​រលក​កម្តៅ​៥០​អង្សា​សេ​នៅ​ប្រទេស​ឥណ្ឌា បានសម្លាប់​មនុស្ស​ជាង​៥០០​នាក់ ពីរ​រដ្ឋ​

ក្រុងហ៊ីឌើរ៉ាបាដៈ  ក្រុមមន្ត្រីបាននិយាយពីថ្ងៃចន្ទថា មនុស្សជាង ៥០០ នាក់ បានស្លាប់នៅក្នុងរដ្ឋឥណ្ឌាពីរដោយសាររលកកម្តៅខ្ពស់ដូចគេដុត ៥០ អង្សាសេ ពេញ មួយថ្ងៃៗ។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ឧសភា។

 

ក្រុងហ៊ីឌើរ៉ាបាដៈ  ក្រុមមន្ត្រីបាននិយាយពីថ្ងៃចន្ទថា មនុស្សជាង ៥០០ នាក់ បានស្លាប់នៅក្នុងរដ្ឋឥណ្ឌាពីរដោយសាររលកកម្តៅខ្ពស់ដូចគេដុត ៥០ អង្សាសេ ពេញ មួយថ្ងៃៗ។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះផ្សាយនៅថ្ងៃទី២៦ ឧសភា។

ក្រុមមន្ត្រី បានព្រមានថា ចំនួន អ្នកស្លាប់ស្ទើរតែប្រាកដថា នឹង កើនឡើងខណៈតួលេខនៅតែកំពុងត្រូវគេប្រមូលនៅក្នុងតំបន់ខ្លះនៃរដ្ឋ Telangana ដែលរងគ្រោះ ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេស ហើយលក្ខខណ្ឌអាកាសធាតុនោះ ពុំមានបង្ហាញនូវសញ្ញាធូរស្រាលនោះទេ។

តំបន់ធំៗរបស់ឥណ្ឌា ក្នុងនោះ មានទាំងរដ្ឋធានី ញូវដែលី បាន អត់ទ្រាំនឹងកម្តៅក្តៅដូចគេដុតជា ច្រើនថ្ងៃហើយ ដោយបង្កឲ្យមាន ការភ័យខ្លាចនៃការដាច់ភ្លើង។ ប៉ុន្តែសីតុណ្ហភាពខ្ពស់បំផុតនេះ ត្រូវបានគេកត់ត្រានៅក្នុងរដ្ឋ Telangana និងរដ្ឋ Andhra Pradesh ក្បែរខាង។

អាជ្ញាធររដ្ឋ Andhra Pradesh authorities កំពុងជំរុញក្រុមកម្មករ និងមនុស្សជាច្រើនទៀត មិនឲ្យធ្វើការយូរក្រោមកម្ដៅថ្ងៃទេ បន្ទាប់ពីមនុស្ស ២៤៦ នាក់ បានស្លាប់ពីសីតុណ្ហភាពខ្ពស់នៅទី នោះក្នុងសប្តាហ៍មុន។

ស្នងការពិសេសនៃនាយកដ្ឋានគ្រប់គ្រងមហន្តរាយរដ្ឋ Andhra Pradesh លោក P. Tulsi Rani បានប្រាប់ AFP ថា៖ «ភាគច្រើននៃជនរងគ្រោះ គឺប្រជាជនដែលប៉ះពាល់ដោយផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ»។

លោក Rani បាននិយាយថា ថ្វីបើការស្លាប់ បានចាប់ផ្តើមកើតឡើងពីថ្ងៃចន្ទ សប្តាហ៍មុនក្តីក៏ចំនួននៃករណីទាំងនោះ បាន កើនឡើងឆ្ពោះទៅកាន់ដំណាច់សប្តាហ៍នេះ បន្ទាប់ពីកម្ដៅដូចគេដុតជាច្រើនថ្ងៃ។

លោកបានថ្លែងថា៖ «យើងកំពុងស្នើឲ្យពួកគេមានការប្រុងប្រយ័ត្នដូចជាការប្រើឆត្រ ការប្រើមួក ហូបវត្ថុរាវឲ្យបានច្រើនដូចជាទឹក និងទឹកដោះគោ និងស្លៀកពាក់ក្រណាត់កូតុង»។

មន្ត្រីនាយកដ្ឋានគ្រប់គ្រងមហន្តរាយរដ្ឋ លោក D. Vani បានប្រាប់ AFP ថា មនុស្ស ១៨៨ នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋ Telangana ភាគច្រើនបំផុតចាប់តាំងពីកណ្តាលសប្តាហ៍មុន ថ្វីបើចំនួន នៅតែកំពុងត្រូវបញ្ជាក់ និងទំនងជាកើនឡើងខ្ពស់ក្តី។

មនុស្សរាប់រយនាក់ ភាគច្រើន មកពីតំបន់ក្រីក្រ តែងតែស្លាប់នៅ ក្នុងរដូវក្តៅជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ខណៈមនុស្សរាប់ម៉ឺននាក់ជួបនូវការដាច់ភ្លើងពីការប្រើអគ្គិសនីហួសបន្ទុក។

លេខាផ្នែកចំណូលនៃរដ្ឋTelangana អ្នកស្រី B. R. Meena បាន និយាយថា៖ «រលកកម្ដៅដែលយើងកំពុងឃើញពេលនេះ គឺខ្ពស់ជាងធម្មតា។ សីតុណ្ហភាពនៅទី នេះ គឺខ្ពស់ស្ទើរតែ ៤៨ និង ៤៩ អង្សាសេ»។

ពាក់ព័ន្ធនឹងស្ថានភាពនៃការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាវិញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) ថា លទ្ធផលនៃការសិក្សាថ្មីៗនៅក្នុងរបាយការណ៍ជាតិលើកទី២ ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានសន្និដ្ឋានថា សីតុណ្ហភាព និងរបបទឹកភ្លៀងនៅកម្ពុជាបានចាប់ផ្តើមប្រែប្រួលចាប់ពីពាក់កណ្តាលទី២នៃសតវត្សទី២០។ ការប៉ាន់ប្រមាណសម្រាប់រយៈពេល៨០ឆ្នាំខាងមុខ បានបង្ហាញថា សីតុណ្ហភាពនឹងបន្តកើនឡើង ជាមួយនឹងការថយចុះនៃរបបទឹកភ្លៀងនៅរដូវប្រាំង និងការពន្យារពេលនៃការចាប់ផ្តើមធ្លាក់ភ្លៀងនៅរដូវវស្សា ហើយជាមួយគ្នានោះ កម្ពស់ទឹកភ្លៀងនៅរដូវវស្សាអាចកើនឡើងច្រើនជាងមុន។ ការប្រែប្រួលទាំងនេះអាចកើតឡើងក្នុងកម្រិតខុសៗគ្នា អាស្រ័យលើសេណារីយ៉ូនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់លើពិភពលោក។

ឯកឧត្តម សាយ សំអាល់ លើកឡើងថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ពិតប្រាកដមួយសម្រាប់ប្រទេសកម្ពុជា ដូចដែលយើងទាំងអស់គ្នាបានសង្កេតឃើញជាក់ស្តែង តាមរយៈព្រឹត្តិការណ៍ធាតុអាកាសមិនប្រក្រតី ដែលកើតមានញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ល។ ដែលបង្កឲ្យមានការខូចខាតជារូបវន្ត ខាតបង់ថវិកា ប៉ះពាល់លើសេដ្ឋកិច្ច-សង្គម និងជីវភាពប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) ជាវិធានការត្រូវអនុវត្តបន្ត ក្នុងការឆ្លើយតបខាងគោលនយោបាយជាតិ ដោយផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងតម្រង់ទិសអន្តរកាល ឈានទៅរកការអភិវឌ្ឍដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ។ ផែនការយុទ្ធសាស្ត្រនេះ គាំទ្រដល់ការត្រៀមលក្ខណៈរបស់ជាតិ ក្នុងការឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ហើយពង្រឹងជាបន្ថែមលើឱកាសនានា ដែលលេចឡើងថ្មី ដូចជាការអភិវឌ្ឍបៃតង ការកៀរគរមូលនិធិអាកាសធាតុពីប្រភពទ្វេភាគី និងពហុភាគី និងពង្រឹងការចូលរួមឲ្យមានប្រសិទ្ធភាពនៅក្នុងការពិភាក្សា និងការចរចាជាអន្តរជាតិអំពីការប្រែប្រួលអាកាសធាតុទាំងនៅថ្នាក់តំបន់ និងកម្រិតអន្តរជាតិ។

ផែនការយុទ្ធសាស្រ្តនេះ នឹងជួយពង្រឹងសមត្ថភាព ក្នុងការដោះស្រាយផលប៉ះពាល់អាកាសធាតុមកលើដំំណើរការអភិវឌ្ឍន៍ជាតិ តាមរយៈការសម្របសម្រួលកិច្ចប្រឹងប្រែងនានា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន និងប្រព័ន្ធធម្មជាតិ ដែលទ្រទ្រង់ដល់ការចិញ្ចឹមជីវិត ហើយជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពជាតិ។ ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងពង្រឹងសមត្ថភាពជាតិ បង្កើនការយល់ដឹង និងគាំទ្រការធ្វើសេចក្តីសម្រេចដោយផ្អែកលើចំណេះដឹង ដែលទទួលបានពីការអនុវត្តសកម្មភាពនានា ដែលជាវិភាគទានដ៏សំខាន់សម្រាប់ដោះស្រាយប្រកបដោយនិរន្តរភាព។ ការកសាងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន នឹងបង្កើតជាវេទិកាសម្រាប់ចូលរួមយ៉ាងសកម្ម និងការកៀរគរធនធានសម្រាប់អនុវត្តយុទ្ធសាស្រ្តនេះ។

នៅក្នុងប្រទេសកម្ពុជា សីតុណ្ហភាពហាក់ដូចជាមានសណ្ឋានភាពប្រហាក់ប្រហែលគ្នាទូទាំងប្រទេស គឺប្រមាណ២៨អង្សាសេ ដោយមានអតិបរមា និងអប្បបរមា៣៤អង្សាសេ និង២១អង្សាសេរៀងគ្នា (២០០៤)។ នេះបើយោងតាមផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុសម្រាប់វិស័យធនធានទឹក (២០១៣-២០១៧) នៃក្រសួងធនធានទឹក និងឧតុនិយម។ សីតុណ្ហភាពដែលទាបបំផុតគឺ១០អង្សាសេនៅក្នុងខែមករា។ រីឯសីតុណ្ហភាពក្តៅបំផុតគឺអាចឡើងដល់៣៨អង្សាសេនៅក្នុងខែមេសា មុននឹងមានភ្លៀងមក៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់