សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់សមាគម និងអង្គការមិនមែន រដ្ឋាភិបាលទាំងអស់ អនុវត្តសកម្មភាពរបស់ខ្លួនប្រកបដោយភាពទទួលខុស ត្រូវតាមច្បាប់កំណត់

ក្រសួងមហាផ្ទៃ៖ ក្នុងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែ​សីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស​​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ត្រូវអនុវត្តសកម្មភាព​រប​ស់​ខ្លួ​នប្រកប​ដោយ​ភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមច្បាប់ដែលបានកំណត់ ដោយសម្តេច​ក្រឡាហោម​បាន​ដាក់​ចេញនូវចំនុចមួយចំនួនរួមមាន៖ ១.ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមបទ​ប្បញ្ញត្តិនៃ​ច្បាប់ស្តីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យភាព​ក្នុងការធ្វើ​សកម្មភាព​របស់ខ្លួន, ២.សមា​គម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងវិស័យ​មីក្រូហិ​រ​ញ្ញ​វ​ត្ថុ ត្រូ​វស្នើសុំចុះបញ្ជី និង​ស្នើ​សុំ​អាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងវិស័យនេះពីស្ថាប័នមានសមត្ថកិច្ច និងត្រូវអនុវត្តសិទ្ធិ និង​កាតព្វ​កិ​ច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន, ៣.ស្នើដល់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​​សង្គមស៊ីវិលបន្តផ្តល់​ការគាំទ្រ និងចូលរួមជាមួយ​រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការ​អភិវ​ឌ្ឍ​​សេដ្ឋកិច្ចជាតិ​ឲ្យកាន់​តែ​មានភាព​រីកច​ម្រើ​ន​ និង​រុង​រឿង ជាពិសេសចូលរួម​គាំទ្រ​ដល់ដំណើរការ​កំណែ​ទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ៤.សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញ​កាតព្វ​កិ​ច្ច​​តាមច្បាប់កំណត់ ដូចជាការផ្តល់របាយការណ៍ប្រចាំឆ្នាំ លេខ​គណនីនៅ​ធនាគារ។ល។, ៥.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវរាយការណ៍​ឱ្យបានច្បាស់លាស់​អំពី​ថវិកា​ និងហិរញ្ញវត្ថុដែលទទួលបានពីប្រភពនានា ដើម្បីធានាថាថវិកាទទួលបាន​ពី​ប្រភ​ពស្របច្បាប់ ត្រូវជៀស​វាងដាច់ខាតចំពោះការធ្វើសកម្មភាព​ដែលពាក់ព័ន្ធ​នឹង​ការ​លាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង​ហិរញ្ញប្រទានអាវុធមហាប្រល័យ។

សម្តេចក្រឡា​ហោម បានបន្ថែមថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស​ បានដើរ​តួនាទី​យ៉ាង​សំខា​ន់​ក្នុងការ​ផ្តល់ និងគាំទ្រ​ដល់​​សេវាសង្គមនៅតាមមូលដ្ឋានជនបទ និង​សហគមន៍​ដាច់​ស្រយ៉ា​ល និង​ធ្វើ​សកម្មភា​​ព​​​នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស​ក្នុងវិស័យសំខាន់ៗ​ដែលពាក់​ព័​ន្ធ​​នឹងសេដ្ឋកិច្ច សង្គម នៅក្នុង​ប្រទេកម្ពុជា​ និងបាន​ចូលរួម​ផង​ដែ​រ​ក្នុងការ​តស៊ូ​ម​តិ​ទាមទារ​ឲ្យ​មាន​កំណែ​​ទម្រង់​រដ្ឋ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុ​ស្ស ប្រព័ន្ធយុត្តិធម៌ ធនធាន​ធម្មជាតិ បរិស្ថាន និងសេ​វា​សង្គមផងដែរ។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មាន​ស​មា​គ​ម និង​អង្គកា​រ​​​មិន​មែ​ន​​​រដ្ឋា​ភិ​បាល​​​​​ក្នុងស្រុក​ដែលបាន​តម្កល់​សំណុំ​ឯកសារ និងចុះបញ្ជីចំនួនសរុប ៥.៤៨៣ ក្នុងនោះសមាគ​ម​​​ចំនួន ២.២០៣ និ​ង​អង្គការ​មិន​មែ​ន​រដ្ឋា​​ភិបាលចំនួន៣.២៨០ ។ ជាងនេះទៅទៀតក្រោយពីច្បាប់ស្តីពីសមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាលត្រូវបានប្រកាស​ឱ្យ​ប្រើ មានស​មា​គ​ម និងអង្គការ​មិន​មែ​ន​រដ្ឋា​ភិ​បាលក្នុងស្រុក​ បាន​សុំចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ស្រប​តា​ម​​ច្បាប់​ស្តីពី​សមាគម និង​អង្គការមិនមែនរដ្ឋាភិបាល ចំនួន​​សរុប៨៣៨ ក្នុងនោះ​​​សមាគម​ចំនួន៤០៦ និង​អង្គការ​មិន​មែ​ន​​រដ្ឋាភិបាល​ចំនួន៤៣២។ ស្របគ្នានោះដែរក៏មានសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះ​ចេញពី​បញ្ជី​នៅក្រសួងមហាផ្ទៃ តាមសំណើ​របស់​សាមី​សមាគម និង​អង្គការមិនមែនរដ្ឋាភិបាល៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់