ការចំណាយសម្រាប់អនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ នៃ (ផ.អ.៣ទី៣) ត្រូវស្ថិតក្នុងបន្ទុករបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តនីមួយៗ

រាជធានីភ្នំពេញ៖ ដើម្បីបង្ហាញសេចក្តីព្រាងបឋមនៃ​លទ្ធផលរំពឹងទុក និងសកម្មភាពសម្រាប់ឆ្នាំ​២០១៨ និង​ណែនាំ​អំពីការរៀបចំសេចក្តី​ព្រាង​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ២០១៨ (ផ.ស.ថ) ឆ្នាំ​២០១៨ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំ​ ផ.ស.ថ ឆ្នាំ​២០១៨ របស់ខ្លួន ជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់រាជធានី ខេត្តពាក់ព័ន្ធ​ទាំងអស់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅ​សាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

ការរៀបចំផែនការសកម្មភាព​ និងថវិកាឆ្នាំ​២០១៨ ត្រូវបាន​ផ្អែកតាមសកម្មភាពជាអាទិភាព និងសូចនាករ​សំខាន់ៗដែលបានកំណត់ក្នុងផែនការអនុវត្ត៣ឆ្នាំ​ដំណាក់កាលទី៣នៃកម្មវិធីជាតិ (ផ.អ.៣ទី៣) ឆ្នាំ២០១៨-២០២០។ ផ.អ.៣ទី៣ បានកំណត់យកសមាសភាពចម្បងៗចំនួន០៥សម្រាប់អនុវត្តរួមមាន៖ (១)ការ​គ្រប់គ្រង​ការងារ​កំណែទម្រង់​ (២)អភិបាលកិច្ច​ល្អ (៣)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស (៤)ការផ្តល់​សេវា និង​ការអភិវឌ្ឍមូលដ្ឋាន និង (៥)វិមជ្ឈការហិរញ្ញវត្ថុ។

ក្នុង​ឆ្នាំ២០១៨ខាងមុខនេះ ការរៀបចំ ផ.ស.ថ របស់ គ.ជ.អ.ប តម្រូវឱ្យក្រសួង ស្ថាបន័ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់​រៀបចំ​ផែនការសកម្មភាព និងថវិការបស់ខ្លួនពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីដាក់​បញ្ចូល​ទៅក្នុង​ ផ.ស.ថ រួមរបស់​ គ.ជ.អ.ប​ ដោយនឹងត្រូវប្រើប្រាស់​ថវិការបស់សាមី​អង្គភាព​នីមួយៗ ជំនួសឱ្យ​ថវិកាដែលធ្លាប់​ផ្តល់​ឱ្យ​ដោយ​ គ.ជ.អ.ប (នេះបើយោងតាម​ប្រសាសន៍បើកកិច្ចប្រជុំ​របស់ ឯកឧត្តម ង៉ាន់ ចំរើន ​អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប )។

តាមរយៈបទបង្ហាញស្តីពី ជំហាន និង​ក្រម​ខ័ណ្ឌ​ពេលវេលា​សម្រាប់​ការរៀបចំ​ ផ.ស.ថ ឆ្នាំ២០១៨ របស់លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប បាន​ឱ្យដឹងថា ក្រសួង ស្ថាបន័​ និង​រាជធានី ខេត្ត​ត្រូវ​រៀបចំ​សេចក្តី​ព្រាង​លទ្ធផល​រំពឹងទុក និង​សកម្មភាព​ឆ្នាំ២០១៨ រួមទាំងថវិកាប៉ាន់ស្មាន​ រួច​ផ្ញើ​ជូន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប ដើម្បីពិនិត្យ ​និង​ផ្តល់​យោបល់​ឱ្យបានមុន​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០១៨​។ ស្របជាមួយគ្នានេះ លេខាធិការដ្ឋាន​ គ.ជ.អ.ប នឹងធ្វើការបូក​សរុប និង​រៀបចំ​សេចក្តី​ព្រាង​លើកទី១នៃ​លទ្ធផល​រំពឹងទុក​ របស់ផែនការ​សកម្មភាព និងថវិកា ​ឆ្នាំ​២០១៨ និង​ចាប់​ផ្តើម​រៀបចំ​សេចក្តី​ព្រាងឯកសារ​ ផ.ស.ថ ឆ្នាំ២០១៨ ក្នុង​ចន្លោះពីថ្ងៃទី១៦ ដល់​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ បើមិនមាន​ការកែប្រែណាមួយទេ សិក្ខាសាលាជាតិ​ស្តីពីការ​រៀបចំ​ ផ.ស.ថ ឆ្នាំ២០១៨ នឹងត្រូវ​ធ្វើឡើងនៅ​ថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ផ.ស.ថ ឆ្នាំ២០១៨ ត្រូវបានរំពឹងថានឹងត្រូវបានពិនិត្យ និងអនុម័តដោយ គ.ជ.អ.ប នៅ​ដើមខែកុម្ភៈ ឆ្នាំ​២០១៨៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់