដាក់ ជាមួយមត្តេយ្យសហគមន៍ ព្រោះមានសាលាមត្តេយ្យ សហគមន៍តែអត់សូវមានគ្រូ»។

ដើម្បីធានាបាននូវ គុណភាព ប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈដល់ពលរដ្ឋនៅមូលដ្ឋានលោក ជ័យ សម្បត្តិផល្លា មានប្រសាសន៍ថា ក្រសួងស្ថាប័នសាមីត្រូវ ចូលរួមគាំទ្រ​ ត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពសេវា និងការអនុវត្តមុខងារដែលបានប្រគល់ឱ្យទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ជាងនេះទៀត ក្រសួងស្ថាប័ននីមួយៗត្រូវរៀបចំគោលនយោបាយស្តង់ដាសេវា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរៀបចំសៀវភៅណែនាំស្តីពី នីតិវិធីអនុវត្តមុខងារផ្តល់ការបណ្តុះបណ្តាល និងគាំទ្របច្ចេកទេសទៅលើមុខងារដែលត្រូវបានប្រគល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ មួយវិញទៀត រដ្ឋបាលថ្នាក់ជាតិត្រូវខិតខំព្យាយាមកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់កម្មវិធី និងសកម្មភាពនានាពាក់ព័ន្ធនឹងមុខងារដែលត្រូវប្រគល់ឱ្យដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តមុខងារបានកាន់តែល្អប្រសើរឡើង។

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានគោលបំណង ដោះស្រាយបញ្ហាប្រឈមនានាផ្អែកតាមស្ថានភាព ជាក់ស្តែងរបស់កម្ពុជា និងផ្អែកតាមគោលនយោបាយ ច្បាប់ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ រហូតមកដល់ពេលនេះ កំណែទម្រង់នេះបានឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅ ដោយតម្រូវ ឱ្យមានការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនានា ដែលកំពុងមានការកើនឡើងយ៉ាងគំហុក ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ជាតិកំពុងមានការរីកចម្រើនកាន់តែខ្លាំង។ ក្នុងដំណាក់កាលដ៏សំខាន់នេះ តម្រូវឱ្យក្រសួង ស្ថាប័ននៅថ្នាក់ជាតិត្រូវផ្ទេរមុខងារ និងធនធានកាន់តែច្រើនឡើងបន្ថែមទៀតឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមគ្នានេះ ក៏តម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការទទួលខុសត្រូវឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោល នយោបាយ លិខិតបទដ្ឋាន និងស្តង់ដាដែលបានកំណត់ជាធរមានក្នុងវិស័យនីមួយៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់