ក្រសួងមហាផ្ទៃរៀបចំនូវពិធីបិទវេទិកាស្តីពី ភាពជាដៃគូរវារាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល

ទីស្តីកាក្រសួងមហាផ្ទៃ៖ បន្ទាប់ពីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានរៀបចំវេទិកា ស្តីពីភាពជាដៃគូរវារាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដែលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩នេះ រួចមក នៅរសៀលថ្ងៃដ៏ដែលនេះ ក៏បានការរៀបចំនូវពិធីបិទវេទិការស្តីពីភាពជាដៃគូរវារាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដោយមានការចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាល ក្រសួង  អភិបាលរាជធានី ខេត្ត អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា។

ក្នុងឳកាសបិទវេទិការនេះ ឯកឧត្តម ប៊ុន ហុន ក៏បានមានប្រសាសន៍លើកឡើងថា នេះជាឳកាសដ៏មានសារៈសំខាន់បំផុត ដែលបានសម្របសម្រួលឲ្យរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជួបពិភាក្សាគ្នាដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា និងបានផ្តល់ភាពស្និតស្នាលរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីលើកម្ពស់ការកែទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងចូលរួមក្នុងអភិវឌ្ឍសង្គមជាតិប្រកបដោយភាពរីកចម្រើន ស្របតាមជំហរកិច្ចសហការអព្យាក្រឹតភាព។

ឯកឧត្តមបានបន្តថា អង្គការសង្គមស៊ីវិល ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ហើយទន្ទឹមនេះ អង្គការ សមាគម ទាំងអស់ត្រូវតែគោរពតាមលក្ខន្តិកច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើសកម្មភាពរបស់ខ្លួន។

ឯកឧត្តមបានបន្ថែមទៀតថា តាងនាមឲ្យក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម នឹងនាំយកបញ្ហា និងសំណូមពរទាំងអស់ ជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីធ្វើសេចក្តីសម្រេច និងដោះស្រាយ ដែលអង្គការសង្គមស៊ីវិលទាំងអស់ បាលលើកឡើងក្នុងវេទិកានេះ ហើយឯកឧត្តម ក៏បានស្នើឲ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តសហការជាមួយរាជរដ្ឋាភិបាលឲ្យបានល្អបន្ថែមទៀត៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់