រាជធានីភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងសិក្សារួមគ្នាលើការពិនិត្យមើលឡើងវិញអំពី ការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុង ស្រុក បានរៀបចំកិច្ចប្រជុំរួមគ្នាស្ដីពី ការពិនិត្យ មើលលទ្ធផលនៃការចុះពិនិត្យមើលឡើងវិញអំពី ការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុង ស្រុក នៅសាលប្រជុំអគាររដ្ឋបាលក្រុង ស្រុក (អគារ D) នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។
ក្រុមការងារអន្តរក្រសួងដែលបានចូលរួមមានសមាសភាពចំនួន ១៨រូប ក្នុងនោះ រួមមាន លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន លោកអនុប្រធានអង្គភាព លោកប្រធានការិយាល័យ ទីប្រឹក្សាគម្រោង និងមន្ត្រីជំនាញមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប និងអង្គភាពជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សារួមគ្នាលើការប្រើប្រាស់ធនធានអភិវឌ្ឍន៍របស់រដ្ឋបាលក្រុង ស្រុកគោលដៅដែលបានប្រើប្រាស់ធនធានដែលមានសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ក្នុងនោះ រួមមាន គម្រោងអភិវឌ្ឍន៍មូលដ្ឋាន គម្រោងការងាររដ្ឋបាលក្រុង ស្រុក ការចំណាយលើបន្ទុកបុគ្គលិក និងការចំណាយប្រតិបត្តិការរដ្ឋបាល ជាដើម។
បន្ថែមលើសពីនេះ ក្រុមការងារក៏បានធ្វើការសិក្សាពិនិត្យមើលរួមគ្នាលើការយល់ដឹងរបស់មន្ត្រីសាលាក្រុង សាលាស្រុកលើនីតិវិធីនៃការកសាងផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុដែលមានឥទ្ធិពលដល់ការសម្រេចចិត្តលើការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានផងដែរ ដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលឡើងថែមទៀត។
ក្រោយពីពិនិត្យសិក្សាលើលទ្ធផលស្រាវជ្រាវរួច ក្រុមការងារអន្តរក្រសួងបានកំណត់កត្តាបញ្ហា និងនីតិវិធីដោះស្រាយនានា ក្នុងនោះ រួមមាន ការកសាងផែនការ ការរៀបចំថវិកា ការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម ការទូទាត់ និងការណែនាំផ្សេងៗ ដើម្បីធ្វើរបាយការណ៍សង្ខេបស្ដីពី ការសិក្សាលើការប្រើប្រាស់ធនធាននៃសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលដ្ឋានក្រុង ស្រុក ដាក់ជូនលេខាធិការដ្ឋាន គ.ជ.អ.ប ពិនិត្យសម្រេច និងដោះស្រាយ នាពេលខាងមុខ។
សូមបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប បានសម្រេចបង្កើតក្រុមការងារសិក្សារួមគ្នាក្នុងការពិនិត្យមើលឡើងវិញអំពី ការប្រើប្រាស់ធនធានសមាសភាគ អភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុង ស្រុក តាមរយៈសេចក្ដីសម្រេចលេខ ០៧៥ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ក្រុមការងារអន្តរក្រសួងបង្កើតឡើងក្នុងគោលបំណងសិក្សារួមគ្នាក្នុងពិនិត្យមើលឡើងវិញអំពី ការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋានរបស់មូលនិធិក្រុង ស្រុក។ សូមបញ្ជាក់ផងដែរ មូលនិធិក្រុង ស្រុក ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៣៦អនក្រ.បក ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិក្រុង ស្រុក៕