ខណ្ឌ៧មករា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ(រស្មីកម្ពុជា)

ភ្នំពេញ ២២ តុលា ២០១៤៖ ប្រធានក្រុមប្រឹក្សា និងអភិបាលខណ្ឌ៧មករា បានដាក់បញ្ជាឲ្យ សមត្ថកិច្ចពាក់ព័ន្ធរបស់ខណ្ឌធ្វើការបោសសម្អាត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះល្បែងស៊ីសង បញ្ហាសណ្តាប់ធ្នាប់

 

ភ្នំពេញ ២២ តុលា ២០១៤៖ ប្រធានក្រុមប្រឹក្សា និងអភិបាលខណ្ឌ៧មករា បានដាក់បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធរបស់ខណ្ឌធ្វើការបោសសម្អាត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះល្បែងស៊ីសង បញ្ហាសណ្តាប់ធ្នាប់ និងជនអនាធិបតេយ្យដែលកំពុងបង្កបញ្ហានៅតាមសង្កាត់មូលដ្ឋានមួយចំនួន បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។

ប្រជាពលរដ្ឋ ដែលចូលរួមក្នុងវេទិកានេះបានលើកឡើងថា នៅសង្កាត់វាលវង់ និងនៅតាមតំបន់ជុំវិញវត្តព្រះពុទ្ធមានបុណ្យ ព្រមទាំងនៅប្លុកបុរីកីឡា ក្នុងក្រុមទី១២ មានបើកល្បែងកន្ទុយលេខប្រមាណជាង១០កន្លែង ប៉ុន្តែមិនមានសមត្ថកិច្ច ណាបង្ក្រាបឡើយ ហើយថែមទាំងមានសមត្ថកិច្ចដែលមានឯកសណ្ឋានជាប៉ូលីស និងកងរាជអាវុធហត្ថទៅយកលុយពីម្ចាស់ទីតាំងល្បែងនោះជារៀងរាល់ថ្ងៃ។

ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ប្រជាពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវនេរុហ៍ ត្រង់ចំណុចភ្លើងស្តុបមុខផ្សារដេប៉ូក្នុង សង្កាត់វាលវង់ និងនៅផ្លូវលេខ១១១ ក្បែរផ្សារអូរឬស្សី ក្នុងសង្កាត់អូរឬស្សីទីមួយ ត្រូវបានគេយកធ្វើជាចំណតរថយន្តតាក់ស៊ីធ្វើអោយប្រជាពលរដ្ឋ រកផ្លូវដើរចូលផ្ទះស្ទើមិនរួចហើយ នៅពេលប្រជាពលរដ្ឋរាយការណ៍ និងសុំអន្តរាគមន៍ អជ្ញាធរមូលដ្ឋានបែរជាឆ្លើយដាក់គ្នាទៅវិញទៅមក។

ចំណែកព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ដែលនិមន្តចូលរួមក្នុងវេទិកានេះដែរ បានសំណូមពរដល់អាជ្ញាធរខណ្ឌចាត់វិធានការចំពោះជន អានាធិបតេយ្យ និងជនអនាថា ដែលតែងចូលរួមអុកឡុក ក្នុងទីអារាម និងជុំវិញរបងវត្ត យកធ្វើជាកន្លែងស្នាក់អាស្រ័យព្រមទាំងនាំគ្នាប្រមូលផ្តុំជក់គ្រឿងញៀនទៀតផង បើទោះជាមានការហាមឃាត់ ឬបណ្តេញចេញក៏ក្រុមទាំងនោះមិនញញើតដែរ។

ប្រធានក្រុមប្រឹក្សាខណ្ឌលោក សោម សុវណ្ណ និងអភិបាលខណ្ឌលោក លឹម សុភា ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការជាបន្ទាន់ នូវរាល់បញ្ហា និងកង្វល់ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន ពិសេសត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល។
ដកស្រង់ចេញពីកាសែតរស្មីកម្ពុជា ឆ្នាំទី២២ លេខ៦៥៥១ ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់