មហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អាណត្តិទី៣ ខេត្តបាត់ដំបង

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងលោក សំរឹទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តបាត់ដំបង លើកទី៣ នៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិ កាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា មហាសន្និបាតនេះបានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបង្កើតឱ្យមានអង្គការមួយដែលតំណាង និងការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ច តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍ទៀតថា មហាសន្និបាតនេះមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគម ដែលត្រូវមាន ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សា និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សមាគម ។

សូមជម្រាបជូនថា ក្រោយពីអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី៣ និងបោះឆ្នោតរើសក្រុមការងារដឹកនាំបន្តអាណត្តិទី៤ ដែលត្រូវអនុវត្តន៍ក្នុងអាណត្តិរបស់ខ្លួន   រយៈពេល ៥ឆ្នាំរួច នឹងមានកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ។

ប្រភពពីរដ្ឋបាលខេត្តបាត់ដំបង៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់