ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំផ្តល់យោបល់លើសេចក្តីព្រាងក្រមស្តីពីបរិស្ថាន និងធនធានធម្មជាតិ

រាជធានីភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងដំណើរការរៀបចំសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលចាំបាច់តម្រូវឲ្យស្ថាបន័ពាក់ព័ន្ធផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែមលើសេចក្តីព្រាងក្រមនេះ ឱ្យកាន់តែមានលក្ខណៈច្បាស់លាស់ និងពេញលេញគ្រប់ជ្រុងជ្រោយ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្រមស្តីពីបរិស្ថាន និងធនធានធម្មជាតិ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីនានានៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបបាល ក្រសួងមហាផ្ទៃ ប្រមាណជា ២០រូប។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តម ង៉ាន់ ចំរើន បានជម្រាបជូនថាការតាក់តែងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិអស់រយៈពេលជាង២ឆ្នាំនេះ គឺជាលទ្ធផលក្រោមការផ្តួចផ្តើមគំនិតរបស់ ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយមានការឯកភាព និងគាំទ្រដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើកិច្ចសហការផ្តល់ជំនួយបច្ចេកទេសពី ក្រុមមេធាវី វិស្ណុ។

ឯកឧត្តម ង៉ាន់ ចំរើន បានសង្កត់​ធ្ងន់ថាគោលបំណងសំខាន់គឺចង់ឱ្យមានការចូលរួមគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដូច្នេះហើយទើបលេខាធិការដ្ឋាន គ.ជ.អ.ប ជាតួអង្គសំខាន់ក្នុងការផ្តល់ធាតុចូលបន្ថែម។ ម៉្យាងវិញទៀត ការរៀបចំច្បាប់កំពូលមួយទាមទារឲ្យមានទស្សនៈវិស័យវែងឆ្ងាយ ពោលគឺដើម្បីចង្អុលបង្ហាញទៅថ្ងៃអនាគត ដោយត្រូវពិចារណាលើទស្សនទានថ្មីៗផងដែរ។

សូមរម្លឹកថាគិតត្រឹមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៨ កាលពីខែមីនា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរៀបចំដោយក្រសួងបរិស្ថានកន្លងទៅ សេចក្តីព្រាងក្រមនេះ មាន ១៣គន្ថី និងមានមាត្រាសរុបចំនួន ១២៥៣៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់