លេខាធិការដ្ឋាន គ.ជ.អ.ប និង UNDP រួមគ្នាធ្វើមូលដ្ឋាននីយកម្មនូវការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ២៥ មីនា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការគាំទ្រ និងសហការពី UNDPបានរួមគ្នាធ្វើមូលដ្ឋាននីយកម្មនូវការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្រោយឆ្នាំ២០១៥…

ភ្នំពេញ ២៥ មីនា ២០១៣៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការ

គាំទ្រ និងសហការពី UNDP បានរួមគ្នាធ្វើមូលដ្ឋាននីយកម្មនូវការឆ្លើយតប

នឹងការប្រែប្រួលអាកាសធាតុក្រោយឆ្នាំ២០១៥ ដើម្បីជាការឆ្លុះបញ្ចាំងឲ្យ

ឃើញថា តើកម្ពុជាអាចជួយដោះស្រាយបញ្ហាប្រឈមស្ដីពីការប្រែប្រួល

អាកាសធាតុតាមរយៈកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង

វិសហមជ្ឈការ ដោយរាប់បញ្ចូលទាំងការរៀបចំនូវក្របខ័ណ្ឌនៃការ

អភិវឌ្ឍប្រកបដោយសក្ដានុពលមួយចាប់ពីឆ្នាំ២០១៥ ទៅបានយ៉ាងដូចម្ដេច?

ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងថា ការប្រែប្រួលអាកាសធាតុលើសកលលោក គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា ហើយវាក៏ជាការគំរាមកំហែងដែលអាចធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពមួយចំនួនដែលយើងបានកសាងរួចហើយផងដែរ ប្រសិនបើកម្ពុជាពុំមានសមត្ថភាពបន្សុំាទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុនោះ។ ការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវតែរួមគ្នាប្រកាន់យកនៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ព្រមទាំងក្នុងកម្រិតគ្រួសារនីមួយៗផងដែរ។

ឯកឧត្តមបានថ្លែងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅក្នុងសិក្ខាសាលាស្ដីពីមូលដ្ឋាននីយកម្មនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពីស្ថាប័នជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងអ្នកជំនាញការនានា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយនានាស្ដីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្រិតមូលដ្ឋាន។

ជាការពិតណាស់ តួនាទីរបស់រដ្ឋបាលមូលដ្ឋានមានសារៈសំខាន់បំផុត ជាពិសេសគឺនៅក្នុងការកំណត់ពីភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុទាំងនោះនៅមូលដ្ឋាន ការជួយសហគមន៍មូលដ្ឋានក្នុងការបន្សុំានឹងបញ្ហាទាំងនោះ ព្រមទាំងធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការកែលម្អការផ្តល់សេវាកម្មនានាដើម្បីជួយកាត់បន្ថយនូវភាពងាយរងគ្រោះទាំងអស់នោះ។

ឯកឧត្តម ង៉ាន់ ចំរើន មានប្រសាសន៍ថា៖ «យើងទទួលស្គាល់ថា ការយល់ដឹង និងសមត្ថភាពបន្សុំារបស់សហគមន៍មូលដ្ឋានពិតជានៅមានកំហិតនៅឡើយ។ ជាមួយគ្នានេះដែរ ការលើកកម្ពស់ការយល់ដឹង និងសមត្ថភាពបន្សុំាដល់រដ្ឋបាលមូលដ្ឋាននិងសហគមន៍នានាគឺជាកិច្ចដំណើរការដែលទាមទារនូវពេលវេលាដ៏យូរអង្វែងមួយ។ យើងអាចកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែការកសាងសមត្ថភាពចាំបាច់ត្រូវការរយៈពេលជាច្រើនឆ្នាំ»។

ឯកឧត្តម ង៉ាន់ ចំរើន បន្តថា ការគាំទ្ររដ្ឋបាលមូលដ្ឋាននាពេលបច្ចុប្បន្ននេះក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុគួរតែផ្តោតទៅលើគោលបំណងបីសំខាន់ដូចខាងក្រោម៖
•    ទីមួយ៖ ផ្ដល់នូវផលប្រយោជន៍ដែលមានលក្ខណៈជាបន្ទាន់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្រុមជនដែលងាយរងគ្រោះ
•    ទីពីរ៖ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មផ្សេងៗ និង
•    ទីបី៖ លើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុរយៈពេលយូរអង្វែង។

យោងតាមលោក Napoleon Navarro នាយករងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលបានថ្លែងនៅក្នុងសិក្ខាសាលានេះ បានអោយដឹងថា ប្រទេសកម្ពុជារងនូវផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺក្រុមជនងាយរងគ្រោះ។ ឃុំចំនួនប្រមាណ៤៣% ទទួលនូវការប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ។ ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ដូចជា៖ ស្រ្តីជាមេផ្ទះ កុមារ និងជនជាតិដើមភាគតិច គឺជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ។ បាតុភូតដូចជា៖ ទឹកជំនន់ និងគ្រោះរាំងស្ងួតត្រូវបានគេចាត់ទុកជាកត្តាមួយដែលនាំអោយមានភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ដែលប្រជាជនកម្ពុជាចំនួនប្រមាណ៨០% ពឹងផ្អែកលើវិស័យនេះ។ ទឹកជំនន់ទន្លេមេគង្គនៅក្នុងឆ្នាំ២០១១ បានធ្វើអោយប៉ះពាល់ដល់ដីស្រែចំនួន ៤២៣.៤៤៩ ហិកតា ដែលក្នុងនោះចំនួន២៦៥.៨០៤ ហិកតាត្រូវបានបំផ្លាញ ដែលតំណាងអោយ១០,៧% នៃដំណាំសរុបត្រូវបានបំផ្លាញ។

លោក Napoleon Navarro បានថ្លែងថា ដើម្បីទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុនេះ ចាំបាច់ត្រូវពង្រឹងការសម្រួបសម្រួលស្ថាប័ន និងកាបែងចែកការបំពេញតួនាទី និងការទទួលខុសត្រូវ។ ការកៀរគរធនធានមនុស្ស និងហិរញ្ញវត្ថុក៏ជាបញ្ហាមួយដែរដែលចាំបាច់ត្រូវដោះស្រាយរួមគ្នា ព្រមទាំងផ្សព្វផ្សាយការយល់ដឹងអំពីការបម្រែបម្រួលអាកាសធាតុនេះផងដែរ។ រដ្ឋាភិបាលមូលដ្ឋានដើរតួរនាទីយ៉ាងសំខាន់ក្នុងការពន្យល់ណែនាំ និងអនុវត្តការឆ្លើយតបទៅនឹងការបម្រែបម្រួលនេះ។

លោក Napoleon Navarro មានប្រសាសន៍ថា ដំណោះស្រាយផ្អែកលើសហគមន៍មានសារៈសំខាន់ទាក់ទងនឹងដំណើរការសន្សុំានឹងការប្រែប្រួលអាកាសធាតុ ពីព្រោះពួកគេទទួលសារៈប្រយោជន៍ពីការយល់ដឹងអំពីស្ថានភាពនៅមូលដ្ឋាន ហើយពួកគេចាំបាច់ត្រូវតែចូលរួមនៅក្នុងដំណើរការនេះ។ វាមានសារៈសំខាន់ណាស់ក្នុងការបញ្ជ្រាបការយល់ដឹងទៅដល់ក្រុមជនងាយរងគ្រោះ ជាពិសេសជនក្រីក្រ កុមារ យុវជន ជនជាតិដើមភាគតិច និងស្រ្តី និងសមត្ថភាពក្នុងការរៀបចំផែនការ និងការធ្វើសេចក្តីសម្រេចទាក់ទងនឹងជីវភាពរស់នៅដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់