សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និសីទជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀន បទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅអនាគត

រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទជាតិ ស្ដីពីកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ មេរៀន បទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅអនាគត។

សន្និសីទជាតិនេះ មានអ្នកចូលរួមប្រមាណជាង២.៧០០នាក់ ដែលជាសមាជិក សមាជិកា គ.ជ.អ.ប រដ្ឋមន្ត្រី ប្រធានស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ អគ្គនាយកតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធាន​ក្រុមប្រឹក្សា និង​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ប្រធាន​មន្ទីរជំនាញរាជធានី ខេត្ត ឯកអគ្គរាជ/រដ្ឋទូត ដៃគូអភិវឌ្ឍន៍ និង​​តំណាង​អង្គការសង្គមស៊ីវិលពាក់​ព័ន្ធនានា។

សូមជម្រាបថា សម្រាប់ពិធីបិទសន្និសីទនេះនឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា សន្និសីទជាតិនេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានានៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេច បានក្នុងរយៈពេលជិត២ទសវត្សកន្លងមក និងផ្ដល់ឱកាសឲ្យមានការជជែកពិភាក្សាលើមេរៀន បទពិសោធន៍ បញ្ហាប្រឈម និងទិសដៅរយៈពេលវែងទៅអនាគតនៃកំណែទម្រង់នេះ ព្រមទាំងពិភាក្សាលើផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល៕

ចុចទីនេះដើម្បីទាញយកសុន្ទរកថារបស់សម្ដេចក្រឡាហោម ស ខេង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់