សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យយដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត

រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យយដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គ.ជ.អ.ប តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល លេខាធិការដ្ឋាន គ.ជ.អ.ប ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្តទាំង២៥ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ១៤៩រូប។

នៅក្នុងពិធីនោះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការរៀបចំពិធីប្រកាសផ្សព្វផ្សាយនេះមានគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្ត រួមទាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

សម្តេចមានប្រសាសន៍បញ្ជាក់ថា នេះគឺជាការដាក់ឱ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្តនីមួយៗ។ ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្តនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ។ អ្វីដែលរដ្ឋបាលរាជធានី ខេត្ត ត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលលើការអនុវត្តមុខងារសុខាភិបាល គឺការបំពេញការងារទាំងនេះដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានាដែលកំណត់ដោយក្រសួងសុខាភិបាល។ ទន្ទឹមគ្នានេះ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្តសាមីនីមួយៗ ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ការធ្វើវិមជ្ឈការ គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ ធនធាន និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាម គ.ជ.អ.ប សម្តេចបានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពចម្រើនរុងរឿង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់