កំពង់ស្ពឺ ១៩ កុម្ភៈ ២០១៤៖ មានស្រ្តីចំនួន៨០% ដែលរស់នៅខេត្តកំពង់ស្ពឺ បានជ្រើសរើសយកឆ្មបជំនាញក្នុងការសម្រាលកូន…
កំពង់ស្ពឺ ១៩ កុម្ភៈ ២០១៤៖ មានស្រ្តីចំនួន៨០% ដែលរស់នៅខេត្តកំពង់ស្ពឺ បានជ្រើសរើសយកឆ្មបជំនាញក្នុងការសម្រាលកូន។
លោក អោ វ៉ាន់ថេន ប្រធានមន្ទីរ សុខាភិបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីឆ្នាំមុនៗស្រ្តីមួយចំនួនធំនៅជនបទដាច់ស្រយាល បានជ្រើសរើសការសម្រាលកូននៅតាមផ្ទះជាមួយឆ្មបបុរាណដោយការប្រថុយប្រថាន ដូច្នេះយើងបានននិងកំពុងជំរុញស្ត្រីឲ្យ ជ្រើសរើសយកការសម្រាលដោយឆ្មបជំនាញដើម្បីរក្សាសុវត្ថិភាពទាំងម្តាយ និងទារក។ លោកបន្ថែមថា បច្ចុប្បន្នស្ត្រីទៅសម្រាលកូន ដោយឆ្មបមជំនាញ នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងគ្លីនិកឯកជនបានជាង ៨០ ភាគរយ។
លោក អោ វ៉ាន់ថន បានបន្តថាឆ្មបបុរាណត្រូវបានលើកទឹកចិត្តឲ្យក្លាយជាអ្នកស្ម័គ្រចិត្តតាមភូមិ ក្នុងការជំរុញឲ្យស្ត្រីទៅសម្រាលកូន នៅតាមណ្ឌលសុខភាព ដោយព្យាយាមពន្យល់ពីហានិភ័យដល់ម្តាយ និងកូន ចំពោះការសម្រាលកូនជាមួយឆ្មបបុរាណ។ នេះគឺជា វិធីសាស្រ្តមួយក្នុងការកាត់បន្ថយអត្រាស្លាប់មាតា និងទារក ហើយ និងក្នុងការពង្រឹងសមត្ថភាពឆ្មបជំនាញបន្ថែមទៀត។
អ្នកស្រី ស មុំ មានស្រុកកំណើតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាស្រ្តីដែលបានទទួលការសម្រាលកូនក្នុងមណ្ឌល សុខភាពបានលើកឡើងថា គាត់ជ្រើសរើសការផ្តល់កំណើតកូនតាមឆ្មបជំនាញ ព្រោះមានសុវត្ថិភាពដល់រូបគាត់ និងកូន។ អ្នកស្រីបាននិយាយទៀតថា ឆ្មបជំនាញមានជំនាញវិជ្ជាជីវៈច្បាស់លាស់ក្នុងការសម្រាលកូនដោយសុវត្ថិភាព។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គម្រោងលើកកម្ពស់សុខភាពមាតា និងទារកដំណើរការតាមរយៈការពង្រឹង សមត្ថភាពឆ្មបក្នុងឆ្នាំ ២០១០-២០១៥ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនក្នុងការពង្រឹងអប់រំឆ្មបនៅតាមបណ្តាខេត្តនានា ពីជំនាញ វិជ្ជាជីវៈ ដែលគម្រោងពង្រឹងសមត្ថភាពឆ្មបនេះ ជាវិធីសាស្រ្តមានប្រសិទ្ធភាព ដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារក នៅកម្ពុជា និងសម្រេចតាមគោលដៅសហស្សវត្សរ៍ ។
លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានបង្ហាញថានៅក្នុងឆ្នាំ ២០១៣ មានស្ត្រីចំនួន ៦,៨១០ នាក់បានសម្រាលកូនតាមធម្មជាតិ និងមានស្រ្តីចំនួន ២,១០៣ នាក់បានសម្រាលកូនតាមរយៈការវះកាត់៕ដោយ លឹម សាន្ត