គ.ជ.អ.ប រៀបចំសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០

រាជធានីភ្នំពេញ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាជាតិនេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា នៅឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំទី២នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤​របស់​រាជរដ្ឋាភិបាលនៃនីតិកាលទី៦​នៃ​រដ្ឋសភា ជាឆ្នាំចុងក្រោយនៃផែនការអនុវត្តដំណាក់កាលទី៣​របស់​គ.ជ.អ.ប និងជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍការអភិវឌ្ឍតាម​បែបប្រជា​ធិ​ប​តេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ (២០១០-២០២០) ហើយក៏ជាឆ្នាំ​ដែល គ.ជ.អ.ប ត្រូវគិតគូរអំពីការរៀបចំ​កម្ម​វិធី​ជាតិសម្រាប់ការអនុវត្តដំណាក់កាលបន្ទាប់។ អាស្រ័យហេតុនេះ ការរៀបចំផែនការ​សកម្ម​ភាព​សម្រាប់​ឆ្នាំ​២០២០ របស់ គ.ជ.អ.ប ត្រូវបានគិតគូរប្រមូលផ្តុំនូវបញ្ហាជាអាទិភាពនានា​ដែលបាន​កំណត់​​​ក្នុង​កម្មវិធី​ជាតិ​១០ឆ្នាំ ហើយ​ដែលយើងមិនទាន់អាចសម្រេចបានក្នុងបណ្តាឆ្នាំកន្លងមក ជាមួយ​នឹង​បញ្ហា​ជា​អាទិភាព​នានាដែលគ្រោងសម្រេចឲ្យបាននាឆ្នាំចុងក្រោយ​នៃកម្មវិធីជាតិនេះ​ដោយផ្អែកលើ​មូល​ដ្ឋាន​​នៃ​កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍជាតិ​(២០១៩-​២០២៣) ព្រមទាំងផ្អែកលើមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តមបានបន្ថែមថា សេចក្តីព្រាងបឋមនៃផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០នេះ បាន​រៀប​ចំ​ឡើង ដោយ​ផ្អែក​ទៅ​លើ​គម្រោង​ថវិកា​​សរុប​ប្រមាណជាង ​​,៥ទ្រីលានរៀល ឬមាន​ចំនួន​ប្រមាណជិត ៩០០ លានដុល្លារអាមេរិក ដែលក្នុង​នោះថវិការដ្ឋ​ប្រមាណជិត ​​៩៥% និង​ថវិកាចូល​រួម​ចំណែក​ពីដៃ​គូ​អភិវឌ្ឍន៍​​ប្រមាណជាង ៥%។ ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួន​ប្រមាណ​ជាង ,៤ ទ្រី​លាន​រៀល ឬមានចំនួនប្រមាណជាង៨៥៥លានដុល្លារអាមេរិក។ បើ​ប្រៀប​ធៀបនឹងឆ្នាំ​២០១៩​ ថវិកា​របស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ​២០២០​​ខាង​មុខនេះ មាន​ចំនួន​កើន​ឡើង​ប្រមាណ​ជិត​ ១,១ទ្រីលាន​រៀល ឬ មានចំនួន​ប្រមាណជាង២៧៦លានដុល្លារអាមេរិក ដោយសារការបង្កើនអត្រា​ចូល​រួម​ពី​ថវិការដ្ឋ​ទៅក្នុង​មូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និង​ការបង្កើតឱ្យមាន​នូវ​ប្រភព​ចំណូល​ផ្សេងៗ​​ទៀត​សម្រា​ប់​រដ្ឋបាលថ្នាក់​ក្រោម​ជាតិ​។ ចំនួនថវិកានេះនៅ​ពុំទាន់​បាន​គិត​បញ្ចូល​​នូវ​ថវិកា​ដែលត្រូវ​ផ្ទេរ​សម្រា​ប់​អនុវត្ត​មុខងារនានា ​ដែលបានផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស​មុខងារដែលត្រូវបានផ្ទេរ​ទៅ​ឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌស្របនឹងការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់​គ្រង​ថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌតាម​គោលការណ៍​នៃរដ្ឋបាលឯកភាព និងមុខងារក្នុងវិស័យ​សុខា​ភិ​បាល​ដែលត្រូវបានផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាលរាជធានី​ ខេត្ត តាមរយៈអនុក្រឹត្យដែលបានដាក់ចេញនា​ពេល​ថ្មីៗ​នេះ​។

អង្គសិក្ខាសាលាជាតិនេះមានការអញ្ញើញចូលរួមពីសមាជិក គ.ជ.អ.ប ដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិល អភិបាល និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ៤៥០រូប។

អង្គសិក្ខាសាលាជាតិនេះនឹងត្រូវបិទនាល្ងាចថ្ងៃដដែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់