កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង ស្ដី​ពី​លទ្ធផល​នៃ​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់ អំពី​ដំណើរការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​នៅ​ឃុំ​ត្បែង ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ

កំពង់ធំ ១២ កញ្ញា ២០១៧៖ កិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលនៃការធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គមរបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានអ្នកចូលរួមពីសមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ អភិបាលក្រុងស្រុក និងអង្គការដៃគូពាក់ព័ន្ធនានា។

ឯកឧត្ដម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈប្រតិភូនៃគណៈកម្មាធិការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមរបស់ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម បានរាយការណ៍ដល់ក្រុមការងារអំពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលបានអនុវត្តគម្រោងក្នុងខេត្តកំពង់ធំ លើស្រុកចំនួន ៦ស្រុក ក្នុងចំណោមស្រុកទាំង៨ រួមមាន៖ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកសណ្ដាន់ ទៅលើឃុំចំនួន ៦៨ឃុំ មណ្ឌលសុខភាព ចំនួន ៤៤មណ្ឌល និងសាលាបឋមសិក្សា ចំនួន ៤៦។ ម្យ៉ាងវិញទៀត តាមការសង្កេតរបស់រដ្ឋបាលខេត្ត ឃើញថា ការផ្ដល់សេវាសាធារណៈនៅតាមរដ្ឋបាលក្រុងស្រុក មានភាពល្អប្រសើរជាងមុន។

ឯកឧត្ដម ងី ច័ន្ទ្រផល មានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍតាមលទ្ធិតាមបែបប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានប្រាំបីចំណុច៖ ១). ភាពជាតំណាងសាធារណៈ ២). ស្វ័យភាពរបស់មូលដ្ឋាន ៣). ការពិគ្រោះយោបល់ក្នុងការចូលរួម ៤). ការឆ្លើយតបក្នុងគណនេយ្យភាព ៥). ការលើកកម្ពស់គុណភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៦). ការលើកស្ទួយសមធម៌ ៧). តម្លាភាព និងសុចរិតភាព និង ៨). វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច។ លក្ខណៈទាំងអស់នេះ បានឆ្លុះបញ្ចាំងតាមរយៈការទទួលបាន និងផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍ ភូមិ-ឃុំរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចា ធ្វើឲ្យមានភាពប្រសើរឡើង។ ឯកឧត្ដមបន្ថែមទៀតថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់សេវាសាធារណៈជូនអ្នកប្រើប្រាស់ឲ្យមានភាពប្រសើរឡើង លើសពីនេះទៅទៀត អាចកាត់បន្ថយនូវអំពើពុករលួយ តាមរយៈការបិទនូវតារាងតម្លៃសេវាផ្សេងៗជាដើម។

ឯកឧត្ដម ងី ច័ន្រ្ទផល បានផ្ដាំផ្ញើអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សូមបង្កើនកិច្ចសហការនេះបន្តទៀត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់សេវាទាំងបី (នៅឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) ជូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់