កិច្ចប្រជុំ​ស្តីពី​ការបិទ​សេចក្តីសម្រេច​រួម​ឆ្នាំ​២០១៧ និង​ការរៀបចំ​សេចក្តីសម្រេច​រួម​ឆ្នាំ​២០១៨​ជាមួយ​រាជធានី ខេត្ត​ទាំង​២៥

រាជធានី ភ្នំពេញ ៖ មន្ត្រីបច្ចេកទេសក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជធានី ខេត្តទាំង២៥បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការបិទ សេចក្តីសម្រេចរួមឆ្នាំ២០១៧ និងការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៨ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ ក្នុងសាលប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមការដឹកនាំរបស់អង្គភាព គាំទ្រ និងគ្រប់គ្រងកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានមន្ត្រីពាក់ព័ន្ធប្រមាណ៦០នាក់ចូលរួម។

កិច្ចប្រជុំនេះមានគោលបំណងធានានូវការបិទសេចក្តីសម្រេចរួមឆ្នាំ២០១៧ និងការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៨ ឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

សេចក្តីសម្រេចរួមឆ្នាំ២០១៨ រវាង គ.ជ.អ.ប ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាដៃគូអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោម ជាតិគ្រោងនឹងត្រូវចុះហត្ថលេខានៅត្រឹមដំណាច់ ខែមីនានេះ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ គ.ជ.អ.ប តែងតែចុះកិច្ចព្រមព្រៀងលើសេចក្តីសម្រេចរួមជាមួយក្រសួង ស្ថាប័នចំនួន២១ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន២៥ ដែលជាដៃគូអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅដើមឆ្នាំនីមួយៗ ដើម្បីឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិអាចចាប់ផ្តើមអនុវត្ត ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់