ពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ស្តីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ”

រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង “គាំទ្រកម្ពុជាឌីជីថលសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ស្តីពីការសិក្សាគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិ” កាលពីព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីតំណាងស្ថាតទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងធនាគារអភិវឌ្ឍន៌អាស៊ី តំណាងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៌ដូចជា JICA, GIZ, EU និងតំណាងសមាគមកូរ៉េ NIPA និងក្រុមការងារអនុវត្តគម្រោងសរុបប្រមាណ ៦៨រូប។
នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ាន់ ចំរើន បានមានប្រសាសន៍ថា ការរៀបចំសម្ពោធនោះមានគោលបំណងធ្វើការផ្សព្វផ្សាយជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការផ្តល់កិច្ចសហការជាមួយក្រុមការងារគម្រោងក្នុងការចុះសិក្សាបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងប្រមូលធាតុចូលនានា ជាពិសេសការប្រើប្រាស់កម្មវិធី ឬបច្ចេកវិទ្យាផ្សេងៗទៀតដែលបាននិងកំពុងអនុវត្ត សំដៅត្រៀមសម្រាប់គាំទ្រដល់រដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងដើម្បីបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា ដើម្បីធានាដល់ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចឌីជីថល និងការទទួលបានអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី ៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដោយឡែកនៅក្នុងការរៀបចំតាក់តែងកម្មវីធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ក៍បានផ្តោតទៅលើការពង្រឹងអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងាររបស់ខ្លួននៅមូលដ្ឋាន និងចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនឹងនេះ កម្មវិធីជាតិដំណាក់កាលទី២ ក៏បានកំណត់យកឆ្នាំ២០៣០ ជាគោលដៅសម្រាប់ការរៀបចំប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិរបស់កម្ពុជាឱ្យមានលទ្ធភាពក្លាយជារដ្ឋបាលឌីជីថលពេញលេញក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន ជាពិសេសការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណ:ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជារួម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រូវបានចាត់ទុកជាការងារអន្តរវិស័យដែលត្រូវបានបញ្ជ្រាបចូលគ្រប់សមាសភាគទាំង ៥ របស់កម្មវិធីជាតិដំណាក់កាលទី២ ពោល គឺការគ្រប់គ្រង រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍន៍ធនធានមនុស្ស វិមជ្ឈការហិរញ្ញវត្ថុ និងការផ្ដល់សេវា។
សូមជម្រាបថា គម្រោងជំនួយបច្ចេកទេសនេះមានថវិកាសរុបចំនួន ២,១លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាជំនួយរបស់ធនាគារអភិវឌ្ឍន៌អាស៊ីមានចំនួន ២លានដុល្លារអាមេរិក ដែលបានមកពីមូលនិធិប្រជាពលរដ្ឋជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ០,១លានដុល្លារអាមេរិក។ គម្រោងនេះត្រូវអនុវត្តក្នុងរយៈពេល ០៣ឆ្នាំ ដោយគិតពីខែធ្នូ ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងមានក្របខណ្ឌលទ្ធផលរំពឹងទុកចំនួន០២ ដែលត្រូវបែងចែកទៅតាមស្ថាប័នទទួលខុសត្រូវពីរផ្សេងគ្នា គឺ (១) លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជាភ្នាក់ងារប្រតិបត្តិសម្រាប់លទ្ធផលរំពឹងទុកទី១ និង (២) លេខាធិការដ្ឋាន គ.ជ.អ.ប. ដែលជាភ្នាក់ងារអនុវត្តសម្រាប់លទ្ធផលរំពឹងទុកទី២ ស្តីពីការសិក្សាអំពីគំរូរដ្ឋាភិបាលឌីជីថលនៅថ្នាក់ក្រោមជាតិដែលនឹងជ្រើសរើសខេត្តគោលដៅចំនួន ០៤ក្នុងការអនុវត្តរួមមាន៖ ខេត្តបាត់ដំបង ស្ទឹងត្រែង កំពង់ចាម និងខេត្តព្រះសីហនុ ដោយកំណត់យកក្រុងចំនួន ០១ និងស្រុកដាច់ស្រយ៉ាលចំនួន ០១ នៃខេត្តគោលដៅនីមួយៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់