វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្នួល

ស្រុកស្នួល ខេត្តក្រចេះ  ១៩ មិថុនា ២០១៣: យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនប្រក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០០៩ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង…

ស្រុកស្នួល ខេត្តក្រចេះ  ១៩ មិថុនា ២០១៣: យោង

តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង

ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនប្រក ចុះថ្ងៃ

ទី១៤ ខែធ្នូ ឆ្នាំ ២០០៩ ស្តីពីតួនាទី ភារកិច្ច និងរបៀប

របបការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុម

ប្រឹក្សា គណៈអភិបាលក្រុង និងក្រុមប្រឹក្សា គណៈ

អភិបាលស្រុក មាត្រាទី១២១ បានចែងថា ក្នុងកំឡុងខែ

មិថុនានៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាស្រុកត្រូវរៀបចំវេទិកា

ផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ និងតាម

សង្កាត់នៅក្នុងស្រុករបស់ខ្លួន ។

ដោយមានការជួយគាំទ្របច្ចេកទេសពីមន្រ្តីសម្រប

សម្រួលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាស្រុក

ស្នួលនៃខេត្តក្រចេះ បានរៀបចំវេទិកាជាលើកដំបូង

បង្អស់នេះឡើងប្រកបដោយជោគជ័យ។

 

គោលបំណងសំខាន់នៃវេទិកាគឺដើម្បីផ្តល់ព័ត៌មានអំពី

តួនាទី ភារកិច្ច សិទ្ធិអំណាច សកម្មភាពរបស់ក្រុម

ប្រឹក្សាស្រុក និងសមិទ្ឋផលនានាសម្រចបានកន្លងមក

និងផ្តល់ឳកាសស្មើៗគ្នាដល់ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ

និងអ្នកពាក់ព័ន្ឋទាំងអស់លើកឡើងពីការព្រួយបារម្ម

តម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីសុំ

ការឆ្លើយតបពីក្រុមប្រឹក្សា។

 

គណៈអធិបតី ដែលបានអញ្ជើញចូលរួមនាឳកាសនេះ

មាន៖ លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុក លោក

ម៉ែន វណ្ណា អភិបាលស្រុកស្តីទី និងលោក វ៉ាន់ ឌឿន

មេឃុំស្នួល។

 

សមាសភាពដែលបានអញ្ជើញចូលរួម មានសមាជិក

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាល

ស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះសាលា

ស្រុក ប្រធានការិយាល័យជំនាញជុំវិញស្រុក ក្រុម

ប្រឹក្សាឃុំទាំង៥ អង្គការសង្គមស៊ីវិល តំណាងប្រជា

ពលរដ្ឋ វិស័យឯកជន សិស្ស និស្សិត ទីប្រឹក្សាខេត្ត

ទីប្រឹក្សាស្រុក និងមន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត

ស្រុក សរុបប្រមាណ៣០០នាក់ ក្នុងនោះស្រី ៧៥នាក់។

 

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ស៊ុំ ជួន ប្រធានក្រុម

ប្រឹក្សាស្រុកស្នួល បានមានប្រសាសន៍ស្វាគមន៍ និង

ថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះវត្តមានអ្នកចូលរួម

ទាំងអស់ និងបានណែនាំអំពីសមាជិកក្រុមប្រឹក្សា

និងគណៈអភិបាល ជូនវេទិកាផងដែរ។ លោកប្រធាន

ក្រុមប្រឹក្សា សំដែងនូវសេចក្តីសោមនស្សរីករាយបំផុត

ដោយបានបញ្ជាក់ថា នេះជាវេទិកាលើកទី១ ដែលក្រុម

ប្រឹក្សាស្រុក ជាតំណាងប្រជាពលរដ្ឋ មានឳកាសបាន

ជួបពិភាក្សា ពិគ្រោះយោប់ផ្ទាល់ជាមួយអ្នកពាក់ព័ន្ឋ

ចាប់តាំងពីការប្រកាសចូលកាន់តំណែងនាខែឧសភា

ឆ្នាំ២០០៩មក។

ជាមួយគ្នានេះដែរ លោកក៏មានក្តីសង្ឃឹមយ៉ាងមុតមាំ

ចំពោះដំណើរការ និងលទ្ឋផលរបស់វេទិកា។ ចុង

បញ្ចាប់លោក បានសំណូមពរដល់អ្នកចូលរួមទាំងអស់

បញ្ចេញយោបល់ឲ្យបានផុលផុស និងគ្រប់ៗគ្នា ដោយគ្មានការចាប់កំហុស និងការរើសអើងបក្សនយោបាយណាឡើយ។

របៀបវារៈ និងដំណើរការរបស់វេទិការួមមានដូចខាងក្រោម៖

  • ការបង្ហាញពីគោលបំណងនៃវេទិកា
  • ការបង្ហាញជូនអំពីតួនាទី ភារកិច្ច និងសិទ្ធអំណាចរបស់ក្រុមប្រឹក្សាជូនអង្គវេទិកាទាំងមូល ដោយលោកប្រធាន ក្រុមប្រឹក្សាស្រុក។
  • ការអានរបាយការណ៍ស្តីពីសមិទ្ធផល និងបញ្ហាប្រឈមរបស់ស្រុកឆ្នាំ២០១២ ២០១៣ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៣ ដោយលោកអភិបាលស្រុកស្តីទី។
  • ការបង្ហាញអំពីស្ថានភាពនៃការរៀបចំ និងអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល និងសកម្មភាពជាអាទិភាពរបស់ក្រុមប្រឹក្សានាឆ្នាំខាងមុខ ដោយតំណាងក្រុមការងារកសាងផែនការស្រុក។

បន្ទាប់ពីការបង្ហាញ និងអានរបាយការណ៍រួមមក ឈានដល់វេទិកាបញ្ចេញមតិ ការពិគ្រោះយោបល់ សំណួរ-ចម្លើយរវាង អ្នកចូលរួម និងក្រុមប្រឹក្សា និងគណៈអភិបាលស្រុក។ មុននឹងចាប់ផ្តើម លោក យឹម សំរិទ្ធ សមាជិកក្រុមប្រឹក្សា និងជាអ្នកសម្របសម្រួលការឆ្លើយឆ្លងយោបល់ បានអានបទបញ្ជាផ្ទៃក្នុងវេទិកាដែលមានខ្លឹមសារដូចតទៅ៖ 

  • អ្នកចូលរួមទាំងអស់ មានឱកាសចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ខ្លួន។
  • អ្នកចូលរួមចង់មានយោបល់ត្រូវលើកដៃ។
  • អ្នកចូលរួមដែលបានអនុញ្ញាតដោយអ្នកសម្របសម្រួលដើម្បីមានយោបល់ មានពេលវេលា៥ នាទី
  • អ្នកចូលរួមមុនពេលមានយោបល់ត្រូវណែនាំខ្លួន ត្រូវប្រាប់ឈ្មោះ តួនាទី ទីលំនៅ និងចំណុចដែលចង់លើកយកមកពិភាក្សា។
  • ប្រជាពលរដ្ឋទាំងបុរស និងស្រ្តីទទួលបានឱកាសស្មើគ្នាក្នុងការបញ្ចេញមតិ ហើយមតិយោបល់ទាំងនោះមិនត្រូវបានគេចំអក ឬបន្ទុចបង្អាក់ឡើយ ។
  • អ្នកចូលរួមនិយាយត្រឹមតែចំណុចពាក់ព័ន្ធនឹងរបៀបវារៈ មិនអនុញ្ញាតឲ្យនិយាយពាក់ព័ន្ធនឹងការងារនយោបាយ។
  • ហាមប្រើពាក្យមិនសមរម្យ សួរសំណួរមានលក្ខណៈជាការវាយប្រហារ ជេរប្រមាថចំពោះបុគ្គលឬ ដែលមានវត្តមាន ឬគ្មានវត្តមាន ។

បន្ទាប់មក អង្គវេទិកាបានផ្តល់ឪកាសដល់អ្នកចូលរួមលើកជាសំណួរ និងមតិយោបល់នានា សម្រាប់ធ្វើការពិភាក្សា និងដោះស្រាយ។ នៅក្នុងកំឡុងពេលនេះ មានប្រជាពលរដ្ឋទាំងពីរភេទ ចំនួន៥នាក់ បានចូលរួមលើកជាសំណួរ កង្វល់ សំណូមពរផ្សេងៗ និងឆ្លងឆ្លើយគ្នា ជាលក្ខណៈបើកចំហ ស្មើភាព ស្និទ្ឋស្នាល។ ចំណុចសំខាន់ៗ ដែលស្រង់បានពីក្នុងវេទិកាមាន ៧ដូចតទៅ៖

  1. សូមពន្យល់អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាល
  2. បញ្ហាអគ្គសនីៈ ដាច់ញឹកញាប់ គីឡូឡើងខ្លាំង តំលៃខុសគ្នាពី៦០០ ទៅ១៥០០រៀល
  3. បញ្ហាគ្រោះថ្នាក់ចរាចរណ៍
  4. សំណូមពរសុំធ្វើផ្លូវនៅឃុំស្នួលកើត និងផ្លូវទៅគីឡូ៩០
  5. បញ្ហាកន្លែងចាក់សំរាមនៅទីប្រជុំជនផ្សារស្នួល
  6. បញ្ហាសណ្តាប់ធ្នាប់ផ្សារស្នួល
  7. សំណើសុំកាប់មែកគគី និងដើមគគីចំនួន១១ដើមនៅតាមផ្លូវ ដែលអាចប៉ះពាល់ដល់អ្នកធ្វើដំណើរ

 

សំណួរ និងសំណូមពរដែលបានលើកឡើងខាងលើត្រូវបានបកស្រាយ និងឆ្លើយតបដោយវាគ្មិន និងមួយចំនួនទៀតដែលមិនអាចឆ្លើយតបបាន ត្រូវបានកត់ត្រាទុក ដើម្បីបន្តការពិភាក្សា សម្របសម្រួល និងប្រមូលព័ត៌មានពីស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ឋ និងសន្យាឆ្លើយតបមកអ្នកចូលរួមវិញនៅពេលក្រោយ តាមរយៈលិខិត ឬតាមការជួបផ្ទាល់ជាមួយរដ្ឋបាលស្រុករបស់ប្រជាពលរដ្ឋនៅសាលាស្រុក។ ទោះជាមិនទាន់បានផ្តល់ដំណោះស្រាយគ្រប់គ្រាន់ក្តី ក៏អ្នកចូលរួមទាំងអស់មានការសប្បាយរីករាយចំពោះការជួបជុំគ្នានេះ។

ជាចុងបញ្ចប់ លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុកបានមានប្រសាសន៍បូកសរុប និងបិទវេទិកា ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា និងទទួលយកសំណូមពរ និងចម្ងល់នានារបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបន្តទៀតបន្ទាប់ពីវេទិកា។ លោកបានបន្តថា រដ្ឋបាលស្រុក នឹងបន្តខិតខំប្រឹងប្រែង ឆ្លើយតប និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋជាជំហានៗ នៅក្នុងក្របខណ្ឌនៃតួនាទី និងសិទ្ឋិអំណាចរបស់ខ្លួន៕ រៀបចំដោយៈ លោក ថន គឹមឈន់ មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាក្រុង ស្រុក នៃខេត្តក្រចេះ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់