សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជា អធិបតីភាព​​​ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប ដោយមានការអញ្ជើញចូលរួមពីសមាជិក គ.ជ.អ.ប តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធមួយចំនួន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១១:៤៥ ថ្ងៃត្រង់ នៅសាលប្រជុំក្រសួងមហាផ្ទៃ (អគារ S)។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការកោះប្រជុំលើកទី១៦ មានគោលបំណង​ត្រួតពិនិត្យ​លើស្ថានភាពនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងឆមាសទី១នៃឆ្នាំ២០១៨ តាមរយៈការរៀបចំ និងការអនុវត្តផែនកាសកម្មភាព និងថវិកាឆ្នាំ ២០១៨ របស់ គ.ជ.អ.ប. ដែល គ.ជ.អ.ប បានពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំលើកទី១៥ កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។ ក្នុងនាម គ.ជ.អ.ប និងសម្តេចផ្ទាល់ សម្តេច​ក្រឡា​​​​ហោមបានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម លោកជំទាវសមាជិក សមាជិកា គ.ជ.អ.ប ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៦របស់ គ.ជ.អ.ប។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោមបានរម្លឹកអង្គប្រជុំថា ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប. គឺជាផែនការអនុវត្តឆ្នាំទី១នៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ​ថ្នាក់ក្រោម​ជាតិ។ ហើយ ដើម្បីធានាដល់ការ ពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ និងមាននិរន្តរភាពក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួលការងារកំណែ​ទម្រង់​​ដ៏​​​​មានសារៈសំខាន់នេះ គ.ជ.អ.ប បានឯកភាពគ្នាថា ចាប់ពីឆ្នាំ២០១៨នេះតទៅ ត្រូវដាក់បញ្ចូលផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប ទៅក្នុង​គម្រោង​ថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ។

ក្នុងន័យនេះ សម្តេចក្រឡាហោម​បាន​មាន​​ប្រសាសន៍បន្តថា ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវប្រើប្រាស់ថវិការបស់ខ្លួនសម្រាប់គាំទ្រដល់កិច្ច​ប្រតិបត្តិការ និងការអនុវត្តសកម្មភាពស្នូលនានានៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជំនួសឱ្យការប្រើប្រាស់ថវិកាដែលធ្លាប់បានទទួលពី “ថវិកាកញ្ចប់រួម” របស់គ.ជ.អ.ប.ដែលជាហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍន៍ បន្ទាប់ពីដៃគូអភិវឌ្ឍន៍មួយចំនួនបានបញ្ចប់ការគាំទ្ររបស់ខ្លួននៅចុងឆ្នាំ២០១៧។

ជាការកត់សម្គាល់ ក្នុងឆ្នាំ២០១៨នេះ ក៏ជាឆ្នាំចុងក្រោយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលជាឆ្នាំមានការមមារញឹកយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនចូលរួម​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត សម្រាប់នីតិកាលទី៦នៃរដ្ឋសភា។ ទោះយ៉ាងណា សម្តេចក្រឡាហោមបានមានប្រសាសន៍បញ្ជាក់ថា៖ “ការដឹកនាំ ការសម្រប​សម្រួល ការតាមដាន ត្រួតពិនិត្យលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ គឺជាតួនាទីស្នូលរបស់ គ.ជ.អ.ប. ដែលយើងត្រូវប្រកាន់ខ្ជាប់ និងត្រូវអនុវត្តឱ្យ​មានប្រសិទ្ធភាព”។

សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗដែលមានចែងក្នុងរបៀបវារៈដូចជា៖ ១). ការពិនិត្យ និងអនុម័តលើ​សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៥ របស់ គ.ជ.អ.ប ២). ការពិនិត្យ ពិភាក្សាលើស្ថានភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០១៨ របស់ គ.ជ.អ.ប សម្រាប់ឆមាសទីមួយ ៣). ការពិនិត្យពិភាក្សា និងអនុម័តសេចក្តីណែនាំស្តីពី ការរៀបចំយន្តការរបស់រដ្ឋបាលថ្នាក់ជាតិនីមួយៗសម្រាប់ដឹកនាំ​សម្របសម្រួល​និងគាំទ្រ​ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៤). ការពិនិត្យពិភាក្សាលើស្ថានភាពនៃការផ្ទេរមុខងារ និងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ៥). ការពិនិត្យពិភាក្សាអំពីវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈមនៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ៦). ការពិនិត្យពិភាក្សា​លើ​លទ្ធផល​នៃការសិក្សាអំពីលទ្ធភាពសម្រាប់ការដាក់ឱ្យដំណើរការនូវសាលាជាតិរដ្ឋបាលមូលដ្ឋាន និង៧). បញ្ហាផ្សេងៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់