គម្រោង LASED II រៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីលទ្ធកម្មសហគមន៍

រាជធានីភ្នំពេញ៖ ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីលទ្ធកម្មសហគមន៍ ជូនដល់មន្ត្រីពាក់ព័ន្ធអនុវត្តគម្រោង និង​គណៈកម្ម​ការលទ្ធកម្មសហគមន៍របស់គម្រោង LASED II នៅសាលប្រជុំអគារ “I” ទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃ​ព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។ សិក្ខាកាម​ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន មន្ត្រីលទ្ធកម្ម មន្ត្រីបច្ចេកទេស មន្ត្រីហិរញ្ញវត្ថុ ទីប្រឹក្សាហេដ្ឋារចនា​សម្ព័ន្ធ​ ទីប្រឹក្សាប្រតិបត្តិ ទីប្រឹក្សាហិរញ្ញវត្ថុ មេឃុំ ​គណៈកម្មការលទ្ធកម្មសហគមន៍​ និងមន្ត្រី​ពាក់ព័ន្ធ​ដែលជាអ្នកអនុវត្តគម្រោងសរុបប្រមាណជាង១០០រូប។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះមានគោលបំណង ​ឱ្យមន្ត្រីពាក់ព័ន្ធអនុវត្តគម្រោង និង​គណៈកម្មការលទ្ធកម្មសហគមន៍យល់ដឹងពីនីតិវិធី គោលការណ៍​ និងកិច្ចដំណើរការលទ្ធកម្ម ដោយមានការចូលរួមពីសមាជិកសហគមន៍ និងជាប្រយោជន៍សម្រាប់សហគមន៍ខ្លួនផ្ទាល់ និងដើម្បីឱ្យគណៈកម្មការលទ្ធកម្មសហគមន៍អាចអនុវត្តតួនាទី និងភារកិច្ចតាមជំហានលទ្ធកម្មឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង (LASED II) ​បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអំពីនីតិវិធីលទ្ធកម្មសហគមន៍នេះគឺជាសូចនាករមួយដ៏សំខាន់នៅក្នុងការអនុវត្តគម្រោង LASED II ហើយការផ្តល់ឱ្យសហគមន៍នូវតួនាទី និងភារកិច្ចក្នុងការធ្វើលទ្ធកម្មសហគមន៍នេះគឺជាផ្នែកមួយនៃការធ្វើវិមជ្ឈការ និងវិសហមជ្ឈការតួនាទី និងការទទួលខុសត្រូវទៅឱ្យសហគមន៍ក្នុងការអនុវត្តការងារលទ្ធកម្មនៅមូលដ្ឋានរបស់ខ្លួនដោយផ្ទាល់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នាពេលកន្លងមក ក្រុមការងារលទ្ធកម្មគម្រោងថ្នាក់ជាតិបានផ្ទេរ ឬធ្វើប្រតិភូកម្មតួនាទី សិទ្ធិអំណាចក្នុងការធ្វើលទ្ធកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរួចហើយ ហើយឥឡូវនេះក្រុមការងារលទ្ធកម្មថ្នាក់ជាតិបានធ្វើប្រតិភូកម្មនូវតួនាទីក្នុងការធ្វើលទ្ធកម្មសហគមន៍ជូនទៅគណៈកម្មការលទ្ធកម្មសហគមន៍ ដើម្បីអនុវត្តក្នុងនាមគម្រោងថ្នាក់ជាតិថែមទៀត។ ឯកឧត្តមបានស្នើសុំឱ្យសិក្ខាកាមទាំងអស់ ទាំងមន្ត្រីពាក់ព័ន្ធអនុវត្តគម្រោងថ្នាក់ខេត្តដែលជាអ្នកគាំទ្រ និងផ្តល់បច្ចេកទេសដល់គណៈកម្មការលទ្ធកម្មសហគមន៍   និងគណៈកម្មការសហគមន៍ដែលជាអ្នកអនុវត្តបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ យកចិត្តទុកដាក់ក្នុងការក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីបានយល់ច្បាស់ពីនីតិវិធី គោលការណ៍ និងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តនីតិវិធីលទ្ធកម្មសហគមន៍នាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្តោតលើមេរៀន និងបទបង្ហាញសំខាន់ៗដូចជា៖

  • គោលការណ៍លទ្ធកម្ម
  • ការបង្កើតគណៈកម្មការលទ្ធកម្ម
  • តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការលទ្ធកម្ម
  • ការបណ្តុះបណ្តាលស្តីពីលទ្ធកម្មសហគមន៍
  • ផែនការលទ្ធកម្មសម្រាប់លទ្ធកម្មសហគមន៍
  • វិធីសាស្ត្រលទ្ធកម្ម
  • នីតិវិធីហិរញ្ញវត្ថុសហគមន៍
  • រួមជាមួយនឹងការអនុវត្តជាក់ស្តែងក្នុងការធ្វើលទ្ធកម្មសហគមន៍ផងដែរ៕

  

 

  

  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់