សម្បទានិកទទួលបានការជួយគាំទ្រផ្នែកកសិកម្មបន្ថែមទៀតពីគម្រោង LASED II

ខេត្តក្រចេះ៖ សម្បទានិករបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) មិនត្រឹមតែបានទទួលដីដើម្បីសង់លំនៅឋាន និងធ្វើកសិកម្មប៉ុណ្ណោះទេ ថែមទាំងទទួលបានការគាំទ្រជាសម្ភារបរិក្ខារផ្សេងៗសម្រាប់ចាប់ផ្តើមសង់លំនៅឋាន ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលផ្នែកកសិកម្ម ដើម្បីអាចឱ្យសម្បទានិកធ្វើកសិកម្ម សំដៅលើកកម្ពស់ជីវភាពរស់នៅពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។

ប្រសិនបើគេក្រឡេកមើលលើផ្នែកកសិកម្ម គម្រោងបានផ្តល់ដីកសិកម្ម សិក្សាពីប្រភេទ និងស្ថានភាពដីដែលត្រូវដាំដុះប្រភេទដំណាំ ឈូសឆាយដី ភ្ជួររាស់ ផ្តល់បច្ចេកទេសដាំដុះ និងការចិញ្ចឹមសត្វជូនសម្បទានិក ដើម្បីជួយសម្រាលបន្ទុកចំណាយ និងផ្តល់ឱកាសឱ្យសម្បទានិកបានដាំដុះប្រមូលផលចាប់តាំងពីដើមដំបូង។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ សម្បទានិកនៅ ក្នុងឃុំសំបុក និងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ បានទទួលកូនស្វាយចន្ទី និងគ្រាប់សណ្តែកខៀវជូនពីគម្រោង ដោយមាន ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខ័ណ្ឌ ចំណាន បានមានប្រសាសន៍ថា ការចែកកូនស្វាយចន្ទី និងគ្រាប់សណ្តែកខៀវនៅពេលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់គម្រោង LASED II ប្រចាំខេត្តក្រចេះ ក្នុងការផ្តល់ការគាំទ្រដល់សម្បទានិកដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចនាពេលនេះ ដែលវាជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់របស់គម្រោងផងដែរ។ ឯកឧត្តមបានផ្តាំផ្ញើដល់សម្បទានិកទាំងអស់ដែលបានមកតាំង ទីលំនៅលើដីសម្បទានសង្គមកិច្ចកិច្ចនៅក្នុងឃុំថ្មី ស្រុកចិត្របុរីនេះ ឱ្យបន្តប្រើប្រាស់ដីដែលទទួលបាន ពីគម្រោងក្នុងការដាំដុះកសិផលនានា។ ជាពិសេស ឯកឧត្តមបានផ្តាំផ្ញើទៅដល់សម្បទានិកដែលបានទទួលដីរួចហើយ តែមិនបានប្រើប្រាស់ដីឱ្យសមស្របទៅតាមល័ក្ខខ័ណ្ឌរបស់គម្រោង ត្រូវត្រឡប់មកប្រើប្រាស់ដីឡើងវិញ ដើម្បីបំពេញឱ្យបានគ្រប់ល័ក្ខខ័ណ្ឌរបស់គម្រោង មុននឹងឈានទៅទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីមកពីអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ក៏បានបង្ហាញដល់សម្បទានិកទាំងអស់ពីរបៀបដាំកូនស្វាយចន្ទី និងព្រោះគ្រាប់ពូជសណ្តែកខៀវផងដែរ។

នៅក្នុងឱកាសនេះ សម្បទានិកដែលមកពីឃុំសំបុក និងឃុំចង្ក្រង់ចំនួន៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានបកូនស្វាយចន្ទីចំនួន៨០ដើម និងគ្រាប់សណ្តែកខៀវចំនួន១០គីឡូក្រាម៕

  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់