វគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទង

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាល​​យុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យទាក់ទង ដើម្បីពង្រីក​​ការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានរវាងលេខាធិការដ្ឋាន និងមន្ត្រីទទួលបន្ទុករាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកឱ្យកាន់តែមានប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ដោយមានសមាសភាពចូលរួមឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីទទួលបន្ទុក​​ការងារវិមជ្ឈការ និងវិសហមជ្ឈការសរុបចំនួន ៣០រូប មកពីរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។

ថ្លែងបើកវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពីការប្រាស្រ័យទាក់ទង និង​​ផ្សព្វផ្សាយព័ត៌មាននេះ លោក ម៉ន ប៊ុនថារិទ្ធ ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន​នៃអង្គភាព​ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានសូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​លោកឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត​ក្រចេះ ​ដែលបានអនុញ្ញាតឱ្យ​ក្រុមការងារ​យើងរៀបចំវគ្គបណ្តុះបណ្តាល​យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនៅពេលនេះនិងសូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​​វត្ត​មានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ។

ឱកាសនេះដែរ លោកបានលើកឡើងពីសាវតារនៃការរៀបចំចងក្រង​សៀវភៅយុទ្ធសាស្រ្តស្តីពី “ការប្រាស្រ័យទាក់ទង” ការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានរបស់លេខាធិការដ្ឋាន និងគោលបំណងវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យទាក់ទងរយៈពេល០២ថ្ងៃ ​គឺនៅ​ថ្ងៃទី២៦-២៧ ខែ​មីនា ឆ្នាំ២០១៩។ លោកបានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រីអំពី សាវតានៃការរៀបចំ​យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងដែលឈានមកដល់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលនា​ឱកាសនេះថា ការរៀបចំយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទងផ្អែកលើកម្មវិធីជាតិស្តីពី​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល១០ឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០​គឺដោយមើលឃើញពីភាពចាំបាច់ និងសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង។ ក្នុងន័យនេះ យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ ត្រូវបានរៀបចំឡើង​ក្នុង​គោ​លបំណងអភិវឌ្ឍមធ្យោបាយ និងវិធីសាស្រ្តបែបទំនើបសម្រាប់កែលម្អ​ការប្រាស្រ័យ​ទាក់ទង និងការចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការអនុវត្ត៣ឆ្នាំ (ផអ៣) រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា៖”យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ នឹងប្រើប្រាស់បណ្តាញបច្ចេកវិទ្យា​ព័ត៌​មា​ន​ដែលកំពុងមានការរីកចម្រើន ជាពិសេសនឹងប្រើប្រាស់កម្មវិធីថ្មីៗនៃ​បណ្តាញ​ទំនាក់​ទំនងសង្គម ដែលកំពុងពេញនិយមសម្រាប់ការប្រាស្រ័យទាក់ទង និងការ​ចែករំលែក​ព័ត៌មានទាន់ ហេតុការណ៍​នានាពាក់ព័ន្ធនឹងការវិវត្ត បញ្ហាប្រឈម និងវិធានការដែលត្រូវ​​ផ្តោត​ការយកចិត្ត​ទុកដាក់ដោះស្រាយ ដើម្បីធានាដល់ការសម្រេចបាននូវ​លទ្ធផល​រំពឹង​ទុ​ក​​នានានៃផអ៣”។

ទន្ទឹមនឹងនេះ តាងនាមលេខាធិការដ្ឋាន គ.ជ.អ.ប ខ្ញុំសូមស្នើដល់ឯកឧត្តម​អភិបាលរងទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវគ្គ​បណ្តុះបណ្តាលនាពេលនេះ មេត្តារៀបចំបង្កើតសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនង និងដាក់​បញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាថារដ្ឋបាលខេត្ត​នីមួយៗ​មានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តការងារផ្សព្វផ្សាយ និងទំនាក់ទំនងអំពីការអនុវត្ត​កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយក្រុមការងារផ្នែកទំនាក់ទំនង​និងផ្សព្វផ្សាយព័ត៌មាននឹងគាំទ្រជាបច្ចេកទេសក្នុងការអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងដែលរដ្ឋបាលខេត្តនីមួយៗបានលើកក្នុងផែនការសកម្មភាព និងថវិការបស់ខ្លួន បន្ទាប់ពីវគ្គបណ្តុះបណ្តាល និងផ្សាព្វផ្សាយសៀវភៅយុទ្ធសាស្ត្រស្តីពីការ​ប្រាស្រ័យ​ទាក់ទងក្នុងរយៈពេល២ថ្ងៃនេះ​។

ឱកាសនេះដែរ ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ បានស្វាគមន៍ឯកឧត្តម លោកជំទាវ ជាអភិបាលរងរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀងដែលទទួលបន្ទុក​ផ្នែកផ្សព្វផ្សាយព័ត៌មានទាំងអស់ដែល​មានវត្តមាននៅពេលនេះ។

តាងនាមឱ្យអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តមបានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាង​ក្រៃលែង ដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានជ្រើសរើសយកខេត្តក្រចេះក្នុងការរៀបចំ​វគ្គបណ្តុះបណ្តាល​យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនាឱកាសនេះ។ ឯកឧត្តម លោក លោកស្រី បានមានប្រសាសន៍ថា ខេត្តក្រចេះ ក៏ដូចជារាជធានី ខេត្តទាំង២៤ទៀតដែរ បាននឹងកំពុងអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើកកម្ពស់ការផ្តល់​សេវា​សាធារណៈឱ្យនៅកាន់តែកៀកជិតប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពរស់នៅរបស់ពួកគាត់ឱ្យ​កាន់តែ​ប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ខេត្តក៏បានអនុវត្តនូវ​មុខងារមួយចំនួនដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានតម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋផងដែរ។

ចំពោះការងារផ្សព្វផ្សាយ ឯកឧត្តមបានបញ្ជាក់ថា៖”រដ្ឋបាលខេត្តក្រចេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានផ្សេងៗស្តីពីព្រឹត្តិការណ៍នានាដែលកើតមានឡើងក្នុង និងជុំវិញខេត្ត សំដៅបង្កើន​ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងបង្កើនការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ​ពីការរីក​ចម្រើនរបស់ខេត្ត និងដំណឹងនានាទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះ ខេត្តក៏បានបញ្ជ្រាបព័ត៌មានអំពីដំណើការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ផងដែរ”។

ជាងនេះទៀត តាមរយៈវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយខ្លឹមសារនៃសៀវភៅយុទ្ធសាស្ត្រស្តី​ពីការ​ប្រាស្រ័យទាក់ទងនៅពេល ឯកឧត្តមសង្ឃឹមថាសិក្ខាកាមដែលបានចូលរួម រួមទាំងមន្ត្រីជំនាញនៅក្នុងខេត្ត​ក្រចេះផង​នឹងទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងការងារផ្សព្វផ្សាយ​ព័ត៌មាន និងទំនាក់ទំនង ដើម្បីខេត្តមានមូលដ្ឋានកាន់តែរឹងមាំក្នុងការបន្តពង្រឹង និងពង្រីកការ​ផ្សព្វផ្សាយ​របស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទាក់ទងនឹងការងារ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សូមជម្រាបជូនថា នេះជាលើកទីពីរហើយដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រ​ស្តី​ពី​ការ​ប្រាស្រ័យ​ទាក់ទង​នេះ ក្រោយពីបានរៀបចំលើកដំបូងនៅក្នុងខេត្តកោះកុង។ លើសពីនេះទៅទៀត តាមរយៈវគ្គបណ្តុះបណ្តាល​នេះ ខេត្តក៏នឹងមានមូលដ្ឋានក្នុងការដាក់បញ្ចូលផែនការទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន​ទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ ​យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះមានបរិយាយ​អំពី​សមាសភាគ​សំខាន់ៗ ចំនួន​៥​ដែលត្រូវរៀបចំ និងអនុវត្តដោយក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នក​ពាក់ព័ន្ធ​នានា ក្រោមការសម្របសម្រួលរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។ សមាស​ភាគ​​ទាំង៥នេះ រួមមាន ១).ការបង្កើតឧបករណ៍ទំនាក់​ទំនងសំខាន់ៗ ២).ការអភិវឌ្ឍ​សមត្ថ​​ភាព​ប្រាស្រ័យទាក់ទង ៣).ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងបែបទំនើប ៤).ការ​ផ្សព្វផ្សាយទស្សនវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង៥).ការចូលរួម​រប​​ស់​ប្រជាពលរដ្ឋ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់