កិច្ចប្រជុំណែនាំស្តីពីនីតិវិធីលទ្ធកម្មកម្រិត​សហគមន៍របស់គម្រោង LASED II

រាជធានីភ្នំពេញ៖ ផ្នែកលទ្ធកម្មរបស់គម្រោង LASED II នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំណែនាំស្តីពីនីតិវិធីលទ្ធកម្ម​កម្រិតសហគមន៍របស់គម្រោង LASED II ​ជាមួយនឹងមន្ត្រីលទ្ធកម្ម ទីប្រឹក្សាប្រតិបត្តិ និងក្រុមប្រឹក្សាឃុំដែលស្ថិតនៅក្នុងខេត្តគោលដៅទាំងប្រាំ និងឃុំគោលដៅទាំង១២ របស់​គម្រោង LASED II ដែលមានសមាសភាពចូលរួមសរុបចំនួនប្រមាណ៣០រូប កាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំនេះផ្តោតលើប្រធានបទសំខាន់ៗចំនួនបី រួមមាន៖

១).ដំណើរការនៃការរៀបចំគណៈកម្មការលទ្ធកម្មសម្រាប់សហគមន៍ លិខិតបទដ្ឋានគាំទ្រ និងផែនការបន្ត

២).ផែនការលទ្ធកម្មទំនិញ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថ្នាក់ឃុំ និង​ផែនការបន្ត​

៣).​ផែនការលទ្ធកម្ម និងផែនការបន្ត។

ខ្លឹមសារសំខាន់ៗនៃនីតិវិធីលទ្ធកម្មកម្រិតសហគមន៍របស់គម្រោង LASED II រួមមាន៖ គោលការណ៍របស់លទ្ធកម្ម

  • ការបង្កើតគណៈកម្មការលទ្ធកម្ម
  • តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការលទ្ធកម្ម
  • ប្រភេទលទ្ធកម្ម និងកិច្ចសន្យា
  • វិធីសាស្ត្រលទ្ធកម្ម និងកម្រិតលទ្ធកម្ម
  • ផែនការលទ្ធកម្ម
  • ការរៀបចំឯកសារដេញថ្លៃ ការបើកសំណើដេញថ្លៃ ការវាយតម្លៃសំណើដេញថ្លៃ
  • ជំហាន និងការរៀបចំលទ្ធកម្ម
  • កិច្ចសន្យា និងការគ្រប់គ្រងកិច្ចសន្យា និង
  • ការរក្សាទុកឯកសារ

ការរៀបចំកិច្ចប្រជុំនេះសំដៅបង្កើនការយល់ដឹងដល់មន្ត្រីលទ្ធកម្ម ទីប្រឹក្សាប្រតិបត្តិ និងក្រុមប្រឹក្សាឃុំក្នុងការរៀបចំបង្កើតក្រុមការងារលទ្ធកម្មកម្រិតសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តនីតិវិធីលទ្ធកម្មប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

   

  

  

 

  

  

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់