គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំកិច្ចប្រជុំលើកទី១៧

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៧ របស់ គ.ជ.អ.ប នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសមាជិករបស់ គ.ជ.អ.ប  ប្រធានស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ ថ្នាក់ដឹកនាំ គ.ជ.អ.ប ក្រុមប្រឹក្សា និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស។

កិច្ចប្រជុំនេះនឹងផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន៖

១. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប។

២. របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព​ និងថវិកា ឆ្នាំ២០១៩ របស់ គ.ជ.អ.ប។

៣. ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

៤.  ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យ​សុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

៥.  ការពិនិត្យពិភាក្សា និងអនុម័តលើផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនា សម្ព័ន្ធរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរ​មុខងារ​ក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

នៅក្នុងកិច្ចប្រជុំនោះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ ក្នុងក្របខណ្ឌ​នៃ​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គ.ជ.អ.ប ផ្តោតជាសំខាន់ទៅ​លើកិច្ចការ​ស្នូលជាអាទិភាពចំនួន៣ គឺ៖ ទី១. ការបង្កើនមូលនិធិឃុំ សង្កាត់ ទី២. ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និង ទី៣. ការកែសម្រួលរចនាសម្ព័ន្ធគ្រប់​គ្រងរបស់រដ្ឋបាលថ្នាក់ក្រុង ស្រុក។ សម្តេចបន្តថា ពាក់​ព័ន្ធនឹង​ការបង្កើនមូលនិធិឃុំ សង្កាត់ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ចុះថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩ ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់​ចំណាយលើការ​​អភិវឌ្ឍមូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ។ ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់​នីមួយៗនឹងទទួល​បាន​ថវិកាសរុបជាមធ្យមចំនួនប្រមាណ១២២.០០០ដុល្លារអាមេរិក ដែលក្នុង​នោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមាន​ចំនួនជាមធ្យមប្រមាណជាង ៧០.០០០ ដុល្លារអាមេរិកក្នុងឆ្នាំ២០២០ (កើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩) ហើយថវិកានេះនឹងកើនឡើង​ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។ តាមការប៉ាន់ប្រមាណរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ​នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ ១៩៣.០០០ ដុល្លារអាមេរិក ដែលក្នុងនោះ​ថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង ១៣២.០០០ ដុល្លារអាមេរិក។ សម្តេចបាន​បន្ថែម​ទៀតថា ទោះបីយ៉ាងនេះក្តី កិច្ចការដែលយើង​ត្រូវបន្តផ្តោតយក​ចិត្តទុកដាក់ពាក់ព័ន្ធនឹងកា​រ​បង្កើនថវិកាឃុំ សង្កាត់នេះ គឺការពង្រឹងការ​គាំទ្រផ្នែក​បច្ចេក​ទេស និងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាឱ្យបានថា រដ្ឋបាលឃុំ សង្កាត់នីមួយៗអាចគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិការ​បស់​ខ្លួនស្របតាមគោល​ការណ៍ និងនីតិវិធីជាធរមានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព ឆ្លើយតបទៅ​នឹង​តម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ និងដោយ​មាន​ការចូលរួម​តាម​ដានត្រួតពិនិត្យពីប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ។

សម្តេចក្រឡាហោម បានលើកឡើងដែរថា ពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បើទោះបីជា គ.ជ.អ.ប. តាមរយៈលេខាធិការដ្ឋាន គ.ជ.អ.ប. បានខិត​ខំ​សម្របសម្រួល និង​ផ្តល់​ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងរយៈ​ពេល​ជា​​ច្រើនឆ្នាំកន្លងមកនេះដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជំរុញដល់ការផ្ទេរ​មុខងារ​សមស្របនានាទៅឱ្យរដ្ឋបាលថ្នាក់​ក្រោមជាតិក៏​ដោយ ក៏កិច្ចការនេះនៅតែ​មានភាព​យឺតយ៉ាវ និងសម្រេចបាននូវសមិទ្ធផលតិចតួចនៅឡើយ។ ប្រការនេះ បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែពុំទាន់មានតួនាទី សិទ្ធិ​អំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់​សេវាចាំបាច់ជាមូល​ដ្ឋាននានាជូន​ប្រជា​ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ​របស់រាជ​រដ្ឋាភិបាលនៅឡើយ។

សម្តេចបានគូសបញ្ជាក់បន្ថែមដែរថា ដើម្បីឱ្យការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោម​ជាតិកាន់​តែ​ទទួលមានប្រសិទ្ធភាព សេចក្តីព្រាងអនុក្រឹត្យទាំង៤ខាងលើ ពិតជាមានសារៈសំខាន់ណាស់។

នៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិការនៃ គ.ជ.អ.ប ពិនិត្យពិភាក្សា និងផ្តល់យោបល់ទាក់ទងនឹងសេចក្តីព្រាងអនុក្រឹត្យនីមួយៗ ហើយបានសម្រេចឯកភាពទៅលើសេចក្តីព្រាងអនុក្រឹត្យទាំងនោះ។

តាមផែនការដែលបានគ្រោងទុក អនុក្រឹត្យទាំង៤នេះនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២០នេះតទៅ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់